ថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២៥

កម្ពុជា ស្វាគមន៍អ្នកវិនិយោគលើការកែច្នៃវេចខ្ចប់ ដែលមានផែនការច្បាស់លាស់ ដើម្បីធានានិរន្តភាពសេដ្ឋកិច្ចកម្ពុជា

០៥ មិថុនា ២០២៥ | សេដ្ឋកិច្ច

 

កម្ពុជា បើកទ្វារស្វាគមន៍នូវវិនិយោគិនមានបំណងចង់កែច្នៃ វេចខ្ចប់ ដែលមានផែនការច្បាស់លាស់ ដើម្បីធានានិរន្តភាពសេដ្ឋកិច្ចកម្ពុជា និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ខណៈកម្ពុជាមានកសិផលសក្កានុពលជាច្រើន ដែលមានគុណភាព។

 

 

នាឱកាសអញ្ជើញទទួលជួបជាមួយលោក Claude Jentgen អ្នកសម្របសម្រួលកិច្ចការទ្វេភាគីនៃនាយកដ្ឋានសហប្រតិបត្តិការអភិវឌ្ឍន៍ និងកិច្ចការមនុស្សធម៌លុចសំបួ តំណាងស្ថានទូតលុចសំបួប្រចាំកម្ពុជា មាននិវេសនដ្ឋាននៅប្រទេសឡាវ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា ប្រទេសកម្ពុជា បើកទ្វារស្វាគមន៍នូវវិនិយោគិនដែលមានបំណងចង់កែច្នៃ វេចខ្ចប់ និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ខណៈដែលកម្ពុជាមានកសិផលសក្កានុពលជាច្រើន រួមមាន៖ ស្រូវអង្ករ ស្វាយចន្ទី ម្រេច ដែលមានគុណភាពល្អប្រណិត រសជាតិឆ្ងាញ់ ដែលជាឱកាសល្អសម្រាប់អ្នកវិនិយោគក្នុងការចាប់យកដើម្បីទទួលបានតម្លៃបន្ថែមខ្ពស់។

 


ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងថាប្រទេសកម្ពុជា មានច្បាប់ស្តីពីការវិនិយោគដែលជួយគាំទ្រដល់វិនិយោគិនឱ្យទទួលបានអត្ថប្រយោជន៍ជាច្រើន និងក្របខណ្ឌច្បាប់ដែលអំណោយផលដល់ការវិនិយោគផងដែរ។ជាមួយគ្នានេះ មន្ត្រីជាន់ខ្ពស់រូបនេះ បានស្នើឱ្យភាគីលុចសំបួ ពិនិត្យលទ្ធភាពក្នុងការជួយគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្សកម្ពុជា លើការស្រាវជ្រាវផ្សារភ្ជាប់នឹងសាកលវិទ្យាល័យកសិកម្ម ការគាំទ្រទៅលើមន្ទីរពិសោធន៍ជាតិ ដើម្បីធានាបាននូវសុវត្ថិភាពអាហារ ដែលនឹងបម្រើដល់ការនាំចេញ ការផ្តល់កម្ចីទុនដែលមានការប្រាក់ទាប និងផ្តល់នូវគម្រោងគាំទ្រដល់វារីវប្បកម្មកម្ពុជា ជាមូលដ្ឋានសំដៅជួយបង្កើននូវភោគផលសេដ្ឋកិច្ច និងកាត់បន្ថយសម្ពាធធនធានធម្មជាតិ។

 


ជាចុងក្រោយ ឯកឧត្តមរដ្ឋលេខាធិការ និងលោក Claude Jentgen បានបញ្ជាក់ នូវការប្ដេជ្ញាចិត្តរួមគ្នា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងល្អរវាងប្រទេសទាំងពីរកម្ពុជា-លុចសំបួ សំដៅផ្ដល់ផលប្រយោជន៍ទៅវិញទៅមក។ សូមជម្រាបថា កម្ពុជាបើកទូលាយ និងស្វាគមន៍អ្នកវិនិយោគលើការកែច្នៃវេចខ្ចប់ ដែលមានផែនការច្បាស់លាស់ និងមានទីផ្សារពិតប្រាកដ ដើម្បីធានាឱ្យការវិនិយោគទទួលបានជោគជ័យ ផ្តល់ផលចំនេញ និងនិរន្តរភាពសេដ្ឋកិច្ច៕
 

 

 

អត្ថបទ៖ ថុន សុកេតុមាលា រូបភាព៖ ឯកសារ 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025