ថ្ងៃសៅរ៍ ទី១៦ ខែសីហា ឆ្នាំ២០២៥

ចាប់ខ្លួនក្មេងទំនើងមួយក្រុមក្រោយចូលលួចផ្ទះ Brad Pitt និងតារាល្បីជាច្រើនទៀត

១៥ សីហា ២០២៥ | កម្សាន្ដ

 

ក្មេងទំនើងតាមដងផ្លូវមួយក្រុមត្រូវបានចាប់ខ្លួនបន្ទាប់ពីចូលលួចនៅផ្ទះមួយរបស់តារាសម្ដែងអាមេរិក Brad Pitt ដែលមានទីតាំងក្នុងទីក្រុង Los Angeles ។

 

 

សេចក្ដីរាយការណ៍កាលពីពេលថ្មីៗដែលដកស្រង់សម្តីលោក Jim McDonnell មេប៉ូលីសក្រុង Los Angeles បានឱ្យដឹងថាជនសង្ស័យ ៤ នាក់មានអាយុពី ១៦ ដល់ ១៨ ឆ្នាំត្រូវបានចាប់ខ្លួនក្រោមការចោទប្រកាន់ថាបានលួចគាស់ផ្ទះ Brad Pitt និងតារាល្បីៗជាច្រើនមកហើយក្នុងតំបន់នេះ។ 

 


ប៉ូលីសមិនបានបញ្ជាក់នោះទេថាតើ ជនសង្ស័យមួយក្រុមនេះបានចូលផ្ទះតារាណាខ្លះ ប៉ុន្តែតំបន់នោះត្រូវបានគេដឹងថាជាទីលំនៅរបស់តារាល្បីជាច្រើនទៀតដូចជាតារាសម្ដែង Nicole Kidman, Keith Urban និងអតីតខ្សែប្រយុទ្ធ Olivier Giroud របស់ក្លឹបបាល់ទាត់ LA ជាដើម។

 


ការស៊ើបអង្កេតបានចាប់ផ្តើមនៅក្នុងខែមិថុនា បន្ទាប់ពីផ្ទះមួយចំនួននៅសង្កាត់ Los Feliz ត្រូវបានប៉ូលីសសម្រុកចូលឆែកឆេរ ដោយលោក McDonnell បាននិយាយថា បង្អួចផ្ទះមួយចំនួនត្រូវបានរុះរើ ហើយរបស់របរត្រូវបានគេលួចយក នៅពេលប៉ូលីសទៅដល់។

 


ទោះយ៉ាងណា ខាងប៉ូលិសមិនបានបញ្ជាក់នោះទេថា តើទ្រព្យសម្បត្តិត្រូវបានលួចនោះគឺជារបស់តារាសម្ដែង Brad Pitt ឬរបស់អ្នកណា។បន្ទាប់ពីមានសេចក្ដីរាយការណ៍ សារព័ត៌មានរ៉យទ័របានទាក់ទងតំណាងរបស់តារាសម្ដែង Brad Pitt ដើម្បីសុំការអត្ថាធិប្បាយ ប៉ុន្តែមិនទទួលបានការឆ្លើយតបភ្លាមៗនោះទេ ៕
 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025