ថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២៥
សមត្ថភាពខ្លាំងទាំងបងទាំងប្អូន បវរកញ្ញាវ័យក្មេង សូហ្វីយ៉ា អូនលី ម្ចាស់មកុដ I AM MODEL SEARCH INTERNATIONAL 2025 មិនបានប៉ុន្មាន ពេលនេះបងស្រីបង្កើត ដូមីនិច អូនលី ឈ្នះមកុដ Mini Miss Beauty Power Tourism Model 2025 ម្នាក់ទៀត ធ្វើឱ្យ សូហ្វីយ៉ា រំភើបខ្លាំង ហើយសប្បាយចិត្តជំនួសបងស្រី។
បវរកញ្ញាវ័យក្មេងពោរពេញដោយសមត្ថភាព និងភាពក្លាហានក្នុងការប្រកួតប្រជែង សូហ្វីយ៉ា អូនលី បានបង្ហាញខ្លួនយ៉ាងស្រស់ស្អាតគួរជាទីទាក់ទាញចិត្ត ចូលរួមកម្មវិធីអបអរសាទរ និងជាការស្វាគមន៍ការវិលត្រឡប់មកមាតុភូមិវិញរបស់ម្ចាស់ជយលាភី ៣រូប គឺ កុមារី ដូមីនិច អូនលី ម្ចាស់មកុដ Mini Miss Beauty Power Tourism Model 2025 , កុមារី ហាមមើឡិត វ៉េណេសា ម្ចាស់មកុដ Little Miss Beauty Power International Model 2025 និង កុមារា អាសាន ចាវីឌ ម្ចាស់ជយលាភី Little Mister Beauty Power International Model 2025 ពីការប្រកួតអន្តរជាតិ 2nd Edition BEAUTY POWER INTERNATIONAL FASHION WEEK 2025 ដែលប្រទេសឡាវ ជាម្ចាស់ផ្ទះរៀបចំការប្រកួត។
ក្នុងចំណោមម្ចាស់ជយលាភីទាំង ៣រូប កូនកាត់ខ្មែរ-ឥណ្ឌូនេស៊ី វ័យ៨ឆ្នាំ ដូមីនិច អូនលី គឺជាបងស្រីបង្កើតរបស់ បវរកញ្ញាវ័យក្មេង សូហ្វីយ៉ា អូនលី។ ក្នុងថ្ងៃដ៏ពិសេសនៃការអបអរភាពជោគជ័យនេះ សូហ្វីយ៉ា អូនលី ម្ចាស់មកុដ I AM MODEL SEARCH INTERNATIONAL 2025 បានបង្ហាញអារម្មណ៍រំភើប និងសប្បាយចិត្តដែលបងស្រីបានឈ្នះមកុដពីកម្មវិធីអន្តរជាតិបែបនេះ ព្រោះពីមុនធ្លាប់តែបងស្រីមកអបអរសាទរខ្លួន តែពេលនេះខ្លួនមកអបអរសាទរបងស្រីវិញម្តង។
នេះជាភាពជោគជ័យផ្ទួនៗគ្នាក្នុងឆ្នាំ២០២៥ ដែលបងប្អូនស្រីបង្កើតទាំង ២រូប សម្រេចចិត្តបានលើឆាកអន្តរជាតិ ដោយឈ្នះបានមកុដពីកម្មវិធីអន្តរជាតិម្នាក់មួយ ធ្វើឱ្យឪពុកម្តាយ ក្រុមគ្រួសារ និងសាលាបង្រៀនដើរម៉ូដ និងម៉ូដែល The RAMP Academy របស់គ្រូបង្វឹកជនជាតិហ្វីលីពីន លោក Mathew Tan (ម៉ាតសៀវ តាន់) មានមោទនភាពយ៉ាងក្រៃលែង។
ក្រោយឈ្នះមកុដពីឆាកអន្តរជាតិ កូនកាត់ខ្មែរ-ឥណ្ឌូនេស៊ី ទាំង ២រូប ប្តេជ្ញាបន្តសកម្មភាពសិល្បៈរបស់ខ្លួន និងខំប្រឹងហាត់រៀនជំនាញសិល្បៈថ្មីៗបន្ថែមទៀត ដើម្បីបង្កើនចំណេះដឹង និងភាពជឿជាក់។ ទន្ទឹមជាមួយគ្នានោះ ដូមីនិច និង សូហ្វីយ៉ា ក៏ទទួលធ្វើការងារសិល្បៈនានា ដូចជា ការប្រម៉ូតផលិតផល ថតស៉្បតពាណិជ្ជកម្ម ការងារ BA និងទទួលថតភាពយន្តផងដែរ។
ដោយសារសមត្ថភាព ភាពជឿជាក់ និងភាពឆ្លាតវ័យរបស់ សូហ្វីយ៉ា អូនលី ធ្វើឱ្យនាងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងក្លា សូម្បីកូនខ្មែររស់នៅប្រទេសអូស្ត្រាលី អ្នកស្រី ជេស៊ីការ ឡាក់គី ម្ចាស់ប្រេន ជេស៊ីការ ស្ក្រាប់កូនខ្មែរ ក៏សម្លឹងឃើញសក្កានុពល និងភាពអស្ចារ្យរបស់កុមារីតូចរូបនេះ រហូតផ្ញើរជាកាដូជាស្ក្រាប់ខាត់ស្បែកមកចែកជូនភ្ញៀវកិត្តិយសដែលបានចូលរួមក្នុងថ្ងៃជប់លៀងទៀតផង។
អ្នកម្តាយរបស់ ដូមីនិច និង សូហ្វីយ៉ា មានមោទនភាពជាខ្លាំងពេលឃើញ ម្ចាស់ប្រេន ជេស៊ីការ ស្ក្រាប់កូនខ្មែរ ពេញចិត្តសមត្ថភាពកូនស្រីរបស់ខ្លួន ហើយប្រសិនមានឱកាសអ្នកស្រីក៏ចង់ឱ្យកូនស្រីបានរួមការងារជាមួយ ជេស៊ីការ ស្ក្រាប់កូនខ្មែរ ផងដែរ ព្រោះកន្លងមកអ្នកស្រីធ្លាប់បានប្រើប្រាស់ និងដឹងពីគុណភាពរួចហើយ ទើបហ៊ានឱ្យកូនស្រីទទួលធ្វើការងារជាមួយ។
ក្នុងនាមជាម្តាយ អ្នកស្រីសង្ឃឹមថា កូនស្រីទាំង ២រូប នឹងក្លាយជាទំពាំងស្នងឬស្សីដ៏ល្អសម្រាប់ប្រទេស ដែលអាចក្លាយអ្នកផ្សព្វផ្សាយពីសិល្បៈវប្បធម៌របស់រស់រវើករបស់ខ្មែរយើងទៅកាន់ពិភពលោក។ ដូចនេះ ទើបអ្នកស្រី និងស្វាមី ផ្តល់ឱកាសឱ្យកូនស្រីបានសាកល្បងធ្វើការងារ និងខំប្រឹងប្រែងរៀនសូត្រទន្ទឹមគ្នា៕
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច និងផ្តល់ឱ្យ