ថ្ងៃអាទិត្យ ទី០១ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃអាទិត្យ ទី០១ ខែមិថុនា ឆ្នាំ២០២៥
ក្រោយចំណាយពេលព្យាបាលខ្ទង់ច្រមុះមួយរយៈធំ ពេលនេះ អ៊ីមី បានជាសះស្បើយច្រើនហើយ តែអ្វីដែលគួរឱ្យព្រួយបារម្ភនោះគឺ ច្រមុះរបស់លោកមានសភាពវៀច ត្រូវការឱ្យលោកទៅពេទ្យតក្តោងច្រមុះនោះឱ្យដូចដើមវិញ។
ដូចប្រិយមិត្តបានជ្រាបស្រាប់ហើយថា កាលពីពេលថ្មីៗកន្លងទៅ តារារ៉េបវ័យក្មេងពោរពេញដោយទេពកោសល្យ និងថ្វីមាត់មិនចេះរីងស្ងួត អ៊ីមី ធ្វើឱ្យអ្នកគាំទ្រព្រួយបារម្ភជាខ្លាំងពេលឃើញលោកត្រូវឡានពេទ្យដឹកមកសង្គ្រោះបន្ទាន់នៅមន្ទីរ ដោយសារតែការលេងបាល់ខុសបច្ចេកទេសបណ្តាលឱ្យលោករងរបួសខ្ទង់ច្រមុះយ៉ាងធ្ងន់ធ្ងរ។
ស្រាប់តែថ្មីៗនេះ តារារ៉េបពន្លកថ្មីកំពុងមានកេរ្តិ៍ឈ្មោះបោះសម្លេងក្នុងវិស័យតន្ត្រីរ៉េបនៅកម្ពុជា Emi ដែលមានឈ្មោះពិតថា ស៊ី សីហា ប្រាប់ឱ្យភីអិនអិនដឹងថា ពេលនេះខ្ទង់ច្រមុះរបស់លោកបានជាសះស្បើយច្រើនហើយ ក្រោយទទួលការព្យាបាលអស់មួយរយៈធំ តែត្រូវបន្តពិនិត្យតាមដានយ៉ាងល្អិតល្អន់បន្តទៀត។
ប៉ុន្តែ អ្វីដែលគួរឱ្យព្រួយបារម្ភនោះគឺច្រមុះរបស់ អ៊ីមី មានសភាពវៀច តម្រូវឱ្យលោកទៅពេទ្យដើម្បីតក្តោងច្រមុះនោះឱ្យត្រង់ដូចដើមវិញ។ទោះមានបញ្ហាធ្ងន់ធ្ងរលើច្រមុះបែបនេះក្តី ក៏ អ៊ីមី នៅតែអាចបំពេរអារម្មណ៍អ្នកគាំទ្រដដែរ ព្រោះឧបទេវហេតុបាក់ខ្ទង់ច្រមុះនេះមិនបានប៉ះពាល់ដល់ការប្រើប្រាស់សម្លេងរបស់លោកនោះឡើយ ដូច្នេះលោកនៅតែអាចស្រែករ៉េបចម្រៀងថ្មីៗដើម្បីបម្រើអារម្មណ៍អ្នកគាំទ្របានដោយគ្មានបញ្ហា៕
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច និង ហ្វេសប៊ុក