ថ្ងៃអាទិត្យ ទី១០ ខែសីហា ឆ្នាំ២០២៥
ថ្ងៃអាទិត្យ ទី១០ ខែសីហា ឆ្នាំ២០២៥
ក្រុមហ៊ុន D-Nation Entertainment ដែលជាទីភ្នាក់ងាររបស់តារាចម្រៀង Park Bom បានប្រកាសថាតារាស្រីវ័យ ៤១ ឆ្នាំរូបនេះនឹងផ្អាកសកម្មភាពការងារជាមួយ 2NE1 បណ្ដោះអាសន្ន តាមរយៈសេចក្ដីថ្លែងការណ៍កាលពីថ្ងៃទី៦ ខែសីហា ។
ទីភ្នាក់ងារនេះបានពន្យល់ថាការសម្រេចចិត្តនេះត្រូវបានធ្វើឡើងបន្ទាប់ពីអ្នកជំនាញផ្នែកវេជ្ជសាស្រ្តបានណែនាំ Park Bom ថានាងត្រូវការសម្រាកបន្ថែម និងបញ្ជាក់ទៀតថា បន្ទាប់ពីការពិភាក្សាគ្នាយ៉ាងយូរ ពួកគេបានធ្វើការសម្រេចចិត្តបែបនេះដោយមិនអាចជៀសវាងបាន។
ទីភ្នាក់ងារនេះបានស្នើសុំឱ្យអ្នកគាំទ្របន្តផ្ដល់ការគាំទ្រដ៏កក់ក្តៅសម្រាប់ការជាសះស្បើយរបស់ Park Bom និងបានកោតសរសើរចំពោះការលើកទឹកចិត្តរបស់គ្រប់គ្នាចំពោះ Sandara Park, CL និង Minzy ដែលនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីធានាថាការអវត្តមានរបស់ Park Bom នឹងមិនមានបញ្ហាអ្វីឡើយ។
គួរបញ្ជាក់ថា ថ្មីៗនេះ Park Bom បានប្រឈមមុខនឹងភាពចម្រូងចម្រាសលើអ៊ីនធឺណិតជាច្រើន រួមមានការរំពឹងទុកជុំវិញការផ្លាស់ប្តូររូបរាង ព្រមទាំងមតិសាធារណៈទាក់ទងនឹងការសម្រកទម្ងន់ និងការឡើងទម្ងន់វិញរបស់នាង។
ត្បិតកំពុងមានបញ្ហាសុខភាព ប៉ុន្តែ Park Bom បានព្យាយាមចូលរួមសម្ដែងជាមួយ 2NE1 ជាហូរហែក្នុងរយៈពេលមួយខែកន្លងមក ដូចជាការសម្ដែងនៅប្រទេសកម្ពុជាកាលពីថ្ងៃទី៥ ខែកក្កដា ការសម្ដែងក្នុងកម្មវិធី Waterbomb នៅសេអ៊ូល និងចុងក្រោយគឺការសម្ដែងក្នុងការប្រកួតបាល់ទាត់ 2025 Coupang Play Series កាលពីថ្ងៃទី៣ ខែសីហា។ក្រោយអវត្តមាន Park Bom សមាជិកបីនាក់ទៀតរបស់ 2NE1 នឹងបន្តការសម្តែងនៅ Waterbomb Bali ឆ្នាំ ២០២៥ ក្នុងខែកញ្ញា នៅប្រទេសឥណ្ឌូនេស៊ី ៕
ប្រែសម្រួល៖ វ៉ាន់ថន