ថ្ងៃសៅរ៍ ទី១៦ ខែសីហា ឆ្នាំ២០២៥

រយៈពេល ៧ខែ វៀតណាម សម្រេចអតិរេកពាណិជ្ជកម្មជាង ១០ពាន់លានដុល្លារ 

១៤ សីហា ២០២៥ | សេដ្ឋកិច្ច

 

នាយកដ្ឋានការិយាល័យស្ថិតិវៀតណាម បានឱ្យដឹងថា ក្នុងរយៈពេល ៧ខែ វៀតណាម សម្រេចបានទំហំពាណិជ្ជកម្មជាង ៥១៤ពាន់លានដុល្លារអាមេរិក ដោយទទួលបានអតិរេកពាណិជ្ជកម្មចំនួនជាង ១០ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមការចុះផ្សាយដោយ សារព័ត៌មានក្នុងស្រុកវៀតណាម នៅថ្ងៃនេះ។

 

 

នាយកដ្ឋានការិយាល័យស្ថិតិវៀតណាម បានបង្ហាញថា ការនាំចេញ-នាំចូលសរុប របស់វៀតណាម ក្នុងរយៈពេល ៧ខែដំបូង ឆ្នាំ ២០២៥នេះ សម្រេចបានជាង ៥១៤ពាន់លានដុល្លារអាមេរិក ដែលក្នុងនោះការនាំចេញ មានកំណើន ១៤% និងនាំចូលមានកំណើន ១៨% ជាលទ្ធផលវៀតណាមសម្រេចអតិរេកពាណិជ្ជកម្មចំនួន ១០ពាន់លានដុល្លារអាមេរិក។

 


ក្នុងអំឡុងខែមករា ដល់ខែកក្កដា តម្លៃនៃការនាំចេញមានចំនួន ២៦២ពាន់លានដុល្លារអាមេរិក ក្នុងនោះមាន ៦៧ពាន់លានដុល្លារអាមេរិកពីអាជីវកម្មក្នុងស្រុក កើនឡើង ៦% និង ១៩៥ពាន់លានដុល្លារ (រួមទាំងប្រេងឆៅ) បានមកពីក្រុមហ៊ុនវិនិយោគបរទេស កើនឡើង ១៨%។ទន្ទឹមនឹងនេះ ប្រទេសវៀតណាម បានចំណាយប្រាក់ចំនួន ២៥២ពាន់លានដុល្លារអាមេរិកលើ ការនាំចូលក្នុងរយៈពេល ៧ខែចុងក្រោយនេះ កើនឡើង ១៨% ធៀបនឹងឆ្នាំមុន។

 


ការនាំចេញទំនិញឧស្សាហកម្មកែច្នៃ មានចំនួន ២៣២ពាន់លានដុល្លារ ស្មើនឹង ៨៨% នៃទំហំនាំចេញសរុប រីឯផលិតផលកសិកម្ម និងព្រៃឈើ ឈានដល់ ២២ពាន់លានដុល្លារ, ផលិតផលជលផល ៦ពាន់លានដុល្លារ, និងផលិតផលឥន្ធនៈ និងរ៉ែចំនួន ១,៦ពាន់លានដុល្លារ។

 


ទន្ទឹមនឹងនេះដែរ ការនាំចូលសម្ភារៈផលិតកម្ម ត្រូវបានគេប៉ាន់ប្រមាណថា មានចំនួន ២៣៦ពាន់លានដុល្លារ ដែលស្មើនឹង ៩៣% នៃទំហំនៃការនាំចូលសរុប។សហរដ្ឋអាមេរិក នៅតែជាទីផ្សារនាំចេញដ៏ធំបំផុតរបស់វៀតណាម អំឡុងពេល ៧ខែនេះ ខណៈ ប្រទេសចិន ជាអ្នកផ្គត់ផ្គង់ទំនិញដ៏ធំបំផុតសម្រាប់ប្រទេសវៀតណាម ជាមួយនឹងការនាំចូលមកកាន់វៀតណាម ប្រមាណ ១០០ពាន់លានដុល្លារអាមេរិក។

 


សូមជម្រាបថា ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម អះអាងធ្វើការកែលម្អយន្តការ និងគោលនយោបាយដែលមានស្រាប់ ដើម្បីជំរុញបរិយាកាសម៉ាក្រូសេដ្ឋកិច្ច ឱ្យកាន់តែអំណោយផលសម្រាប់ការនាំចេញ ជំរុញកំណើនការនាំចេញប្រកបដោយនិរន្តរភាព ធ្វើពិពិធកម្មទីផ្សារ ដើម្បីសម្រេចបាននូវទំនាក់ទំនងពាណិជ្ជកម្មប្រកបដោយតុល្យភាពជាមួយដៃគូរបស់វៀតណាម៕
 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025