ថ្ងៃសៅរ៍ ទី០៧ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី០៧ ខែមិថុនា ឆ្នាំ២០២៥
អត្រាពន្ធរបស់សហរដ្ឋអាមេរិកលើដែកថែប និងអាលុយមីញ៉ូមនាំចូល បានកើនឡើងទ្វេដងដល់ ៥០% ជាអត្រាមួយដែលប្រធានាធិបតីអាមេរិក រំពឹងថា ដៃគូពាណិជ្ជកម្មនឹងផ្តល់ចរចាការដេញថ្លៃ ដើម្បីជៀសវាងការដាក់ទណ្ឌកម្មលើ អត្រាពន្ធនាំចូលលើទំនិញផ្សេងទៀត។
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានដំឡើងពន្ធយ៉ាងច្រើនលើ ការនាំចូលដែកថែប និងអាលុយមីញ៉ូម ដល់កម្រិត ៥០% ដោយលោករំពឹងថា ដៃគូពាណិជ្ជកម្មនឹងរៀបចំ ការផ្តល់ជូនដ៏ល្អបំផុតមួយ ដល់អាមេរិក ក្នុងការដេញថ្លៃ ដើម្បីជៀសវាងការដាក់ទណ្ឌកម្មលើ អត្រាពន្ធនាំចូលផ្សេងៗទៀត ដែលគ្រោងនឹងចូលជាធរមាន នៅដើមខែកក្កដា។
កាលពីថ្ងៃអង្គារ លោកដូណាល់ ត្រាំ បានចុះហត្ថលេខាលើ សេចក្តីប្រកាសប្រតិបត្តិ ដែលចូលជាធរមាន ចាប់ពីថ្ងៃពុធ ដែលជាសេចក្តីប្រកាសដ៏គួរឱ្យភ្ញាក់ផ្អើល ដែលថាអាមេរិក កំពុងយកពន្ធលើការនាំចូលដែកថែប និងអាលុយមីញ៉ូម ដល់ ៥០%។ទីប្រឹក្សាសេដ្ឋកិច្ចនៅសេតវិមានអាមេរិក បានលើកឡើងថា ពន្ធនេះ បានចាប់ផ្តើមនៅត្រឹម ២៥% ហើយបន្ទាប់ពីបានសិក្សាទិន្នន័យបន្ថែមទៀត ទើបដឹងថា វាត្រូវការដំឡើងបន្ថែមទៀត និងបានចូលជាធរមាននៅថ្ងៃពុធនេះ។
សូមជម្រាបថា ការដំឡើងពន្ធនេះ អនុវត្តចំពោះដៃគូពាណិជ្ជកម្មទាំងអស់ លើកលែងតែប្រទេសអង់គ្លេស ដែលជាប្រទេសតែមួយគត់ ដែលបានឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មបឋមជាមួយ សហរដ្ឋអាមេរិក កំឡុងពេលការពន្យារពេលរយៈពេល ៩០ថ្ងៃ លើពន្ធរបស់លោក ដូណាល់ ត្រាំ។ប្រហែល ២៥% នៃដែកថែបទាំងអស់ដែលប្រើក្នុងសហរដ្ឋអាមេរិកត្រូវបាននាំចូល ហើយទិន្នន័យរបស់ការិយាល័យជំរឿនអាមេរិក បង្ហាញថា ការកើនឡើងពន្ធ នឹងប៉ះពាល់ដល់ដៃគូពាណិជ្ជកម្មជិតបំផុតរបស់សហរដ្ឋអាមេរិកគឺ កាណាដា និងម៉ិកស៊ិក ដែលជាប់ចំណាត់ថ្នាក់លេខ ១ និង ៣ រៀងគ្នាក្នុងបរិមាណដឹកជញ្ជូនដែកទៅកាន់សហរដ្ឋអាមេរិក៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ