ថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២៥

លោក ត្រាំ និងលោក ម៉ាស បានវាយប្រហារពាក្យសម្ដីគ្នាជាសាធារណៈកាន់តែខ្លាំងឡើង

០៦ មិថុនា ២០២៥ | ព័ត៌មានអន្តរជាតិ

លោក ត្រាំ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ដោយសម្ដែងការខកចិត្តជាខ្លាំងចំពោះការរិះគន់របស់មហាសេដ្ឋីប្រាក់ពាន់លានដុល្លារលោក អេឡិន ម៉ាស ចំពោះច្បាប់កាត់បន្ថយពន្ធ និងការចំណាយដ៏ច្រើនដែលជាចំណុចស្នូលនៅក្នុងសេចក្ដីព្រាងច្បាប់របស់លោក ត្រាំ។

 

 

លោក ត្រាំ បាននិយាយនៅសេតវិមានក្នុងជំនួបជាមួយនឹងអធិការបតីអាល្លឺម៉ង់លោក ហ្វ្រីឌ្រិច មើស កាលពីថ្ងៃព្រហស្បតិ៍ថា លោក និងលោក ម៉ាស មានទំនាក់ទំនងគ្នាដ៏អស្ចារ្យ ប៉ុន្តែពេលនេះលោកមិនដឹងថាតើទំនាក់ទំនងបែបនេះនឹងអាចបន្តបានទៀតដែរឬយ៉ាងណានោះទេ។ លោក ម៉ាស បានបង្កើនការរិះគន់លើសេចក្ដីព្រាងច្បាប់របស់លោក ត្រាំ ពាក់ព័ន្ធនឹងការកាត់បន្ថយពន្ធ និងការចំណាយរបស់រដ្ឋាភិបាលសហព័ន្ធ ខណៈលោក ត្រាំ បាននិយាយថា ការរិះគន់របស់លោក ម៉ាស នេះគឺដោយសារសេចក្ដីព្រាងច្បាប់នេះមិនបានផ្ដល់អត្ថប្រយោជន៍ពន្ធសម្រាប់ការទិញរថយន្តអគ្គិសនី។

 

 

 

ការរិះគន់របស់លោក ម៉ាស នេះបានធ្វើឡើងក្រោយពីលោក ម៉ាស បានប្រកាសលាលែងពីតំណែងជាប្រធាននាយកដ្ឋានប្រសិទ្ធិភាពរដ្ឋាភិបាល (DOGE) កាលពីចុងខែឧសភាក្រោយពីបានបញ្ចប់អាណត្តិរបស់លោករយៈពេល១៣០ថ្ងៃ។

 

 

 

 

ការរិះគន់របស់លោក ម៉ាស នេះក៏ទទួលបានការគាំទ្រពីសមាជិកសភានៃគណបក្សសាធារណរដ្ឋមួយចំនួនផងដែរ ហើយការគាំទ្រនេះអាចនឹងធ្វើឱ្យមានភាពស្មុគស្មាញដល់ដំណើរការផ្លូវច្បាប់ក្នុងការអនុម័តនៅក្នុងសម័យប្រជុំសភាទាំងពីរ៕

 

ប្រែសម្រួល៖ ប៉ិច ស៊ីនួន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025