ថ្ងៃសៅរ៍ ទី០៧ ខែមិថុនា ឆ្នាំ២០២៥

វៀតណាម បន្តទាក់ទាញទុនវិនិយោគបរទេស កើនឡើង ៥១% ក្នុងរយៈពេល ៥ខែ

០៦ មិថុនា ២០២៥ | សេដ្ឋកិច្ច

 

បើតាមទីភ្នាក់ងារវិនិយោគបរទេសក្រោមក្រសួងផែនការ និងវិនិយោគវៀតណាម បានឱ្យដឹងថា វៀតណាម ទាក់ទាញគម្រោងវិនិយោគបរទេស ដែលមានតម្លៃជាង ១៨ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ ២០២៥នេះ កើនឡើង ៥១% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាម សារព័ត៌មានក្នុងស្រុកវៀតណាម ចេញផ្សាយនៅថ្ងៃនេះ។

 

 

ទីភ្នាក់ងារវិនិយោគបរទេសក្រោមក្រសួងផែនការ និងវិនិយោគវៀតណាម បានលើកឡើងថា គិតចាប់ពីខែមករា ដល់ខែឧសភា ក្នុងចំណោមទុនសរុប មានជាង ៧ពាន់លានដុល្លារ បានមកពីគម្រោងវិនិយោគបរទេសដែលមានអាជ្ញាប័ណ្ណថ្មី ចំនួន ១ពាន់ ៥រយគម្រោង ដែលឆ្លុះបញ្ចាំងពីការធ្លាក់ចុះដើមទុន ១៣% ប៉ុន្តែមានការកើនឡើង ១៤% នៃចំនួនគម្រោងថ្មីៗ។

 


ទន្ទឹមនឹងនេះដែរ គម្រោងបន្ថែមដើមទុនចំនួន ៦៧២ បានរួមចំណែកបន្ថែមចំនួន ៨ពាន់ ៥រយលានដុល្លារ កើនឡើង ២៨%។ក្នុងអំឡុងពេល ៥ខែដំបូង វិស័យផលិតកម្ម និងកែច្នៃ បានបន្តទាក់ទាញជាង ១០ពាន់លានដុល្លារអាមេរិក ឬស្មើនឹង ៥៦% នៃដើមទុនចុះបញ្ជីសរុប និងកើនឡើង ៣២% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។

 


វិស័យអចលនទ្រព្យ បានជាប់ចំណាត់ថ្នាក់លេខ ២ ជាមួយនឹងទឹកប្រាក់ចំនួន ៥ពាន់លានដុល្លារ ដែលស្មើនឹង ២៧% នៃចំនួនសរុប ខណៈការវិនិយោគលើ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ទទួលបាន ១ពាន់លានដុល្លារ បន្ទាប់មកដោយផ្នែកលក់ដុំ និងរាយ ដែលមានជិត ៦០០លានដុល្លារ។

 


ក្នុងចំណោមបណ្តាប្រទេសវិនិយោគ សិង្ហបុរី នាំមុខគេជាមួយទឹកប្រាក់ជាង ៤ពាន់ ៣រយលានដុល្លារ ដែលស្មើនឹង ២៣% នៃការវិនិយោគបរទេសសរុប និងកើនឡើង ៣០% ហើយប្រទេសកូរ៉េខាងត្បូង ជាប់ចំណាត់ថ្នាក់លេខ ២ ដែលមានទឹកប្រាក់ជិត ៣ពាន់លានដុល្លារ។គួរជម្រាបថា គិតត្រឹមថ្ងៃទី ៣១ ខែឧសភា វៀតណាម មានគម្រោងវិនិយោគបរទេសចំនួន ៤ម៉ឺន ៣ពាន់គម្រោង ដែលមានដើមទុនចុះបញ្ជីសរុបចំនួន ៥១៧ពាន់លានដុល្លារអាម៉េរិក៕

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025