ថ្ងៃសៅរ៍ ទី០៧ ខែមិថុនា ឆ្នាំ២០២៥

ប្រធានសមាគមត្រចៀកកាំខ្មែរ៖ ការចាប់បានទីផ្សារចិន នឹងជួយជំរុញត្រចៀកកាំកម្ពុជាកាន់តែមានតម្លៃខ្ពស់

០៧ មិថុនា ២០២៥ | សេដ្ឋកិច្ច

 

ប្រធានសមាគមត្រចៀកកាំខ្មែរ មានសុទិដ្ឋិនិយមថា សំបុកត្រចៀកកាំកម្ពុជាអាចនឹងមានតម្លៃខ្ពស់ជាងមុន ក្រោយកម្ពុជា-ចិន ចុះកិច្ចព្រមព្រៀងនាំសំបុកត្រចៀកកាំដោយផ្ទាល់ទៅទីផ្សារប្រទេសចិនដោយផ្ទាល់ នេះគឺជាឱកាសក្នុងការជំរុញទីផ្សារសម្រាប់វិស័យត្រចៀកកាំ នឹងជួយទាក់ទាញបានអ្នកវិនិយោគកាន់តែច្រើនបន្ថែមទៀត។ 

ការចិញ្ចឹមសត្វត្រចៀកកាំយកសំបុកលក់ កំពុងត្រូវបានប្រជាពលរដ្ឋមួយចំនួនចាប់ផ្តើមយកធ្វើជាអាជីព បន្ទាប់ពីមានទីផ្សារល្អ និងមានតម្លៃខ្ពស់នៅកម្ពុជា។ ប្រជាពលរដ្ឋ ជាច្រើនងាកមកចាប់របរចិញ្ចឹមត្រចៀកកាំ ខណៈមានទីផ្សាខ្ពស់ហើយងាយស្រួលចិញ្ចឹម និងបានផ្តល់អត្ថប្រយោជន៍ជាច្រើនសម្រាប់មនុស្ស ដូចជា ទឹកមាត់ត្រចៀកកាំយកទៅកែច្នៃទទួលទាន និងធ្វើជាបង្អែម បានជួយដល់សុខភាពអ្នកបរិភោគ។ 


សំបុកត្រចៀកកាំកម្ពុជា ត្រូវបានគេចាត់ទុកថាមានគុណភាពខ្ពស់ជាងគេ ធៀបនឹងប្រទេសក្នុងតំបន់ ដោយមិនសូវរងការបំពុលពីបរិយោកាស។ ក្នុងរយៈពេល ៤ឆ្នាំចុងក្រោយនេះ ការចិញ្ចឹមត្រចៀកកាំរបស់ពលរដ្ឋ មានកំណើនជាលំដាប់។ យ៉ាងណាក៏ដោយ លោក កុកធាន អះអាងថា បរិមាណសំបុកសព្វថ្ងៃនេះ មិនទាន់អាចបំពេញតម្រូវការពលរដ្ឋចិនទាំងស្រុងបាននៅឡើយ ដ្បិតចិនមានប្រជាជន និងតម្រូវការច្រើន។ 


ជុំវិញរឿងនេះ លោក ស៊ុយ កុកធាន ប្រធានសមាគមត្រចៀកកាំខ្មែរ បានឱ្យក្រុមការងារ សេដ្ឋកិច្ចភីអិនអិន ដឹងថា ត្រចៀកកាំខ្មែរ មួយរយៈពេលចុងក្រោយនេះមានវឌ្ឍនភាពច្រើនចាប់តាំងពីរាជរដ្ឋាភិបាលកម្ពុជា បានចុះកិច្ចព្រមព្រៀងជាមួយនឹងភាគីចិន ក្នុងការនាំសំបុកត្រចៀកកាំដោយផ្ទាល់ទៅកាន់ប្រទេសចិន ទាំងកែច្នៃ និងមិនទាន់កែច្នៃ ខណៈនាពេលបច្ចុប្បន្ននេះ តម្លៃសំបុកត្រចៀកកាំលក់នៅលើទីផ្សារកម្ពុជា មិនទាន់កែច្នៃមានតម្លៃចន្លោះពី ៣០០ទៅ៤៥០ដុល្លារ អាស្រ័យទៅលើគុណភាព ការជ្រើសរើស ការបែងចែកថ្នាក់របស់សំបុក ចំណែកសំបុកដែលកែច្នៃហើយអាចមានតម្លៃចាប់ពី៨០០ រហូតដល់ទៅ ១៥០០ដុល្លារ ក្នុងមួយគីឡូ អាស្រ័យលើការច្នៃ។


លោក ស៊ុយ កុកធាន ប្រធានសមាគមត្រចៀកកាំខ្មែរ សម្លឹងឃើញថា ការនាំចេញសំបុកត្រចៀកកាំកម្ពុជា គឺជាជំហ៊ានមួយដែលគួរជាទីមោទនភាពសម្រាប់អ្នកអភិរក្សត្រចៀកកាំកម្ពុជា ព្រោះតែកម្ពុជាបានចរចាចុះកិច្ចព្រមព្រៀងក្នុងការនាំចេញសំបុក្រត្រចៀកកាំដោយផ្ទាល់ទៅកាន់ប្រទេសចិនបានដោយស្របច្បាប់។ លើសពីនេះ ការបើកភ្លើងខៀវរបស់ចិន សម្រាប់វិស័យសំបុត្រចៀកកាំកម្ពុជានៅពេលនេះ វាជាសញ្ញាល្អក្នុងការជួយជ្រោមជ្រែងផលិតផលត្រចៀកកាំកម្ពុជាឱ្យមានតម្លៃខ្ពស់ និងភាពប្រកួតប្រជែងផ្នែកទីផ្សារកាន់តែខ្លាំង។ ប្រធានសមាគមត្រចៀកកាំរូបនេះ មានសុទិដ្ឋិនិយមថា ទីផ្សារចិន នឹងជួយឱ្យកម្ពុជារឹងមាំ ហើយអាចកាត់បន្ថយការពឹងពាក់ទៅលើប្រទេសជិតខាង ដែលតែងតែកំណត់តម្លៃឱ្យទាប។ ក្នុងនោះ តាមរយៈកិច្ចព្រមព្រៀងដែលបានចុះដោយភាគីនៃប្រទេសទាំងពីរ ប្រធានសមាគមត្រចៀកកាំខ្មែរ សង្ឈឹមថា សំបុកត្រចៀកកាំកម្ពុជា នឹងអាចមានតម្លៃល្អជាងមុន ហើយនឹងអាចនាំចេញដោយរលូន ពីព្រោះមិនឆ្លងកាត់ប្រទេសណាមួយ ឬឈ្មួញកណ្តាលណាមួយទេ គឺកម្ពុជាជាអ្នកនាំចេញដោយផ្ទាល់។ 

 


បើយើងក្រឡេកទៅមើល ទីផ្សារសំបុកត្រចៀកកាំ ត្រូវបានប្រធានសមាគមត្រចៀកកាំខ្មែររូបនេះ ហាក់មិនមានការបារម្ភនោះទេ ព្រោះប្រទេសកម្ពុជាផ្គត់ផ្គង់តម្រូវការខេត្តមួយរបស់ចិនមិនគ្រប់គ្រាន់ផង ព្រោះនៅចិនគឺមានការប្រើប្រាស់ច្រើនមែនទែន មិនមានប្រទេសណាប្រើប្រាស់ដូចប្រទេសចិននោះទេ។ ដូច្នេះ កម្ពុជាមិនបារម្ភរឿងទីផ្សារនោះឡើយ នៅពេលណាកម្ពុជាសម្រមសម្រួលការនាំចេញដោយរលូនហើយនោះ គឺមិនពិបាកទេរឿងទីផ្សារមានតែខ្វះផលិតផលក្នុងការផ្គត់ផ្គង់។
លោក ស៊ុយ កុកធាន បានណែនាំឱ្យកសិករពង្រឹងស្តង់ដារ និងគុណភាពផលិតសម្បុកត្រចៀកកាំ ដើម្បីងាយស្រួលចាប់ឱកាសនាំចេញទៅទីផ្សារចិន ដែលមានតម្លៃខ្ពស់ ដើម្បីបង្កភាពងាយស្រួលដល់ភាគីចិនជាបញ្ជាទិញ។ ក្នុងនោះកម្ពុជា មានសក្ដានុពលខ្ពស់ក្នុងការចិញ្ចឹមសត្វត្រចៀកកាំ ខណៈមកទល់ពេលនេះ ការចិញ្ចឹមត្រចៀកកាំនៅកម្ពុជា អាចមានក្នុងរង្វង់ពី ៥ ទៅ ៧ពាន់ ខ្នងអគារ ដែលអាចផ្តល់ផលទឹកមាត់ត្រចៀកកាំបានប្រមាណ ១០០តោន ក្នុង ១ឆ្នាំ។

 


គួររំលឹកថា យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងកសិកម្ម ស្តីពីនីតិវិធីនៃការដាក់ពាក្យស្នើសុំនាំចេញសំបុកត្រចៀកកាំទៅប្រទេសចិន កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ បានប្រកាសដល់ម្ចាស់កន្លែងកែច្នៃបឋមសំបុកត្រចៀកកាំសម្រាប់នាំចេញ និងម្ចាស់ផ្ទះថែរក្សាសត្វត្រចៀកកាំជាលក្ខណៈគ្រួសារ ក្រោយពិធីសារដើម្បីនាំចេញសំបុកត្រចៀកកាំពីកម្ពុជា ត្រូវបានចុះហត្ថលេខាដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កម្ពុជា ជាមួយអគ្គរដ្ឋបាលគយចិន កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសឱ្យអ្នកចិញ្ចឹមត្រចៀកកាំមកដាក់ពាក្យស្នើសុំ ដើម្បីត្រៀមនាំចេញទៅកាន់ទីផ្សារចិននាពេលឆាប់ៗខាងមុខ។

 


ជាមួយគ្នានេះ ប្រធានសមាគមត្រចៀកកាំខ្មែរ បានឲ្យដឹងថា ទាក់ទងនឹងការចុះបញ្ជីទាំងអ្នកកែច្នៃ ទាំងអ្នកនាំចេញ ទាំងអ្នកចិញ្ចឹម ដែលមានបំណងក្នុងការនាំចេញសំបុកត្រចៀកកាំ ទៅកាន់ទីផ្សារចិនដោយផ្ទាល់ ខាងសមាគមក៏បានជំរុញក្នុងការផ្សព្វផ្សាយបន្ថែមទៅកាន់សមាជិកនៅក្នុងក្រុម ហើយក៏បានលើកទឹកចិត្តឱ្យសមាជិកបានចុះបញ្ជីត្រឹមត្រូវតាមច្បាប់ ដើម្បីយើងសិក្សាក្នុងការចុះបញ្ជីនាំចេញទៅប្រទេសចិន។ សមាគម ក៏បានធ្វើការយ៉ាងជិតស្និទផងដែរជាមួយនឹងនាយកដ្ឋានសុខភាពសត្វ ដើម្បីធ្វើយ៉ាងណាអាចផ្សព្វផ្សាយឱ្យមានភាពទូលំទូលាយ និងផ្តល់វគ្គបណ្តុះបណ្តាលមួយចំនួន បើសិនមានតម្រូវការ ដើម្បីឱ្យអ្នកអភិរក្សត្រចៀកកាំ និងអ្នកកែច្នៃបានយល់ច្បាស់ពីស្តង់ដារតម្រូវរបស់ប្រទេសចិន។

 


សូមជម្រាបថា ប្រធានសមាគមត្រចៀកកាំខ្មែរ បានជំរុញ និងលើកទឹកចិត្ត ដល់សមាគមអ្នកផលិត អ្នកនាំចេញ និងអ្នកពាក់ព័ន្ធក្នុងវិស័យសំបុកត្រចៀកកាំកម្ពុជា បន្តសហការនិងចាប់ដៃគ្នាជាមួយពាណិជ្ជករផ្គត់ផ្គង់សំបុកត្រចៀកកាំធំៗ ដូចជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងថៃ ហើយនៅក្នុងនោះអ្នករកស៊ីវិស័យត្រចៀកកាំគួរតែបន្តពង្រឹងគុណភាពបង្កើនបរិមាណផលិត និងត្រូវតែធានាបាននូវស្ថេរភាពនៃការផ្គត់ផ្គង់ ក៏ដូចត្រូវតែបំពេញតាមលក្ខខណ្ឌ និងនីតិវិធីតម្រូវនានាសម្រាប់ការនាំចេញទៅទីផ្សារអន្តរជាតិផងដែរ៕
 

 

 

អត្ថបទ៖ ថុន សុកេតុមាលា រូបភាព៖ ឯកសារ 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025