ថ្ងៃច័ន្ទ ទី១១ ខែសីហា ឆ្នាំ២០២៥

រដ្ឋមួយនៅប្រទេសម៉ិកស៊ិកបំបែកកំណត់ត្រាពិភពលោកថ្មីជាមួយនឹងការរក្សាទុកស្រាជាង៣ពាន់ដប

១១ សីហា ២០២៥ | កម្សាន្ដ

 

រដ្ឋចាលីស្កូ (Jalisco) ប្រទេសម៉ិកស៊ិកបានបង្កើតកំណត់ត្រាពិភពលោកហ្គីណេស (Guinness) ថ្មីមួយជាមួយនឹងការតាំងបង្ហាញដបស្រាដ៏អស្ចារ្យតែមួយគត់លើពិភពលោកចំនួន៣១៩៩ដប ដែលជាការប្រមូលទុកស្រាដ៏ច្រើនបំផុតមិនធ្លាប់មានពីមុនមក ហើយសមិទ្ធិផលនេះត្រូវបានបង្ហាញក្នុងពេលប្រារព្ធទិវាជាតិតេគ្វីឡា (Tequila)។

 

 


រូបភាពវីដេអូបានបង្ហាញអំពីការប្រមូលទុកស្រាដបដ៏ច្រើនដាក់តាមធ្នើរដែលបង្កើតបានជាផ្នែកមួយនៃការតាំងពិពណ៌ស្រាដបជាអចិន្រ្តៃយ៍នៅឯសារមន្ទីរតេគ្វីឡា ឡេប (Tequila Lab) ក្នុងក្រុងហ្សាប៉ូប៉េន (Zapopan) ប្រទេសម៉ិកស៊ិក។

 

 


ស្រាដបដែលបានដាក់តាំងទាំងនេះត្រូវបានបរិច្ចាគដោយក្រុមហ៊ុនផលិតស្រាចំនួន២១១ប្រភេទដែលបានចុះបញ្ជីជាមួយនឹងក្រុមប្រឹក្សានិយតកម្មតេគ្វីឡាដែលមានប្រភពមកពីរដ្ឋចំនួន៥រួមមានរដ្ឋចាលីស្កូ រដ្ឋមីឆូខេន រដ្ឋក្វូណាចូតូ រដ្ឋណាយ៉ារីត និងរដ្ឋតាម៉ូលីប៉ាស។

 

 


លោក កាឡូស តាពី រ៉ូចាស (Carlos Tapia Rojas) អ្នកវិនិច្ឆ័យផ្លូវការរបស់ Guinness World Records បាននិយាយថា សារមន្ទីរតេគ្វីឡាបានព្យាយាមបំបែកកំណត់ត្រានេះជាយូរមកហើយ ហើយឥឡូវនេះការប៉ុនប៉ងរបស់សារមន្ទីរនេះបានសម្រេចគោលដៅនេះហើយជាមួយនឹងការតាំងពិពណ៌ស្រាដបដ៏ធំបំផុតនៅលើពិភពលោក៕

 

 

 

ប្រែសម្រួល៖ ប៉ិច ស៊ីនួន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025