ថ្ងៃសៅរ៍ ទី០៧ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី០៧ ខែមិថុនា ឆ្នាំ២០២៥
ប្រធានាធិបតីថ្មីរបស់កូរ៉េខាងត្បូងលោក Lee Jae-myung បានបើកកិច្ចប្រជុំគណៈរដ្ឋមន្ត្រីជាលើកដំបូង នៅថ្ងៃព្រហស្បតិ៍(៥មិថុនា) ដោយផ្តោតទៅលើការរៀបចំកញ្ចប់សង្គ្រោះបន្ទាន់ដើម្បីដោះស្រាយកំណើនសេដ្ឋកិច្ចដែលនៅទ្រឹង,ជំនួយដល់ប្រជាជនដែលជាការចាត់វិធានការមួយយ៉ាងឆាប់រហ័សដើម្បីបំពេញទៅតាមការសន្យាដែលលោកបានធ្វើឡើងអំឡុងពេលយុទ្ធនាការបោះឆ្នោត។
លោកLee បានចូលកាន់តំណែងនៅថ្ងៃពុធ(៤មិថុនា) នៅត្រឹមពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីលោកបានជាប់ឆ្នោតជាប្រធានាធិបតីកូរ៉េខាងត្បូង ក្រោយពីប្រទេសសេដ្ឋកិច្ចធំបំផុតលំដាប់ទី៤ប្រចាំតំបន់អាស៊ីមួយនេះត្រូវជួបព្យុះភ្លៀងវិបត្តិនយោបាយដោយសារលោកYoon Suk Yeolប្រកាសច្បាប់អាជ្ញាសឹកកាលពីខែធ្នូកន្លងទៅ។
ប្រធានាធិបតីថ្មីប្រទេសកូរ៉េខាងត្បូងរូបនេះ បានលើកឡើងថា មិនមានពេលវេលាខ្ជះខ្ជាយក្នុងការទៅធ្វើការទេ ខណៈដែលប្រជាជនកំពុងជួបការលំបាក។
រហូតមកដល់ពេលនេះ លោក Lee ទើបតែបានតែងតាំងនាយករដ្ឋមន្ត្រី ហើយកំពុងប្រញ៉ាប់ប្រញ៉ាល់ បង្កើតគណៈរដ្ឋមន្ត្រី និងបុគ្គលិកការិយាល័យរបស់គាត់ដើម្បីដំណើរការគណៈរដ្ឋមន្ត្រីរបស់លោក។
ប្រែសម្រួល៖ណាវ័ន្ត