ថ្ងៃសៅរ៍ ទី០៧ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី០៧ ខែមិថុនា ឆ្នាំ២០២៥
ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា បានអបអរសាទរចំពោះ ព្រលានយន្តហោះអន្តរជាតិតេជោ ដែលជាសមិទ្ធផលថ្មីរបស់ប្រទេសកម្ពុជា និងបានអះអាងថា នឹងជំរុញការវិនិយោគពីប្រទេសថៃ មកកាន់កម្ពុជាបន្ថែមទៀត។នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ ២០២៥ គណៈប្រតិភូមកពីស្ថានទូតថៃប្រចាំនៅកម្ពុជា និងគណៈប្រតិភូធុរកិច្ចថៃ ប្រមាណជាង ៤០នាក់ បានអញ្ជើញទស្សនកិច្ច ដើម្បីពិនិត្យវឌ្ឍនភាពនៃដំណើរការសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោ ខណៈ ព្រលាននេះ គ្រោងដាក់ឱ្យដំណើរការ នាខែកញ្ញាខាងមុខ។
នាឱកាសនោះ ឯកឧត្តម ទុល្យ ត្រៃសូរ៉ាត់ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រថៃប្រចាំព្រះរាជាណាចក្រកម្ពុជា បានសម្តែងការកោតសរសើរ និងអបអរសាទរដល់ សមិទ្ធផលថ្មីមួយនេះរបស់ប្រទេសកម្ពុជា ហើយឯកឧត្តម ក៏បានជំរុញវិនិយោគិនដែលពាក់ព័ន្ធ ឱ្យស្វែងរកឱកាស និងពិចារណាវិនិយោគជាមួយ ដៃគូក្នុងព្រលានយន្តហោះអន្តរជាតិតេជោ ឧទាហរណ៍ការវិនិយោគលើ ភោជនីយដ្ឋាន ហាងកាហ្វេ វិស័យធនាគារ វិស័យសុខាភិបាល និងក្នុងតំបន់សេដ្ឋកិច្ចពិសេសជាដើម។
លើសពីនេះ ឯកឧត្តម ឯកអគ្គរាជទូតវិសាមញ្ញ ក៏បានលើកទឹកចិត្តឱ្យ ប្រទេសទាំង ២ បន្ថែមជើងហោះហើរត្រង់រវាងគ្នា នៅតាមបណ្តាតំបន់សក្តានុពលដែលពុំទាន់បានភ្ជាប់គ្នានៅឡើយ។
ទន្ទឹមគ្នានេះ ឯកឧត្តម បានលើកឡើងពី ការជំរុញកំណើននៃវិស័យទេសចរណ៍រវាងប្រទេសទាំង ២ ដែលកាលពីឆ្នាំ ២០២៤កន្លងទៅ គឺមានភ្ញៀវទេសចរណ៍រវាងគ្នាប្រមាណ ២លាន ៦សែននាក់ ដូច្នេះហើយការជំរុញវិស័យទេសចរណ៍ តាមរយៈផ្លូវអាកាស ផ្លូវថ្នល់ និងផ្លូវដែក ពិតជាសំខាន់ដូចគ្នា។
សូមជម្រាបថា ព្រលានយន្តហោះថ្មីនេះ សាងសង់ឡើងលើផ្ទៃដីជាង ២.៦០០ហិកតា ជាព្រលានយន្តហោះលំដាប់ 4F ដែលអាចធ្វើអោយយន្តខ្នាតធំចុះចតបានដូចជា ប្រភេទ Airbus A380 និងប្រភេទ Boeing 747 និងអាចទទួលអ្នកដំណើរបានរហូតដល់ ១៣លាននាក់ ក្នុង១ឆ្នាំ ក្នុងដំណាក់កាលទី១៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ អ៊ិន អាត