ថ្ងៃសុក្រ ទី០៦ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី០៦ ខែមិថុនា ឆ្នាំ២០២៥
ក្នុងពេលកន្លងមកនេះ មន្ត្រីការទូតរបស់អ៊ីរ៉ង់ និងសហរដ្ឋអាម៉េរិកបានជួបពិភាក្សាគ្នា៥លើកមកហើយដោយភាគច្រើនត្រូវបានធ្វើនៅក្នុងប្រទេសអូម៉ង់ដើម្បីរកដំណោះស្រាយពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់ ហើយថ្មីៗនេះទៀតសោត សហរដ្ឋអាម៉េរិកក៏បានផ្ញើសំណើថ្មីរបស់ខ្លួនតាមរយៈមន្ត្រីទូតរបស់ប្រទេសអូម៉ង់ទៅកាន់ប្រទេសអ៊ីរ៉ង់ផងដែរ។ បើទោះមានការចរចាគ្នាអំពីបញ្ហានេះជាច្រើនលើកក៏ពិតមែន ប៉ុន្តែវានៅតែមានឧបសគ្គមួយចំនួនដោះស្រាយមិនចេញនៅឡើយចំពោះបញ្ហានេះជាពិសេសគឺការណ៍ដែលសហរដ្ឋអាម៉េរិកបានទាមទារឱ្យប្រទេសអ៊ីរ៉ង់លុបចោលកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនទាំងស្រុង។
ជាក់ស្ដែង ប្រធានាធិបតីអ៊ីរ៉ង់លោក ផេហ្សេខៀន បាននិយាយក្នុងសុន្ទរកថាដែលចាក់ផ្សាយដោយទូរទស្សន៍រដ្ឋកាលពីថ្ងៃអង្គារថា រដ្ឋាភិបាលក្រុងតេអេរ៉ង់នឹងមិនឱនក្បាលចំពោះការដាក់សម្ពាធរបស់អាម៉េរិកឱ្យអ៊ីរ៉ង់លុបចោលកម្មវិធីនុយក្លេអ៊ែរនេះឡើយ ព្រោះរដ្ឋាភិបាលក្រុងតេអេរ៉ង់ មិនចង់បំពានសិទ្ធិវិទ្យាសាស្ត្រ អ្នកជំនាញ និងនុយក្លេអ៊ែររបស់ពួកគេតាមមធ្យោបាយណាមួយឡើយ។
អ្នកការទូតជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់ដែលជិតស្និទ្ធនឹងក្រុមចរចារបស់អ៊ីរ៉ង់បានប្រាប់រ៉យទ័រកាលពីថ្ងៃចន្ទថា អ៊ីរ៉ង់ទំនងជានឹងច្រានចោលសំណើរបស់អាម៉េរិកដើម្បីបញ្ចប់ជម្លោះនុយក្លេអ៊ែរដែលមានរយៈពេលជាច្រើនទសវត្សរ៍មកហើយ។ ក្រុងតេអេរ៉ង់បាននិយាយថា ពួកគេចង់ធ្វើជាម្ចាស់លើបច្ចេកវិទ្យានុយក្លេអ៊ែរសម្រាប់គោលបំណងសន្តិវិធី និងតែងតែបដិសេធចំពោះការចោទប្រកាន់របស់មហាអំណាចលោកខាងលិចមួយនេះដែលថា អ៊ីរ៉ង់កំពុងស្វែងរកការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ៕
ប្រែសម្រួល៖ ប៉ិច ស៊ីនួន