ថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២៥

ប្រទេសតួកគីនឹងចាត់វិធានការដើម្បីរៀបចំឱ្យមានជំនួបកំពូលរវាងលោក ពូទីន និងលោក ហ្សឺឡិនស្គី

០៣ មិថុនា ២០២៥ | ព័ត៌មានអន្តរជាតិ

ថ្លែងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃចន្ទ ប្រធានាធិបតីតួកគីលោក តាយីប អឺដូហ្កាន បាននិយាយថា ប្រទេសតួកគីនឹងចាត់វិធានការមួយចំនួនដើម្បីនាំយកមេដឹកនាំរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន និងមេដឹកនាំអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សឺឡិនស្គី ឱ្យជួបគ្នាដោយផ្ទាល់នៅក្នុងរដ្ឋធានីអង់ការ៉ា ឬក៏ទីក្រុងអ៊ីស្ដង់ប៊ុលនៃប្រទេសគួកគីក្នុងពេលខាងមុខ។

 

 

លោក អឺដូហ្កាន បានបន្ថែមថា លោកក៏នឹងអញ្ជើញប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ឱ្យចូលរួមក្នុងជំនួបកំពូលនេះជាមួយនឹងលោកផងដែរ ប៉ុន្តែលោកមិនទាន់បញ្ជាក់អំពីពេលវេលាច្បាស់លាស់នៃជំនួបកំពូលនេះនៅឡើយទេ។

 

 

ការប្រកាសរបស់លោក អឺដូហ្កាន នេះបានធ្វើឡើងក្រោយពីមានកិច្ចចរចាសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែននៅទីក្រុងអ៊ីស្តង់ប៊ុលកាលពីថ្ងៃចន្ទ។ កិច្ចចរចានេះបានបញ្ចប់ក្នុងពេលតែ១ម៉ោងបន្ទាប់ពីអ៊ុយក្រែនបានបើកការវាយប្រហារដោយយន្តហោះដ្រូនដ៏ច្រើនទៅលើយន្តហោះទម្លាក់គ្រាប់បែកជាយុទ្ធសាស្ត្រដែលមានសមត្ថភាពផ្ទុកអាវុធនុយក្លេអ៊ែររបស់រុស្ស៊ី។ បើទោះជាបរិយាកាសនៃកិច្ចចរចានេះមានភាពអួអាប់ និងមានរយៈពេលខ្លីក៏ដោយ ប៉ុន្តែកិច្ចចរចានេះបានផ្តល់នូវកិច្ចព្រមព្រៀងមួយដើម្បីធ្វើការផ្លាស់ប្តូរអ្នកទោសយោធាបន្ថែមទៀត ហើយអ៊ុយក្រែនបាននិយាយថា ភាគីទាំងពីរគ្រោងនឹងជួបចរចាគ្នាម្ដងទៀតនៅពេលខាងមុខ។

 

 

សូមរំលឹកថា កាលពីដើមខែមុន ភាគីទាំងពីរក៏បានជួបពិភាក្សាម្ដងហើយដែរនៅកន្លែងដដែលនេះដោយពួកគេបានព្រមព្រៀងគ្នាធ្វើការដោះដូរអ្នកទោសយោធាជាច្រើន ប៉ុន្តែមិនទាន់សម្រេចបាននូវកិច្ចព្រមព្រៀងបទឈប់បាញ់ក្នុងសង្គ្រាមនៅអ៊ុយក្រែននៅឡើយទេ៕

 

ប្រែសម្រួល៖ ប៉ិច ស៊ីនួន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025