ថ្ងៃសៅរ៍ ទី១៧ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី១៧ ខែឧសភា ឆ្នាំ២០២៥
តារាចម្រៀង ខេម បានបង្ហាញពីស្ថានភាពធ្ងន់ធ្ងរខ្លាំងក្រោយឆ្លងជំងឺកូវីដ១៩សារជាថ្មី ខណៈពេលដែលក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសពីស្ថានភាពនៃការចម្លងវីរុសកូវីដ១៩ នៅតែមានបន្ត ។នៅពេលដែលប្រកាសថាខ្លួនកំពុងឆ្លង និងសម្រាកព្យាបាលជំងឺកូវីដ១៩ ស្រាប់តែមានមតិជាច្រើនថាតារាចម្រៀង ខេម សម្តែងធ្វើជាឈឺ ។
ទោះជាយ៉ាងនេះក្តីតារាចម្រៀងរូបនេះ បានប្រកាសក្តែងៗនិងបង្ហាញពីស្ថានភាពសុខភាពរបស់លោកពេលនេះថា លោកពិតជាឈឺយ៉ាងពិតប្រាកដ ត្រូវសម្រាកព្យាបាលឱ្យបានត្រឹមត្រូវ បន្ទាប់ពីរកឃើញថាលោកឆ្លងជំងឺកូវីដ១៩ ជាលើកទី២ ។
ថ្មីៗនេះ ក្រសួងសុខាភិបាលចេញសេចក្តីប្រកាសព័ត៌មានស្តីពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ ១៩ ដល់សាធារណៈជនបានដឹងថា ស្ថានភាពនៃការចម្លងវីរុសកូវីដ១៩នៅតែមានបន្ត សូមឱ្យបងប្អូនប្រជាពលរដ្ឋប្រយ័ត្ននិងការពារខ្លួនឱ្យល្អ ។ ជាមួយគ្នានេះផងដែរតារាចម្រៀងលោក ខេម បានប្រកាសថាខ្លួនកំពុងកើតជំងឺកូវីដ១៩ នេះផងដែរ ។
ខេម បានបង្ហាញពីស្ថានភាពសុខភាពរបស់ខ្លួនថា ដំបូងលោកមានអាការៈ ក្តៅខ្លួន ហៀរសំបោរ ឈឺក ក្អក និងឈឺតាមសាច់ដុំ ជាដើម លោកបានទៅពិនិត្យនៅមន្ទីរពេទ្យឯកជនមួយកន្លែង ជាលទ្ធផលលោកឆ្លងមេរោគកូវីដ១៩យ៉ាងពិតប្រាកដ ។
ទោះបីជាមានមតិមួយចំនួនថាលោក សម្តែងធ្វើជាឈឺ និងឆ្លងជំងឺនេះក្តី តែធាតុពិតលោកពិតជាឈឺនិងត្រូវសម្រាកព្យាបាលតាមការណែនាំរបស់គ្រូពេទ្យមែន ដូច្នេះសូមបងប្អូនប្រុងប្រយ័ត្ននិងថែរក្សាសុខភាពឱ្យបានគ្រប់ៗគ្នា ។ ថ្វីដ្បិតតែការឈឺរបស់លោកលើកនេះមិនខ្លាំងដូចកាលពីមុន តែចាត់ទុកថាជាស្ថានភាពគួរឱ្យព្រួយបារម្ភដែរ ។
ស្របពេលដែលសម្រាកព្យាបាលជំងឺកូវដី១៩ លោក ខេម ត្រូវផ្អាកការងារទាំងស្រុង ទាំងការងារចេញសម្តែងតាមខេត្ត និងការងារផ្សេងៗ សូម្បីមិត្តភក្តិ ក៏លោកមិនហ៊ានជួបដែរ ។ លោក ខេម ថែមទាំងនិយាយទៀតថា លោកបង្ហាញពីស្ថានភាពនៃការឆ្លងជំងឺកូវីដ១៩នេះមិនមានគំនិតបំភ័យ ឬកុហក ណាមួយទេ គ្រាន់តែលោកចង់ឱ្យបងប្អូនមានការប្រុងប្រយ័ត្នប៉ុណ្ណោះ ...៕
អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ភីអិនអិន និង ហ្វេសប៊ុក