ថ្ងៃអាទិត្យ ទី១០ ខែសីហា ឆ្នាំ២០២៥

Tyla ចេញបទរួមគ្នាជាមួយ Wizkid មុនចាប់ផ្ដើមប្រគំតន្ត្រីនៅអាស៊ី

០៧ សីហា ២០២៥ | កម្សាន្ដ


តារាចម្រៀងស្រីអាហ្រ្វិកខាងត្បូង Tyla ថ្មីៗនេះបានចេញវីដេអូចម្រៀងសម្រាប់បទចុងក្រោយរបស់នាងមានចំណងជើងថា "Dynamite" (ដាយណាម៉ាយ) ដែលជាការសហការជាមួយនឹងតារាចម្រៀងនីហ្សេរីយ៉ា Wizkid។

 


បទចម្រៀងនេះគឺជាបទទីបីដែលបានចេញ MV ក្នុងចំណោមបទចម្រៀង ៤បទពីអាល់ប៊ុមថ្មីរបស់តារាស្រីវ័យ ២៣ ឆ្នាំរូបនេះ មានចំណងជើងថា "WWP" (We Wanna Party) ដែលបានចេញផ្សាយនៅថ្ងៃទី ២៥ ខែកក្កដា។

 


ថ្មីៗនេះដែរ តារាចម្រៀងម្ចាស់ពានរង្វាន់ Grammy រូបនេះក៏បានចែករំលែកថា នាងនឹងមានការប្រគំតន្ត្រីទេសចរណ៍ជាលើកដំបូងនៅអាស៊ី។ នាងបានចែករំលែករូបភាពផ្សព្វផ្សាយនៃកម្មវិធីប្រគំតន្ត្រីនេះនៅលើ Instagram ជាមួយ Caption សរសេរថា "មកជប់លៀងជាមួយខ្ញុំនៅអាស៊ី អាចទិញសំបុត្របានតាមរយៈ Link ក្នុង Bio”។

 


ការប្រគំតន្ត្រីទេសចរណ៍ "We Wanna Party" នឹងចាប់ផ្តើមនៅថ្ងៃទី១១ ខែវិច្ឆិកា នៅទីក្រុងតូក្យូ ប្រទេសជប៉ុន មុននឹងបន្តទោកាន់ប្រទេសផ្សេងទៀតរួមមាន ប្រទេសថៃ ហុងកុង ហ្វីលីពីន និងសិង្ហបុរី។តារាចម្រៀង Tyla បានរកឃើញភាពជោគជ័យនៅពេលដែលបទចម្រៀងរបស់នាងមានចំណងជើង "Water" បានល្បីផ្ទុះនៅលើបណ្ដាញសង្គម TikTok ក្នុងឆ្នាំ ២០២៣ ។

 

 

បទនេះបានឡើងដល់ចំណាត់ថ្នាក់លេខ ៧ លើតារាង Billboard Hot 100 របស់សហរដ្ឋអាមេរិក និងជាប់ Top 5 នៅចក្រភពអង់គ្លេស ធ្វើឱ្យនាងក្លាយជាតារាចម្រៀងស្រីអាហ្វ្រិកដែលជាប់ចំណាត់ថ្នាក់ខ្ពស់បំផុតលើតារាងតន្ត្រីអន្តរជាតិ ក្នុងប្រវត្តិសាស្រ្ត។ មិនតែប៉ុណ្ណោះ នៅឆ្នាំបន្ទាប់ នាងក៏បានឈ្នះពានរង្វាន់ការសម្តែងចម្រៀងអាហ្វ្រិកល្អបំផុតនៅកម្មវិធី Grammy សម្រាប់បទចម្រៀងនេះដែរ ៕
 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025