ថ្ងៃព្រហស្បតិ៍ ទី១៥ ខែឧសភា ឆ្នាំ២០២៥

មុខជំនួញរឹងមាំ ឌុច លីដា ផ្ដើមវិលមកថតភាពយន្តឡើងវិញក្រោយខកខានច្រើនឆ្នាំ ! 

១៣ ឧសភា ២០២៥ | កម្សាន្ដ

 

 

តារាសិចស៊ី ឌុច លីដា បានវិលត្រឡប់មកថតភាពយន្តឡើងវិញហើយ បន្ទាប់ពីខកខានជាច្រើនឆ្នាំ ។ ការវិលត្រឡប់នេះក៏ព្រោះតែមុខជំនួញក្នុងដៃជាច្រើនមានភាពរឹងមាំជាងមុន។  

 

 

ស្របពេលដែលបោះទុនប្រាក់រាប់ម៉ឺនដុល្លារក្នុងការទិញសិទ្ធកាហ្វេប្រ៊េនមួយប្រភេទយកមកបើរកស៊ី តារាសម្តែង ឌុច លីដា ទើបតែទទួលថតរឿងថ្មីមួយឱ្យផលិតកម្មក្នុងស្រុក ដោយទទួលបានតម្លៃខ្លួនខ្ពស់ដូចកាលពីមុនដដែល បើទោះបីជាពេលនេះវ័យរបស់នាងកាន់តែច្រើននិងតំណែងតួឯកមិនស្ថិតនៅដូចដើមក្តី ។ 

 

 

សម្រាប់រឿងថ្មីដែលតារាសិចស៊ីរូបនេះ ទើបទទួលថតនេះគឺជាប្រភេទរឿងខ្មោចភ័យរន្ធត់ ទោះបីជានាងអាក់ខាននៅក្នុងការសម្តែងអស់ពេលជាច្រើនឆ្នាំ ឌុច លីដា នៅតែអះអាងថា សម្រាប់ការសម្តែងនេះ នាងនៅតែធ្វើបានយ៉ាងល្អដូចកាលពីមុន ពុំមានឧបសគ្គណាមួយសម្រាប់នាងឡើយ ប្រការសំខាន់រឿងនេះត្រូវនឹងចំណងចំណូលចិត្តរបស់នាងផង បន្ទាប់ពីអាក់ខាននៅក្នុងការសម្តែងអស់ពេលជាច្រើនឆ្នាំ ។ ចំណែកអ្នកដឹកនាំរឿងនៅតែសរសើរពីស្នាដៃសម្តែងរបស់ ឌុច លីដា ថាល្អមិនចាញ់ពីពេលមុនឡើយ ។  

 

 

ជុំវិញនៃការវិលត្រឡប់មកកាន់វិស័យសម្តែងឡើងវិញរបស់តារាសម្តែង ឌុច លីដា ត្រូវបានអ្នកស្និទ្ធជាមួយនាងទម្លាយប្រាប់ថា ស្វាមី ឌុច លីដា អនុញាតិឱ្យនាងថតភាពយន្តឡើងវិញ ព្រោះតែរឿងនេះមិនមែនជារឿងបែបសិចស៊ីឬស្និទ្ធស្នាលជាមួយតួប្រុសណាមួយ ។ 

 

 

ទន្ទឹមនិងការវិលត្រឡប់មកកើបលុយនៅក្នុងវិស័យសម្តែងឡើងវិញ តារាសម្តែងល្បីឈ្មោះខាងលើ ក៏បានបោះទុនប្រាក់រាប់ម៉ឺនដុល្លារទិញសិទ្ធប្រ៊េនកាហ្វេសរបស់តារាកំប្លែង PeyPeyDy យកមកបើកផងដែរ ដើម្បីបង្កើនប្រាក់ចំណូល ។ 

 

 

ឌុច លីដា បានបញ្ជាក់ប្រាប់ថា នាងមិនចង់ទុកពេលវេលាទំនេរចោលឥតប្រយោជន៍ទេ ទើបចេះតែប្រឹងរកមុខរបរបន្ថែមដើម្បីរកប្រាក់ចំណូលចិញ្ចឹមជីវិត ណាមួយកូនរបស់នាងពេលនេះក៏ធំជាងមុនដែរ មានពេលវេលាច្រើន ក្នុងការងាររកស៊ី ក៏ដូចជាការងារថតជាដើម។នាងរំពឹងថាប្រាក់ចំណូលនៃការរកស៊ីអាចនឹងជួយសម្រួលដល់ជីវភាពរបស់ខ្លួនបាន ។ ម្យ៉ាងវិញទៀតចាប់ពីពេលនេះតទៅនាងនឹងប្រលូកក្នុងវិស័យសិល្បៈឡើងវិញ ឱ្យកាន់តែខ្លាំងក្លាឡើង ៕ 

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ភីអិនអិន និងហ្វេសប៊ុក

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025