ថ្ងៃពុធ ទី២៨ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃពុធ ទី២៨ ខែឧសភា ឆ្នាំ២០២៥
នេះជាការបែកបាក់គូស្នេហ៍លើកទី៣ហើយសម្រាប់ តារាសិចស៊ីរូបនេះ បន្ទាប់ពីចែកផ្លូវគ្នាដើរជាមួយតារាចម្រៀងនាយ ចឺម និងគូស្នេហ៍មួយរូបទៀតឈ្មោះ សកល ដែលជានិស្សិតបញ្ចប់ការសិក្សាមកពីបរទេស។ ប្រការនេះហើយទើបនាង ប្រកាសវិលត្រឡប់របស់នាងលើកនេះគឺលែងមានសំពាធផ្លូវចិត្តដូចកាលពីមុនហើយ ។
កញ្ញា អៀ ម៉េងលិ ធ្លាប់ជាតារាសម្តែងល្បីឈ្មោះមួយរូបកាលពីប៉ុន្មានឆ្នាំមុន តែដោយសារនាងចង់ផ្គាប់ចិត្តគូស្នេហ៍ ទើបនាងសម្រេចចិត្តបោះបង់អាជីពសិល្បៈចោលទាំងស្រុង ដើម្បីធ្វើតាមតម្រូវចិត្តដៃគូខ្លួន ។ ទំនាក់ទំនងកញ្ញា និងគូស្នេហ៍ មិនទាន់ឈានដល់ការភ្ជាប់ពាក្យឬមង្គលការតាមពេលវេលាដែលបានកំណត់ផង ស្រាប់តែនៅដើមខែ មករាឆ្នាំ២០២៥កន្លងមកនេះ នាងបែរជាប្រកាសបែកបាក់ជាមួយគូស្នេហ៍ខ្លួនទៅវិញ បន្ទាប់ពីអ្នកទាំងពីរបានបណ្តើរគ្នាទៅលេងនៅ អឺរ៉ុប ។
ថ្មីៗនេះ តារាសិចស៊ីខាងលើ បានលេចមុខក្នុងពិភពសិល្បៈឡើងវិញ ដោយជំហានដំបូងនេះនាងបានត្រឡប់ទៅធ្វើជា BA ឱ្យក្រុមហ៊ុន HK7 បន្ទាប់បានបែកបាក់គូស្នេហ៍ ។
អៀ ម៉េងលិ បានបញ្ជាក់ប្រាប់ថា នាងនៅតែស្រឡាញ់សិល្បៈ បើមានឱកាសនាងនៅតែប្រលូកក្នុងវិស័យសិល្បៈដើម្បីស្វែងរកក្តីស្រមៃថ្មីក្នុងជីវិត បន្ទាប់ពីដើរខុសជាច្រើនលើកច្រើនសារនាពេលកន្លងមក ។
ទន្ទឹមនិងការប្រកាសបែកបាក់គូស្នេហ៍ អៀ ម៉េងលិ ក៏បានបោះទុនប្រាក់រាប់ម៉ឺនដុល្លារបើកហាងកាហ្វេមួយកន្លែងដើម្បីរកប្រាក់ចំណូលចិញ្ចឹមជីវិត ។ បន្ទាប់ពីទទួលបានការងារជា BA ឱ្យក្រុមហ៊ុនមួយ អៀ ម៉េងលិ ក៏ត្រៀមនឹងចូលរួមថតភាពយន្តឡើងវិញផងដែរ នាងសង្ឃឹមថា ទស្សនិកនៅតែស្រឡាញ់ ចូលចិត្ត និងគាំទ្រស្នាដៃខ្លួនដូចកាលពីមុន ៕
អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ភីអិនអិន និង ហ្វេសប៊ុក