ថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២៥
យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្មចុះថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ បានបង្ហាញថា ក្រោមកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគី រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានចុះហត្ថលេខា កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ក្នុងនោះ កម្ពុជា ទទួលបានភាពអនុគ្រោះពន្ធសូន្យភាគរយ នូវមុខទំនិញដែលមានដើមកំណើតនៅ ប្រទេសកម្ពុជាចំនួន ២៨បន្ទាត់ពន្ធគយ ពីសាធារណរដ្ឋសង្គមនិយមវៀតណាម សម្រាប់អនុវត្តឆ្នាំ២០២៥-២០២៦។
ក្នុងនោះផងដែរ ផលិតករ និងអ្នកនាំចេញ អាចធ្វើការស្នើសុំវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញទម្រង់ អេស (CO Form S) តាមរយៈគេហទំព័រ https://co.moc.gov.kh ចំពោះមុខទំនិញ ដូចមាន ក្នុងឧបសម្ព័ន្ធ១ ដើម្បីនាំចេញទៅកាន់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្រោមអត្រាអនុគ្រោះពន្ធសូន្យភាគរយ (0%)។
ដោយឡែក សម្រាប់បរិមាណមុខទំនិញអង្ករ និងសន្លឹកថ្នាំជក់ សម្រាប់អនុវត្តឆ្នាំ២០២៥ ផលិតករ និងអ្នកនាំចេញ ត្រូវមកដាក់ពាក្យស្នើសុំនៅក្រសួងពាណិជ្ជកម្ម (នាយកដ្ឋាននាំចេញ នាំចូល នៃអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម) រៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃជូនដំណឹង រហូតដល់ថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២៥។ ជាមួយគ្នានេះ កម្ពុជា និងវៀតណាម អាចនាំចេញផលិតផលមួយចំនួន លើសពីការផ្តល់ឱ្យគ្នាទៅវិញទៅមក ក្រោមក្របខ័ណ្ឌកិច្ចព្រមព្រៀងស្តីពី ពាណិជ្ជកម្មទំនិញ អាស៊ាន តាមរយៈកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាម ដែលត្រូវបានចុះហត្ថលេខាផ្លូវការជាទៀងទាត់ក្នុងរយៈពេល ២ឆ្នាំម្តង។
ទន្ទឹមនឹងនេះ បើយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា ទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាមសម្រេចបាន ទឹកប្រាក់ ៧ពាន់លានដុល្លារ នៅក្នុងឆ្នាំ ២០២៤ កើនឡើង ១៨% បើធៀបនឹងឆ្នាំ ២០២៣ ដែលមានទំហំទឹកប្រាក់ជាង ៦ពាន់លានដុល្លារ។ លើសពីនេះ នៅក្នុងឆ្នាំ ២០២៤ ដដែល កម្ពុជា នាំចេញ ទៅ វៀតណាមមានទំហំទឹកប្រាក់ប្រមាណ ៣ពាន់លានដុល្លារ កើនឡើង ២១% បើធៀបនឹងឆ្នាំ ២០២៣ និងវៀតណាម នាំ ចូលមកកម្ពុជាវិញ មានទំហំទឹកប្រាក់ ៤ពាន់លានដុល្លារ កើនឡើង ១៥%។ សូមជម្រាបថា ផលិតផលសំខាន់ៗដែលកម្ពុជានាំទៅ វៀតណាម មានដូចជា ស្រូវ កៅស៊ូ ស្វាយចន្ទី ដំឡូងមី ពោត ចេក ស្វាយ ថ្នាំជក់។ ចំណែក វៀតណាមនាំចូលមកវិញមានដូចជា សម្ភារៈសំណង់ គ្រឿងម៉ាស៊ីន ប្រេងឥន្ធនៈ ឧបករណ៍ អេឡិចត្រូនិក អគ្គិសនី ជីកសិកម្ម គ្រឿងទេស និងបន្លែ ផ្លែឈើ ជាដើម ៕
អត្ថបទ៖ ថុន សុកេតុមាលា រូបភាព៖ ឯកសារ