ថ្ងៃអាទិត្យ ទី១៧ ខែសីហា ឆ្នាំ២០២៥
ថ្ងៃអាទិត្យ ទី១៧ ខែសីហា ឆ្នាំ២០២៥
កំពូលតារាចម្រៀងអាមេរិក Taylor Swift កាលពីថ្ងៃអង្គារបានប្រកាសចេញអាល់ប៊ុមទី ១២ របស់ខ្លួនមានចំណងជើងថា "The Life of a Showgirl" ដោយមានទាំងកាសែត ស៊ីឌី និងថាសចម្រៀង។
បន្ទាប់ពីទទួលបានជោគជ័យយ៉ាងលើសលប់ជាមួយការប្រគំតន្ត្រីទេសចរណ៍ Eras Tour តារាចម្រៀងអាមេរិក Taylor Swift ក៏បានប្រកាសចេញអាល់ប៊ុមទី ១២ របស់ខ្លួនមានចំណងជើងថា "The Life of a Showgirl" ។
តារាចម្រៀងម្ចាស់ពាន Grammys ចំនួន ១៤ រួមទាំងពានរង្វាន់អាល់ប៊ុមប្រចាំឆ្នាំដល់ទៅ៤ ម្នាក់ឯង បានប្រកាសព័ត៌មានពីការចេញអាល់ប៊ុមនេះនៅក្នុងកម្មវិធី Podcast មួយជាមួយមិត្តប្រុសរបស់នាងគឺកីឡាករបាល់ឱប Travis Kelce (ត្រាវីស ឃេលស៊ី)។
ឃ្លីបមួយនៃកម្មវិធី Podcast New Heights ត្រូវបាន Taylor Swift បង្ហោះឡើងនៅលើគណនី Instagram របស់ខ្លួន ដោយក្នុងនោះនាងបាននិយាយថា "នេះជាអាល់ប៊ុមថ្មីរបស់ខ្ញុំ 'The Life of a Showgirl”។ គេហទំព័រផ្លូវការរបស់ តារាវ័យ ៣៥ឆ្នាំរូបនេះបានសរសេរថាកាលបរិច្ឆេទចេញផ្សាយជាផ្លូវការនៃអាល់ប៊ុមនេះនឹងត្រូវបានប្រកាសនៅពេលក្រោយ។
ក្រៅពីការលក់បែបឌីជីថល អាល់ប៊ុមថ្មីនេះនឹងត្រូវចេញលក់ជា ៣ ទម្រង់រួមមានទម្រង់ថាសចម្រៀងដែលអ្នកគាំទ្រអាចដាក់កុម្ម៉ង់ទុកមុនបានក្នុងតម្លៃ ៣០ ដុល្លារ ខណៈពីរទម្រង់ទៀតរួមមាន ទម្រង់ស៊ីឌីជាមួយ Poster មានតម្លៃ ១៣ ដុល្លារ និងទម្រង់កាសែត មានតម្លៃ ២០ដុល្លារ។
ការប្រកាសចេញអាល់ប៊ុមថ្មីនេះមានរយៈពេលប្រមាណ១ឆ្នាំកន្លះ បន្ទាប់ពីអាល់ប៊ុមទី១១ របស់នាងមានចំណងជើងថា “The Tortured Poets Department” បានចេញកាលពីខែមេសា ឆ្នាំ២០២៤។
តារាចម្រៀងស្រីល្បីឈ្មោះរូបនេះបានបញ្ចប់ការប្រគំតន្ត្រីទេសចរណ៍ពិភពលោក “Eras Tour” កាលពីខែធ្នូ ឆ្នាំ២០២៤ ដែលបានបំបែកកំណត់ត្រាពិភពលោកក្លាយជាការប្រគំតន្ត្រីទេសចរណ៍រកចំណូលបានខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ ពោលគឺរហូតដល់ជាង ២ ពាន់លានដុល្លារ ៕
ប្រែសម្រួល៖ វ៉ាន់ថន