ថ្ងៃសុក្រ ទី១៨ ខែកក្កដា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី១៨ ខែកក្កដា ឆ្នាំ២០២៥
ព្រឹត្តិការណ៍ប្រគំតន្ត្រីធំប្រចាំឆ្នាំមួយរបស់ទីក្រុងឡុងដ៍ គឺ Summertime Ball បានប្រារព្ធឡើងយ៉ាងអធិកអធមជាមួយវត្តមានតារាល្បីៗលំដាប់ពិភពលោកដូចជា Will Smith និង Jessie J។
តារាសម្ដែង Will Smith ដែលត្រូវបានស្គាល់ផងដែរថាជាតារាចម្រៀងរ៉េបល្បីមួយរូប បានបង្កើតបរិយាកាសសប្បាយរីករាយកាន់តែខ្លាំងសម្រាប់ទស្សនិកជនក្នុងព្រឹត្តិការណ៍ Capital's Summertime Ball កាលពីថ្ងៃទី១៥ ខែមិថុនា ជាមួយការសម្ដែងបទចម្រៀងល្បីរបស់លោកមានចំណងជើងថា "The Fresh Prince of Bel-Air"។
ចូលរួមសម្ដែងជាមួយកូនប្រុសរបស់ខ្លួនគឺ Jaden Smith តារាហូលីវូដជើងចាស់រូបនេះក៏បានសម្ដែងបទ “Men In Black” ដែលជាបទដ៏ល្បីរបស់លោកកាលពីឆ្នាំ១៩៩៧ ផងដែរ។ មុនការប្រគំតន្ត្រីនេះតែប៉ុន្មានថ្ងៃ Will Smith ក៏ទើបតែចេញបទចម្រៀងថ្មីមួយបទមានចំណងជើងថា “Pretty Girls” កាលពីថ្ងៃទី១៣ ខែមិថុនា ខណៈត្រៀមចាប់ផ្ដើមការប្រគំតន្ត្រីទេសចរណ៍ពិភពលោករបស់លោកនៅទីក្រុង Hamburg ប្រទេសអាល្លឺម៉ង់ នៅថ្ងៃទី១៣ ខែកក្កដា ខាងមុខ។
តារាចម្រៀងប៉ុប Jessie J ក៏បានឡើងឆាកក្នុងពេលប្រគំតន្ត្រីនេះដែរដើម្បីសម្តែងបទចម្រៀងល្បីបំផុតរបស់ខ្លួនមានចំណងជើងថា “Price Tag”។ តារាចម្រៀងស្រីអង់គ្លេសរូបនេះទើបតែប្រកាសកាលពីពេលថ្មីៗនេះថាខ្លួនកំពុងមានជំងឺមហារីកសុដន់ និងបានថ្លែងទៅកាន់ទស្សនិកជនថា ការសម្ដែងនៅ Summertime Ball នឹងជាការសម្ដែងចុងក្រោយរបស់នាងមុននឹង ឃ្លាតឆ្ងាយពីសិល្បៈមួយរយៈដើម្បីទៅព្យាបាលជំងឺដ៏កាចសាហាវនេះ។
សិល្បករផ្សេងទៀតដែលបានសម្ដែងលើឆាក Summertime Ball ឆ្នាំនេះដែររួមមានតារាចម្រៀងប្រុសអាមេរិក Benson Boone និងតារាចម្រៀងស្រីអង់គ្លេស JADE ដែលបានសម្តែងបទល្បីៗរបស់ពួកគេដូចជាបទ "Beautiful Things" និងបទ "Angel Of My Dreams" ៕
ប្រែសម្រួល៖ វ៉ាន់ថន