ថ្ងៃសៅរ៍ ទី០២ ខែសីហា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី០២ ខែសីហា ឆ្នាំ២០២៥
តារាចម្រៀងអង់គ្លេស Charli XCX ត្រូវបានគេរាយការណ៍ថាបានចូលរោងការជាមួយសមាជិកក្រុមតន្រ្តីរ៉ុក The 1975 រយៈពេល ៣ឆ្នាំបន្ទាប់ពីបើកចំហពីចំណងស្នេហ៍ជាសាធារណៈ។
តារាចម្រៀងល្បីអង់គ្លេស Charli XCX (ឆាលី អិចស៊ីអិច) និងតន្ត្រីករ George Daniel (ចច ដាញែល) ដែលជាសមាជិកក្រុមតន្រ្តីរ៉ុកអង់គ្លេស The 1975 បានភ្ជាប់ចំណងអាពាហ៍ពិពាហ៍ជាមួយគ្នានៅទីក្រុងឡុងដ៍កាលពីចុងសប្ដាហ៍កន្លងទៅ។
ផ្អែកតាមទស្សនាវដ្ដី Vogue (វ៉ូក) គូស្នេហ៍មួយគូនេះត្រូវបានគេប្រទះឃើញនៅខាងក្រៅបរិវេណ Hackney Town Hall ដោយកូនកំលោះវ័យ ៣៥ឆ្នាំ George Daniel បានស្លៀកឈុតអាវធំ ហើយកូនក្រមុំវ័យ ៣២ ឆ្នាំ Charli XCX ស្លៀករ៉ូបរៀបការខ្នាតខ្លីពីម៉ាក Vivienne Westwood Nova Cora និងស្បែកជើងកែងម៉ាក Jimmy Choo ពណ៌ស។
ទន្ទឹមនោះ តារាចម្រៀងស្រីម្ចាស់បទ “360” រូបនេះក៏បានបង្ហោះវីដេអូដែលខ្លួនកំពុងដើរចូលបន្ទប់មួយដោយពាក់វ៉ែនតា និងរ៉ូបកូនក្រមុំ ក្នុងបណ្ដាញសង្គម TikTok របស់ខ្លួនដែរ ដោយបានសរសេរ Caption លើវីដេអូថា “George មិនយំទេ នៅពេលដែលគាត់ឃើញខ្ញុំដើរលើកម្រាលព្រំរៀបការ”។ ម្ចាស់ពានរង្វាន់ Grammy បីសម័យកាលរូបនេះក៏បានចែករំលែកវីដេអូពីក្រោយឆាកនៃការប្រារព្ធពិធីមង្គលការរបស់ខ្លួនមួយទៀតផងដែរ។
សូមរំឭកថា គូស្នេហ៍មួយគូនេះបានបញ្ជាក់ពីទំនាក់ទំនងរបស់ពួកគេនៅលើ Instagram ក្នុងខែឧសភា ឆ្នាំ ២០២២ ហើយក្នុងខែវិច្ឆិកា ឆ្នាំ ២០២៣ Charli XCX ក៏បានចែករំលែកតាម Instagram ថានាងបានភ្ជាប់ពាក្យជាមួយអ្នកវាយស្គរប្រចាំក្រុម The 1975 ហើយ។
ក្រុមចម្រៀងរ៉ុក The 1975 ធ្លាប់ឈ្នះពានរង្វាន់ Brit Award ចំនួនបួន និងត្រូវបានគេស្គាល់សម្រាប់បទចម្រៀងល្បីៗដូចជាបទ “About You”, “Someone Else” និងបទ “Chocolate” ៕
ប្រែសម្រួល៖ វ៉ាន់ថន