ថ្ងៃសៅរ៍ ទី០៧ ខែមិថុនា ឆ្នាំ២០២៥

កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម សម្រេចទំហំពាណិជ្ជកម្មជាង ៩១លានដុល្លារ កើនឡើង ៥%

០៦ មិថុនា ២០២៥ | សេដ្ឋកិច្ច

 

ក្នុងឆ្នាំ ២០២៤កន្លងទៅ ប្រទេសកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម សម្រេចបានទំហំពាណិជ្ជកម្មប្រមាណ ៩១លានដុល្លារអាម៉េរិក កើនឡើង ៥% ធៀបទៅនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣។ នេះបើយោងតាម ការចុះផ្សាយនៅលើគេហទំព័រផ្លូវការរបស់ ក្រសួងពាណិជ្ជកម្មកម្ពុជា។

 

 

បើតាមព្រឹត្តិបត្រស្រាវជ្រាវអេឡិចត្រូនិកលេខ ៤ សម្រាប់ខែឧសភា របស់ក្រសួងពាណិជ្ជកម្ម បានបង្ហាញឱ្យដឹងថា ក្នុងរយៈពេល ១២ខែនេះ កម្ពុជា បាននាំចេញប្រមាណ ៦៧លានដុល្លារអាម៉េរិក ទៅកាន់ទីផ្សារអេមីរ៉ាតអារ៉ាប់រួម និងនាំចូលប្រមាណ ២៣លានដុល្លារអាម៉េរិក។

 


ពិតណាស់ កម្ពុជា ទទួលបានភាពអនុគ្រោះអត្រាពន្ធ សម្រាប់ការនាំចេញទៅកាន់ អេមីរ៉ាតអារ៉ាប់រួម ក្រោមកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំង ២ ប្រមាណ ៩៧% នៃបន្ទាត់ពន្ធគយសរុបជាង ៧៨០០ ដែលកិច្ចព្រមព្រៀងនេះ ចូលជាធរមាន កាលពីថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៤កន្លងទៅ។

 


ទំនិញដែលកម្ពុជា អាចនាំចេញទៅកាន់ទីផ្សារអេមីរ៉ាតអារ៉ាប់រួម ជាមួយពន្ធគយ ០% រួមមាន មុខទំនិញកសិកម្ម, ឧស្សាហកម្ម និងកែច្នៃ ដែលសុទ្ធតែមានសក្តានុពល ដូចជា៖ កាបូបធ្វើដំណើរ, ស្បែកជើង, មុខទំនិញវាយនភណ្ឌ, សម្លៀកបំពាក់, កង់, បន្ទះសូឡា, គ្រឿងបង្គុំអេឡិចត្រូនិក, រថយន្តអគ្គិសនី, កៅស៊ូ, អង្ករ, ម្ហូបអាហារកំប៉ុង អាហារកែច្នៃពីអង្ករ និងប្រភេទទំនិញកសិកម្មកែច្នៃជាច្រើនប្រភេទទៀត។

 


គួរជម្រាបថា ទំនិញនាំចេញសំខាន់ៗពីកម្ពុជាគឺ សម្លៀកបំពាក់ ស្បែកជើង កាបូប យានយន្តនិងគ្រឿងបង្គុំ ផលិតផលកៅស៊ូ រីឯទំនិញនាំចូលសំខាន់ៗពី អេមីរ៉ាតអារ៉ាប់រួម រួមមាន៖ ប្រេង និងកៅស៊ូប៊ីទីម ថ្នាំជក់ ផលិតផលប្លាស្ទិក ម៉ាស៊ីននិងឧបករណ៍អគ្គិសនី ចំណីកែច្នៃសម្រាប់សត្វ និងគ្រឿងសង្ហារឹម៕
 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025