ថ្ងៃសៅរ៍ ទី០២ ខែសីហា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី០២ ខែសីហា ឆ្នាំ២០២៥
ការប្រគំតន្ត្រី 'Cowboy Carter' របស់តារាចម្រៀងអាមេរិក Beyonce ក្លាយជាការប្រគំតន្ត្រីទេសចរណ៍បែប Country ដែលរកចំណូលបានខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ និងបំបែកកំណត់ត្រាជាច្រើនទៀត។
ក្រុមហ៊ុនរៀបចំព្រឹត្តិការណ៍ Live Nation បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី ២៨ ខែកក្កដាថា ការប្រគំតន្ត្រីទេសចរណ៍ "Cowboy Carter" របស់តារាចម្រៀង Beyonce នៅពេលនេះបានក្លាយជាការប្រគំតន្ត្រីទេសចរណ៍ Country ដែលរកចំណូលបានខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រពោលគឺជាង ៤០០ លានដុល្លារ។
ប្រភពដដែលបន្ថែមថា តារាចម្រៀងម្ចាស់បទ "Drunk in Love" ក៏បានក្លាយជាសិល្បករស្បែកខ្មៅដែលរកចំណូលបានខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ និងជាតារាចម្រៀង R&B ដែលរកចំណូលបានខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រដូចគ្នា។ មិនតែប៉ុណ្ណោះ តារាស្រីវ័យ ៤៣ ឆ្នាំរូបនេះ ក៏បានបង្កើតប្រវត្តិសាស្ត្រជាស្ត្រី និងជាជនជាតិអាមេរិកដំបូងគេ ដែលមានការប្រគំតន្ត្រីទេសចរណ៍ចំនួនពីរអាចរកចំណូលបានជាង ៤០០ លានដុល្លារ។
នៅចុងខែមេសា Beyonce បានចាប់ផ្តើមការប្រគំតន្ត្រីទេសចរណ៍ "Cowboy Carter" នៅទីក្រុង Los Angeles ដោយបានសម្ដែងបទ "Texas Hold 'Em" និងបទចម្រៀងចង្វាក់ Country ល្បីៗជាច្រើនទៀតរបស់នាង ព្រមទាំងបាននាំកូនស្រីមកសម្ដែងលើឆាកជាមួយគ្នាផងដែរ។ ការសម្ដែងចំនួន ៣២ ឆាកនៅពហុកីឡដ្ឋានធំៗក្នុងតំបន់អាមេរិកខាងជើង ចក្រភពអង់គ្លេស និងអឺរ៉ុប សុទ្ធតែលក់សំបុត្រដាច់អស់គ្មានសល់។
ពេញមួយដំណើរប្រគំតន្ត្រីទេសចរណ៍របស់នាង Beyonce បានគោរពដល់ការរួមចំណែករបស់ជនជាតិអាមេរិកស្បែកខ្មៅចំពោះតន្ត្រី Country ជាពិសេសក៏បានផ្តល់កិត្តិយសដល់សិល្បករជនជាតិស្បែកខ្មៅ ដែលមួយចំនួនបានបង្ហាញវត្តមាននៅក្នុងអាល់ប៊ុម "Cowboy Carter" ផងដែរ។កាលពីខែកុម្ភៈ Beyonce ក៏បានក្លាយជាស្ត្រីស្បែកខ្មៅដំបូងគេផងដែរ ដែលឈ្នះអាល់ប៊ុមចម្រៀង Country ល្អបំផុតនៅកម្មវិធី Grammy Awards ឆ្នាំ ២០២៥ ៕
ប្រែសម្រួល៖ វ៉ាន់ថន