ថ្ងៃព្រហស្បតិ៍ ទី០២ ខែតុលា ឆ្នាំ២០២៥

រដ្ឋបាលខេត្តសៀមរាប ទទួលអំណោយពីលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី សម្រាប់ជួយជនភៀសសឹក

៣០ កញ្ញា ២០២៥ | ព័ត៌មានជាតិ

 


មុងចំនួន ៦០ការ៉ុង ស្មើ ៣ពាន់មុង ទឹកស៊ីអ៊ីវ ៥០កេស និងទឹកត្រី ៧៥យូរ ដែលជាអំណោយដ៏ថ្លៃថ្លា របស់លោកជំទាវទី១ បណ្ឌិតពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមន៍កាយឬទ្ធិនារីកម្ពុជា បានផ្តល់ជូនដល់រដ្ឋបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២៥ ដើមី្បយកទៅធ្វើការចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ភៀសសឹកដោយសង្គ្រាមឈានពានរបស់កងទ័ពថៃ នៅតាមមណ្ឌលភៀសសឹកក្នុងភូមិសាស្ត្រខេត្តសៀមរាបក្រោមវត្តមានរបស់លោក ស៊ុន ចំណាន នាយករងរដ្ឋបាលសាលាខេត្តសៀមរាប ។

 

 


តាមការបញ្ជាក់របស់លោក ស៊ុន ចំណាន ឱ្យដឹងថាក្រោមការយកចិត្តទុកដាក់ខ្ពស់ របស់ប្រមុខរាជរដ្ឋាភិបាល និងលោកជំទាវទី១ ពីទុក្ខលំបាករបស់ប្រជាពលរដ្ឋរងគ្រោះដោយសង្គ្រាម ហើយអំណោយទាំងនេះត្រូវបានអាជ្ញាធរ ខេត្ត ធ្វើការបែងចែក ជូនដល់បងប្អូន នៅតាមមណ្ឌលសុវត្ថិភាពតាមក្រុង ស្រុក ដែលពួកគាត់កំពុងស្នាក់នៅ  ។

 

 

 ម៉្យាងទៀតដោយសភាពការណ៍នៅតាមព្រំដែន មិនធានាសុវត្ថិភាព ដោយមានការរំលោភបំពានរបស់ពួកទាហានថៃ ក្រោយការឈប់បាញ់ ធ្វើឲ្យ បងប្អូនបន្តរស់នៅក្នុងមណ្ឌល ដែលធ្វើឲ្យខាតពេលវេលារបស់បងប្អូនក្នុងការប្រកបរបរចិញ្ចឹមក្រុមគ្រួសារ ។ លោកបន្ត ទៀតថា ការផ្តល់អំណោយមនុស្សធម៌ទាំងនេះ គឺមិនប្រកាន់និន្នាការនយោបាយអ្វីទាំងអស់ ក្នុងស្មារតីមហាគ្រួសារខ្មែរតែមួយ ។

 

 

លោកបានឲ្យដឹងថា រាល់អំណោយដែលរដ្ឋបាលខេត្តសៀមរាប ទទួលបានពីបងប្អូន សប្បុរសជនជាតិ អន្តរជាតិ ត្រូវបានក្រុមការងារខេត្ត ធ្វើការបែងចែកផ្គត់ផ្គង់ជូនដល់បងប្អូនដែលកំពុងស្នាក់នៅតាមមណ្ឌលភៀសសឹកតាមក្រុង ស្រុក ព្រមទាំងបានផ្គត់ផ្គង់ដល់សមរភូមិមុខផងដែរ ៕

 

 

 

អត្ថបទ ៖ ឡៃ លី    រូបភាព៖ លី នីរ៉ូត

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025