ថ្ងៃសៅរ៍ ទី១៦ ខែសីហា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី១៦ ខែសីហា ឆ្នាំ២០២៥
អ្នកជំនាញដាំទុរេន នៅខេត្តបាត់ដំបង និងកសិករដាំទុរេន នៅខេត្តរតនគិរី មានសុទិដ្ឋិនិយមថា ការដឹកជញ្ជូនទុរេនកម្ពុជាតាមផ្លូវអាកាសទៅកាន់ទីផ្សារប្រទេសចិន និងអាចរក្សាបាននូវគុណភាពនិងរសជាតិរបស់ផ្លែទុរេន ថែមទាំងមាននិរន្តរភាពសម្រាប់កសិករជាអ្នកផលិតក្នុងស្រុក ត្រូវពង្រឹងសមត្ថភាពថែទាំឲ្យបានល្អសម្រាប់ការនាំចេញ។ ទុរេន ជាផ្លែឈើកំពុងទទួលបានការពេញនិយម និងកំពុងមានការដាំដុះកាន់តែច្រើននៅកម្ពុជា ទទួលបានការអនុញ្ញាតឱ្យនាំចេញដោយផ្ទាល់ទៅកាន់ប្រទេសចិន ជាផ្លូវការហើយ។ ផ្លែទុរេនស្រស់បានក្លាយជាកសិផលទី៩ របស់កម្ពុជា ដែលត្រូវបានអនុញ្ញាតឱ្យនាំចេញដោយផ្ទាល់ទៅកាន់ប្រទេសចិន បន្ទាប់ពីអង្ករ កន្ទក់ ចំណិតដំឡូងមីក្រៀម គ្រាប់ពោត ផ្លែចេក ផ្លែស្វាយ ផ្លែមៀន និងម្រេច។
តើទីផ្សារទុរេនរបស់កម្ពុជានឹងមានការប្រែប្រួលយ៉ាងណា ក្រោយទទួលបានការអនុញ្ញាតឱ្យនាំចេញដោយផ្ទាល់ទៅកាន់ប្រទេសចិន? ហើយអ្នកជំនាញ និងអ្នកដាំមានការរំពឹងបែបណាដែរ?លោក ប៊ុន នាង ជាកសិករដំាដុះដំណាំទុរេន នៅខេត្តបាត់ដំបង មានបទពិសោធន៍ ១០ឆ្នាំជាមួយដំណាំទុរេន ដាំបែបលក្ខណៈបុរាណដែលប្រជាពលរដ្ឋខ្មែរនិយមទទួលទាន ជាងការដាំដុះបែបសម័យថ្មី។ លើសពីនេះ ដំណាំទុរេននៅឆ្នាំនេះ មានតម្លៃដូចឆ្នាំមុន ចំនែកចំនួនដើមទុរេនដែលត្រូវផុចផលដល់ម្ចាស់ចំការគ្រប់តំបន់ មានចំនួនកើនឡើងប្រមាណ ៣០% រីឯ ចំនួនអ្នកដាំដុះថ្មីមានប្រមាណ ១០-២០% បើធៀបទៅនឹងឆ្នាំមុន។
ម្ចាស់ចំការរូបនេះ បានឲ្យក្រុមការងារ សេដ្ឋកិច្ចភីអិនអិនដឹងបន្ថែមថា សម្រាប់លោក ជាអ្នកដាំទុរេននៅក្នុងស្រុក លោក មានសុទិដ្ឋិនិយមថា ការដឹកជញ្ជូនទុរេនកម្ពុជាតាមផ្លូវអាកាសទៅកាន់ទីផ្សារប្រទេសចិន និងអាចរក្សាបាននូវគុណភាពនិងរសជាតិរបស់ផ្លែទុរេន ថែមទាំងមាននិរន្តរភាពសម្រាប់កសិករជាអ្នកផលិតក្នុងស្រុក ត្រូវពង្រឹងសមត្ថភាពថែទាំឲ្យបានល្អសម្រាប់ការនាំចេញ។ ម្ចាស់ចំការរូបនេះ បានឲ្យដឹងថា វាបានបង្ហាញសញ្ញាវិជ្ជមានដល់ល្អ ថែមទាំងមាននិរន្តរភាពសម្រាប់កសិករជាអ្នកផលិតក្នុងស្រុក នៅពេលកម្ពុជា អាចធ្វើការនាំចេញផ្លែទុរេនស្រស់ទៅកាន់ទីផ្សារប្រទេសចិនដោយផ្ទាល់ តាមរយៈផ្លូវអាកាស។ លើសពីនេះ ថ្វីត្បិតនេះជាសញ្ញាចាប់ផ្តើមក៏ពិតមែន ប៉ុន្តែអ្វីដែលលោកត្រូវធ្វើបន្ត គឺត្រូវពង្រឹងពីវិធីសាស្ត្រថែទាំសម្រាប់ការនាំចេញ ខណៈម្ចាស់ចំការទុរេនទាំងអស់ទទួលបានការលើកទឹកចិត្កពីប្រជាពលរដ្ឋ ដោយសង្កេតឃើញថា អ្នកទទួលទានទុរេនក្នុងស្រុក គិតពីបញ្ហាសុវត្ថិភាពជាចម្បង។
ម្ចាស់ចំការរូបនេះ បានបន្ថែមថា ប្រសិនបើការបញ្ជាទិញពីប្រទេសចិនកាន់តែច្រើន សម្រាប់ម្ចាស់ចំការធំៗក្នុងស្រុកមិនមានអ្វីចោទជាបញ្ហាឡើយ ពីព្រោះម្ចាស់ចំការក្នុងស្រុកតែងតែអនុវត្តវិធានការកសិកម្ម តាមរយៈការថែទាំដំណាំទុរេនតាមបែបបុរាណច្រើនជាង ការថែទាំតាមបែបសម័យថ្មី ខណៈការថែទាំតាមបែបបុរាណនេះទៀតសោត មិនមានអ្វីដែលអាចធ្វើឲ្យប៉ះពាល់ដល់ការបញ្ជាទិញឡើយ។ ដូច្នេះ ប្រជាពលរដ្ឋខ្មែរនៅតែនិយម និងគាំទ្រទុរេនក្នុងស្រុក ដែលជាហេតុធ្វើឲ្យម្ចាស់ចំការមិនមានការប្រឈមខ្ពស់ក្នុងការពិបាកលក់ ឬការពិបាករកទីផ្សារ និងមិនមានការប្រកួតប្រជែងតម្លៃជាមួយទុរេនដែលនាំចូល ហើយប្រជាពលរដ្ឋខ្មែរមានការយល់ដឹងច្រើន ថែមទាំងផ្តល់តម្លៃដល់អ្នកផលិតក្នុងស្រុក គាំទ្រផលិតផលខ្មែរ គឺថែរក្សាសេដ្ឋកិច្ចជាតិ។
ចំណែក លោក ហេង បញ្ញា ជាកសិករដំាដុះដំណាំទុរេន នៅខេត្តរតនគិរី បានលើកឡើងថា ក្នុងនាមលោកជាកសិករមួយរូប មានបទពិសោធន៍យូរឆ្នាំមកហើយ ទៅលើការដាំដំណាំទុរេននៅខេត្តរតនគិរី លោក បានបង្ហាញពីការពេញចិត្ត និងសប្បាយចិត្តយ៉ាងខ្លាំង ប្រសិនជាការនាំចេញផ្លែទុរេនស្រស់កម្ពុជា រឹតតែទទួលបានការគាំទ្រខ្លាំងពីសំណាក់ប្រជាជនចិនថែមទៀតនោះ ដោយចំណាយពេលវេលាក្នុងការដឹកជញ្ជូនមានរយៈពេលខ្លី និងមិននាំឲ្យបាត់បង់រសជាតិផ្លែទុរេន។ ក្នុងនោះ ការដាំដំណាំទុរេននៅកម្ពុជា នាពេលបច្ចុប្បន្នកំពុងតែពេញនិយម ដោយសារមានអតិថិជននៅក្នុងស្រុកជាច្រើន បានគាំទ្រទៅលើគុណភាព ការដាំលក្ខណៈបុរាណ និងមានសុវត្ថិភាព មិនប្រើគីមី។ ដូច្នេះ កសិករអាចរកប្រាក់ចំណូលបានច្រើន គឺក្នុង១ហិកតា អាចទទួលបានប្រមាណ ១-២ ម៉ឺនដុល្លារ ក្នុងលក្ខខណ្ឌនៃការដាំទុរេន ដោយអនុវត្តតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ និងទទួលបានទិន្នផលល្អ។
បន្ថែមពីលើនេះ លោកឧកញ៉ា ស៊ិន ចន្ធី អគ្គនាយកក្រុមហ៊ុនឡាញហល អេចប្រេស ខេមបូឌា បានគូសញ្ជាក់ថា កម្ពុជាបានធ្វើការសាកល្បងដឹកទុរេនចំនួន ២តោន តាមផ្លូវអាកាសទៅកាន់ប្រទេសចិន ដោយជោគជ័យ គឺបង្ហាញពីសញ្ញាវិជ្ជមានក្នុងការដឹកជញ្ជូន។ គ្រាន់តែថា ការដឹកជញ្ជូនតាមផ្លូវអាកាសនៅអាចរក្សាគុណភាពរបស់ផ្លែទុរេន តែបើនិយាយពីតម្លៃរៀងខ្ពស់ជាងការដឹកជញ្ជូនតាមផ្លូវទឹក ឬផ្លូវគោក។ លោកឧកញ៉ា ស៊ិន ចន្ធី មានក្តីរំពឹងថា នឹងមានការនាំចេញច្រើន ជាបន្ដបន្ទាប់ទៀត ព្រោះឃើញថា ភាគីចិន បានធ្វើការបញ្ជាទិញពីកម្ពុជាច្រើន ដែលអាចធ្វើឱ្យការដឹកជញ្ជូនតាមផ្លូវអាកាសមានការកើនឡើង។
ជាមួយគ្នានេះ ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា បានប្រកាសនៅលើបណ្តាញសង្គមរបស់ខ្លួន ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥នេះថា បច្ចុប្បន្ន កសិផលកម្ពុជាចំនួន ១៦មុខ ត្រូវបានអនុញ្ញាតក្នុងការនាំចេញទៅកាន់ទីផ្សារប្រទេសចិន ក្នុងនោះរួមមាន អង្ករ ដំឡូងមីស្ងួត ពោត ចេក ស្វាយ មៀន ដូង ម្រេច គ្រាប់ស្វាយចន្ទី ល្ង គ្រាប់ជី កៅស៊ូ ជលផលធម្មជាតិ ជលផលចិញ្ចឹម មច្ឆា និងទុរេន ដែលបង្ហាញពីសន្ទុះដ៏រឹងមាំ និងសមិទ្ធផលផ្លែផ្កាគួរកត់សម្គាល់នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
គួររំលឹកថា នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា បានថ្លែងប្រាប់អ្នកសារព័ត៌មាន ឱ្យដឹងថា កម្ពុជា បានចាប់ផ្តើមនាំចេញផ្លែទុរេនស្រស់ ជាលើកដំបូង ទៅកាន់ខេត្ដហ៊ីណាន ប្រទេសចិន ដោយក្នុងដំណាក់កាលសាកល្បងនាំចេញដំបូង គឺមានចំនួន ២តោន ខណៈឯកឧត្តម មានសុទិដ្ឋិនិយមខ្ពស់ថា ចំនួននេះ នឹងបន្តមានការកើនឡើងជាបន្តបន្ទាប់។ ការនាំចេញទុរេនតាមផ្លូវអាកាសជាលើកដំបូងនេះ ជាមធ្យោបាយមួយមានប្រសិទ្ធភាព ហើយកម្ពុជា អាចនាំចេញទុរេនស្រស់ទៅកាន់ប្រទេសចិន ដោយជើងហោះហើរប្រើរយៈពេលតែ ៤ម៉ោងប៉ុណ្ណោះ ដែលផ្ដល់ជូនដល់អ្នកបរិភោគ នូវភាពស្រស់នៃផ្លែទុរេន។
ទន្ទឹមនឹងនេះ គិតមកដល់បច្ចុប្បន្ននេះ ផ្លែទុរេនស្រស់ គឺជាកសិផលទី៩ របស់កម្ពុជា ដែលត្រូវបានអនុញ្ញាតឱ្យនាំចេញដោយផ្ទាល់ទៅកាន់ប្រទេសចិន បន្ទាប់ពីអង្ករ កន្ទក់អង្ករ ចំណិតដំឡូងមីក្រៀម គ្រាប់ពោត ផ្លែចេក ផ្លែស្វាយ ផ្លែមៀន និងម្រេច។ នេះគឺជាសមិទ្ធផលផ្លែផ្កា ដែលកើតចេញពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងចិន។សូមជម្រាបថា ប្រទេសកម្ពុជា មានផ្ទៃដីដាំដុះដំណាំទុរេនចំនួនប្រមាណជាង ១ម៉ឺន១ពាន់ ហិកតា ក្នុងនោះផ្ទៃដីប្រមូលផល មានចំនួនជាង ៧ពាន់ហិកតា ដែលអាចទទួលបរិមាណផលប្រមាណជាង ១២ម៉ឺនតោន ក្នុងមួយឆ្នាំ៕
អត្ថបទ៖ ថុន សុកេតុមាលា រូបភាព៖ អ៊ិន អាត និងឯកសារ