ថ្ងៃសៅរ៍ ទី១៦ ខែសីហា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី១៦ ខែសីហា ឆ្នាំ២០២៥
ទីបំផុតតារាកំប្លែងស្ងួត នាយ គ្រឿន ដាច់ចិត្តទម្លាយហេតុផលពិតពីក្រោយការឈប់ផលិតភាពយន្តខ្នាតធំ ដែលកន្លងមកធ្លាប់មានអ្នកទស្សនាគាំទ្រច្រើន។ច្រើនឆ្នាំមកហើយដែលប្រិយមិត្តទស្សនិកជនខកខានមិនបានទស្សនាស្នាដៃផលិតភាពយន្តរបស់តារាកំប្លែង នាយ គ្រឿន ជាអ្នកតែងនិពន្ធ និងដឹកនាំថតរឿងដោយផ្ទាល់។
«ជួបស៊យ វគ្គ៣» ជាស្នាដៃភាពយន្តចុងក្រោយគេដែលតារារូបនេះបានថត ហើយចាប់តាំងពីពេលនោះមកលោកបានផ្អាកមិនថតភាពយន្តខ្នាតធំថ្មីទៀតរហូតដល់សព្វថ្ងៃ។
ប្រាប់ឱ្យភីអិនអិនក្នុងកម្មវិធី Idol Fun House តារាកំប្លែងស្ងួត នាយ គ្រឿន ថា វាមានកត្តាគួបផ្សំតូចៗជាច្រើនដែលធ្វើឱ្យលោកសម្រេចចិត្តឈប់បន្តថតភាពយន្តខ្នាតធំទៀត។
ម៉្យាង ការថតភាពយន្តត្រូវការចំណាយពេលវេលាច្រើន ថវិកាក៏ច្រើនសន្ធឹក ខណៈដែលចំនូលដែលទទួលបានមកពីការចាក់បញ្ចាំងនៅមានកម្រិតមិនអាចទូទាត់គ្នាបាន។
ដោយសារហេតុផលខាងលើនេះ ធ្វើឱ្យ នាយ គ្រឿន រអាក្នុងការវិលត្រឡប់រកវិស័យភាពយន្តម្តងទៀត ដោយលោកអះអាងថា ប្រសិនបើគ្មានរូបភាព ឬរសជាតិថ្មីប្លែកផ្តល់ជូនទស្សនិកជននោះទេ លោកប្រហែលប្តូរមកជួយការងារពិក្រោយជំនួសវិញ តែមិនសម្តែងទៀតទេ។
ទោះមិនមានវត្តមានក្នុងខ្សែភាពយន្តខ្នាតធំដូចមុន តែ នាយ គ្រឿន នៅតែផ្តល់ភាពសប្បាយរីករាយដល់ប្រិយមិត្តទស្សនិកជនតាមរយៈការផលិតវីដេអូកំប្លែងខ្លីៗបង្ហោះលើបណ្តាញសង្គម និងការងារសិល្បៈផ្សេងៗទៀត ដូច្នេះពុកម៉ែបងប្អូននៅតែអាចសើចសប្បាយរីករាយជាមួយភាពកំប្លុកកំប្លែងរបស់ នាយ គ្រឿន ព្រោះលោកគ្រាន់តែផ្អាកថតរឿងប៉ុណ្ណោះ តែសម្រាប់ការងារសិល្បៈផ្សេងៗនៅទទួលធ្វើដូចធម្មតា៕
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច និងភីអិនអិន