ថ្ងៃពុធ ទី១៤ ខែឧសភា ឆ្នាំ២០២៥

តារាល្បីៗប្រចាំទ្វីបអាហ្រ្វិកចូលរួមកម្មវិធី​ពានរង្វាន់ Africa Magic Viewers' Choice

១៤ ឧសភា ២០២៥ | កម្សាន្ដ

 

 

កម្មវិធីពានរង្វាន់ភាពយន្តលំដាប់កំពូលរបស់ទ្វីបអាហ្រ្វិក Africa Magic Viewers' Choice Awards សម្រាប់ឆ្នាំ២០២៥ ត្រូវបានប្រារព្ធឡើងកាលពីពេលថ្មីៗដោយមានវត្តមានចូលរួមពីសំណាក់តារាសម្ដែង និងផលិតករល្បីៗជាច្រើនក្នុងតំបន់។

 

 

 

នៅទីក្រុង Lagos ប្រទេសនីហ្សេរីយ៉ា កម្មវិធីពានរង្វាន់ Africa Magic Viewers' Choice Awards ហៅកាត់ AMVCA ត្រូវបានប្រារព្ធឡើងកាលពីចុងសប្ដាហ៍កន្លងទៅ។ ជាការប្រារព្ធឡើងលើកទី ១១ នៅឆ្នាំនេះ កម្មវិធី AMVCA ត្រូវបានគេស្គាល់ថាជាព្រឹត្តិការណ៍ពានរង្វាន់ដ៏មានកិត្យានុភាពបំផុតសម្រាប់វិស័យភាពយន្តប្រចាំទ្វីបអាហ្រ្វិក។

 

 

រយៈពេលជាងមួយទសវត្សរ៍មកហើយ កម្មវិធី AMVCA បានយកចិត្តទុកដាក់ និងផ្ដល់កិត្តិយសដល់សិល្បករក៏ដូចជាផលិតករដែលមានទេពកោសល្យច្នៃប្រតិដ្ឋ ដើម្បីបង្ហាញពីភាពសម្បូរបែបនិងភាពរស់រវើកនៃវិស័យភាពយន្តរបស់ទ្វីបអាហ្វ្រិក។

 

 

កម្មវិធីពេលល្ងាចបានចាប់ផ្តើមជាមួយនឹងការបង្ហាញខ្លួនលើកម្រាលព្រំក្រហមដ៏ស្រស់បំព្រង ពីសំណាក់តារាល្បីៗជាច្រើនដែលមកចូលរួម។ ក្នុងចំណោមនោះ បវរកញ្ញាចក្រវាលអាហ្វ្រិក និងអូសេអានីឆ្នាំ ២០២៤ កញ្ញា Chidimma Adetshina ក៏បានចូលរួមបង្ហាញវត្តមាន និងបានសម្តែងការកោតសរសើរចំពោះបេសកកម្មរបស់ព្រឹត្តិការណ៍នេះ ដើម្បីផ្តល់កិត្តិយសដល់អ្នកមានទេពកោសល្យនៅតំបន់អាហ្វ្រិក។

 

 

ចំណែកតារាសម្ដែងប្រុសនីហ្សេរីយ៉ាលោក Zubby Michael ក៏បានបង្ហាញអារម្មណ៍សប្បាយរីករាយ និងមានសុដ្ឋិនិយមសម្រាប់អនាគតនៃវិស័យភាពយន្ត Nollywood ដែលសំដៅលើភាពយន្តសម្រាប់ប្រទេសក្នុងតំបន់អាហ្វ្រិក។ លោកសង្ឃឹមថា ក្នុងរយៈពេល ១០ ឆ្នាំខាងមុខ​លោកនឹងអាចឃើញភាពយន្ត Nollywood សហការជាមួយ Hollywood។

 

 

ចាប់ផ្ដើមប្រារព្ធឡើងជាលើកដំបូងកាលពីឆ្នាំ២០១៣ កម្មវិធីពានរង្វាន់ AMVCA មិនត្រឹមតែជាវេទិការប្រគល់ពានរង្វាន់ ប៉ុន្តែក៏បានបង្ហាញពីភាពច្នៃប្រឌិត សាមគ្គីភាព និងមហិច្ឆតារបស់អ្នកធ្វើការក្នុងវិស័យកម្សាន្តអាហ្វ្រិកផងដែរ។

 


ប្រែសម្រួល៖ វ៉ាន់ថន

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025