ថ្ងៃសៅរ៍ ទី១៦ ខែសីហា ឆ្នាំ២០២៥

ផ្ទុះការចាប់អារម្មណ៍កុមារា ទីណា ចេះលេងហ្គីតាយ៉ាងស្ទាត់ជំនាញហើយថែមទាំងច្រៀងក៏ពីរោះ ដែលកំពុងតាមរកក្ដីស្រមៃដ៏ធំមួយនេះ..

១៥ សីហា ២០២៥ | កម្សាន្ដ

 

អាយុតិចក៏ពិតមែនតែកុមារា ទីណា ចេះដេញហ្គីតាឡើងស្ទាត់ជំនាញ ថែមទាំងច្រៀងពីរោះខ្លាំងទៀត ធ្វើឱ្យអ្នកប្រើប្រាស់បណ្តាញសង្គម និង Tik Tok ផ្ទុះការចាប់អារម្មណ៍គ្រប់គ្នា។អាយុទើបតែ១៣ឆ្នាំ កុមារាមានប្រភពមកពីទឹកដីខេត្តសៀមរាប ទីណា មានក្តីស្រមៃប៉ងចង់ក្លាយជាតារាចម្រៀងអាជីពម្នាក់ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញទូទាំងប្រទេស។ 

 

 

ក្តីស្រមៃដ៏ធំនេះ កើតឡើងក្រោយកុមារារូបនេះរកឃើញថា ខ្លួនឯងចូលចិត្ត និងស្រលាញ់វិស័យតន្រ្តី ក៏ដូចជាការច្រៀងជាដើម ព្រោះសព្វថ្ងៃក្រៅពីការសិក្សាចំណេះដឹងទូទៅ ទីណា ក៏សិស្សនៅសាលាតន្រ្តីខេត្តសៀមរាបផងដែរ ជាហេតុធ្វើឱ្យកុមារារូបនេះចេះដេញហ្គីតាតាំងពីអាយុ១២ឆ្នាំមកម៉្លេះ។

 

 

កុមារាទម្រង់មុខខ្មែរអង្គររូបនេះឱ្យដឹងថា ក្រោមការជម្រុញលើកទឹកចិត្តពីឪពុកម្តាយ និងក្រុមគ្រួសារទើបខ្លួនមានឱកាសបានចូលហាត់រៀនតន្ត្រី។ សព្វថ្ងៃ ទីណា ចេះដេញហ្គីតា និងច្រៀង ហើយចូលចិត្តច្រៀងចម្រៀងបែប Acoustic បែបអន្លង់អន្លោច ស្តាប់ទៅពិតជាពិរោះខ្លាំងមែនទែន។

 

 

ទីណា បន្តថា ពេលនេះខ្លួននៅពុំទាន់មានស្នាដៃចម្រៀងផ្ទាល់ខ្លួនឡើយ បានត្រឹមតែ Cover បទចម្រៀងនានារបស់សិល្បកររៀមច្បង រួចបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក និងកម្មវិធី Tik Tok ជាដើម។ ដោយសារវីដេអូច្រៀងបណ្តើរដេញហ្គីតាបណ្តើរនេះហើយ ធ្វើឱ្យពុកម៉ែបងប្អូនផ្ទុះការចាប់អារម្មណ៍ខ្លាំង ព្រោះសមត្ថភាពដេញហ្គីតាទាំងវ័យក្មេង ម៉្យាងថែមទាំងសម្លេងផ្អែមពីរោះរណ្តំចិត្តទៀតផង។

 

 

 

ខ្លួនតូចមហិច្ឆិតាធំ សិល្បករចម្រៀងវ័យក្មេង ទីណា ថា ធំឡើងខ្លួនចង់ក្លាយជាតារាចម្រៀងអាជីពម្នាក់ ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ ដូច្នេះទើបខំប្រឹងពីពេលនេះទៅ ដោយសង្ឃឹមថា ក្តីស្រមៃដ៏ធំក្នុងជីវិតនេះនឹងអាចក្លាយជាការពិត។គួរបញ្ជាក់ឱ្យដឹងដែរថា វីដេអូចម្រៀងដែល ទីណា បង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក និងកម្មវិធី Tik Tok រមែងតែងទទួលបានការគាំទ្រខ្លាំងពីពុកម៉ែងបងប្អូន ពិសេសក្នុង Tik Tok គឺផ្ទុះខ្លាំងតែម្តង ដោយកុមារារូបនេះទទួលបានការសរសើរល្អៗមិនដាច់ពីមាត់ឡើយ។

 

 

 

ក្រៅពីការថតវីដេអូបង្ហោះលើប្រព័ន្ធអ៊ីនធឺណិត ទីណា ម្តងម្កាលក៏បង្ហើរសំនៀងដ៏ផ្អែមល្អែមរបស់ខ្លួនតាមកម្មវិធីផ្សេងៗដែលគេអញ្ញើញ ដើម្បីបានប្រាក់ចំនូលខ្លះសម្រាប់ជួយឪពុកម្តាយផងដែរ។ចង់ដឹងថា សម្លេងរបស់កុមារា ទីណា ពីរោះកម្រិតណានោះ លោកអ្នកអាចចូលទៅទស្សនាវីដេអូលើគណនីហ្វេសប៊ុក ឈ្មោះ Tina Phan និង Tik Tok ឈ្មោះ Tina Phan៕

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច និង Tik Tok

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025