ថ្ងៃច័ន្ទ ទី១១ ខែសីហា ឆ្នាំ២០២៥

ប្រេសិតចិន៖ចិនប្រឆាំងយ៉ាងដាច់ខាតចំពោះការដណ្តើមយកតំបន់ហ្គាហ្សា

ប្រទេសចិន ប្រឆាំងយ៉ាងដាច់ខាត រាល់ការប៉ុនប៉ងដណ្តើមកាន់កាប់តំបន់Gaza(ហ្គាហ្សា)។នេះជាការលើកឡើងរបស់លោក Fu Cong តំណាងអចិន្ត្រៃយ៍របស់ប្រទេសចិនប្រចាំនៅអង្គការសហប្រជាជាតិនៅថ្ងៃអាទិត្យ។
 

 

 

 

ថ្លែងនៅក្នុងកិច្ចប្រជុំបន្ទាន់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ជុំវិញបញ្ហាដែលអ៊ីស្រាអ៊ែលចង់ដណ្តើមយកទីក្រុងហ្គាហ្សា(Gaza City)មកគ្រប់គ្រងនោះ ប្រេសិនរបស់ប្រទេសចិនលោក Fu បាននិយាយថា ក្រុមប្រឹក្សាសន្តិសុខនិងសហគមន៍អន្តរជាតិ ត្រូវតែចាត់វិធានការចាំបាច់ និងច្បាស់លាស់ នៅមុនពេលគ្រោះមហន្តរាយ មនុស្សធម៌កាន់តែធំផ្ទុះឡើង។

 

លោកFu បានសង្កត់ធ្ងន់ថា ប្រទេសចិន ប្រឆាំងយ៉ាងដាច់ខាតចំពោះការប៉ុនប៉ងនានា ក្នុងការដណ្តើមការកាន់កាប់តំបន់ហ្គាហ្សា។ 

 

ប្រេសិតរបស់ប្រទេសចិន បានលើកឡើងដូច្នេះ «ថ្មីៗ គណៈរដ្ឋមន្ត្រីសន្តិសុខអ៊ីស្រាអ៊ែល បានអនុម័ត្តផែនការគ្រប់គ្រងតំបន់ហ្គាហ្សា។ ប្រទេសចិន មានកង្វល់យ៉ាងខ្លាំងចំពោះបញ្ហានេះ និងបានជំរុញឱ្យអ៊ីស្រាអ៊ែលបញ្ឈប់ចំណាត់ការគ្រោះថ្នាក់នេះភ្លាមៗ។ តំបន់ហ្គាហ្សា ជាកម្មសិទ្ធិប្រជាជនប៉ាលេស្ទីន ហើយជាផ្នែកសំខាន់មួយនៃទឹកដីប៉ាលេស្ទីន។ ការប៉ុនប៉ងផ្សេងៗដើម្បីកែប្រែរចនាសម្ព័ន្ធប្រជាសាស្រ្ត និងទឹកដីរបស់ហ្គាហ្សា ត្រូវតែទប់ទល់យ៉ាងរឹងមាំ»។ 

 

ប្រេសិតចិន លោក Fu បានបញ្ជាក់បន្ថែមពីភាពចាំបាច់នៃការបោះបង់គំនិតប្រើប្រាស់កម្លាំងប្រដាប់អាវុធ ហើយលោកលើកឡើងថា មានតែកិច្ចព្រមព្រៀងបទឈប់បាញ់ភ្លាមៗតែមួយគត់អាចសង្គ្រោះជីវិតមនុស្ស និងការដោះលែងចំណាប់ខ្មាំង។ 

 

 

 

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025