ថ្ងៃសុក្រ ទី២៣ ខែឧសភា ឆ្នាំ២០២៥

 ឱក សុគន្ធកញ្ញា បេ្តជ្ញាជួយរួមចំណែកលើកកម្ពស់ការអប់រំយុវជន ក្រោយក្លាយជាទូតសុច្ឆន្ទៈ កាយរឹទ្ធិជាតិ កម្ពុជា 

២០ ឧសភា ២០២៥ | កម្សាន្ដ

 

តារាចម្រៀង ឱក សុគន្ធកញ្ញា បានបេ្តជ្ញាចិត្តបំពេញតួនាទីឱ្យបានល្អបំផុត បន្ទាប់ពីក្លាយជាទូតសុច្ឆន្ទៈកាយរឹទ្ធិជាតិ កម្ពុជា ដើម្បីលើកកម្ពស់ការអប់រំយុវជននៅក្នុងប្រទេស កម្ពុជា ។ 

 

 

ធ្លាប់លេចមុខនៅក្នុងការងារសប្បុររសធម៌រាប់មិនអស់ ស្រាប់តែនៅថ្ងៃទី១៩ខែ ឧសភា ឆ្នាំ២០២៥ កន្លងមកនេះ តារាចម្រៀងល្បីឈ្មោះអ្នកនាង ឱក សុគន្ធកញ្ញា ត្រូវបានជ្រើសរើស និងប្រកាសក្លាយទៅជាទូតសុច្ឆន្ទៈនៃកាយរឹទិ្ធជាតិកម្ពុជាដើម្បីលើកម្ពស់ការអប់រំយុវជននៅក្នុង ប្រទេស កម្ពុជា ។ពិធីសច្ចាប្រណិធាន និង បំពាក់កន្សែងជូនដល់តារាចម្រៀងអ្នកនាង ឱក សុគន្ធកញ្ញា បានធ្វើឡើងក្រោមវត្តមានលោក ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាកយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ និងយុវជនកីឡា និងជាប្រធានកាយរិទ្ធិជាតិ កម្ពុជា ។

 

 

 ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្រ្តី បានស្វាគមន៍យ៉ាងកក់ក្តៅដល់តារាចម្រៀងអ្នកនាង ឱក សុគន្ធកញ្ញា និងសហការី ចំពោះការចូលរួមក្នុងមហាគ្រួសារកាយរឹទ្ធិជាតិកម្ពុជា និងបានលើកឡើងពីសាវតានៃចលនាកាយរឹទ្ធិពិភពលោក ក៏ដូចជាសកម្មភាពជាច្រើនរបស់កាយរឹទ្ធិជាតិកម្ពុជាកន្លងមក និងនាពេលខាងមុខ។

 

 

 ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ថែមទាំងបានវាយតម្លៃខ្ពស់ចំពោះតារាចម្រៀងអ្នកនាង ឱក សុគន្ធកញ្ញាដែលបានស្ម័គ្រចិត្តទទួលយកភារកិច្ចជាទូតសុច្ឆន្ទៈ នៃកាយរឹទិ្ធជាតិកម្ពុជា ដើម្បីផ្សព្វផ្សាយពីសកម្មភាពកាយរឹទិ្ធជាតិកម្ពុជា សំដៅលើកកម្ពស់ការអប់រំដល់យុវជនជំនាន់ក្រោយ តបតាមអនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលយកចិត្តទុកដាក់ជំរុញឱ្យយុវជនចូលរួមការងារសង្គម ដើម្បីបង្កើនភាពធន់ និងចំណេះដឹងប្រែក្លាយជាកម្លាំងចលករចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិ ។

 

 

តារាចម្រៀងអ្នកនាង ឱក សុគន្ធកញ្ញា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ឯកឧត្ដមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ព្រមទាំងក្រុមការងារកាយរឹទ្ធិទាំងអស់ ដែលបានផ្តល់កិត្តិយស និងឱកាសឱ្យអ្នកនាង និងសហការី បានចូលរួមបំពេញភារកិច្ចដ៏មានអត្ថន័យនេះ ដើម្បីបម្រើដល់សង្គមជាតិ ដោយបានការប្តេជ្ញាចិត្តខ្ពស់ក្នុងការរួមចំណែកឱ្យកាន់តែសកម្មដល់សកម្មភាពមនុស្សធម៌ សប្បុរសធម៌ ធ្វើជាគំរូបង្ហាញនូវទង្វើល្អក្នុងការរស់នៅ សច្ចធម៌ គុណធម៌ សន្តិភាពផ្លូវចិត្ត ជំរុញលើកទឹកចិត្តយុវជនជំនាន់ក្រោយឱ្យក្លាយជាកូនល្អ មិត្តល្អ សិស្សល្អ និងពលរដ្ឋល្អ ។  អ្នកនាង ឱក សុគន្ធកញ្ញា ថែមទាំងបានអរគុណចំពោះការទុកចិត្ត និងសេចក្តីស្រឡាញ់ ហើយប្តេជ្ញាចិត្តបំពេញតួនាទីការងារនេះឱ្យបានល្អបំផុត ក្នុងនាមជាទូតសុច្ឆន្ទៈ នៃកាយរឹទិ្ធជាតិកម្ពុជាដើម្បីលើកម្ពស់ការអប់រំយុវជននៅក្នុង ប្រទេស កម្ពុជា   ៕

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ភីអិនអិន និង ហ្វេសប៊ុក

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025