ថ្ងៃសៅរ៍ ទី១៦ ខែសីហា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី១៦ ខែសីហា ឆ្នាំ២០២៥
ទីភ្នាក់ងារថាមពលអន្តរជាតិ បានព្យាករការផ្គត់ផ្គង់ប្រេងកើនដល់ ២,៥លានបារ៉ែលក្នុងមួយថ្ងៃ ក្នុងឆ្នាំ ២០២៥នេះ បន្ទាប់ពីបណ្តាប្រទេសផលិតប្រេង សម្រេចដំឡើងទិន្នផលប្រេងរបស់ខ្លួនជាបន្តបន្ទាប់។ នេះបើយោងតាមការចុះផ្សាយនៅថ្ងៃនេះដោយ សារព័ត៌មានអន្តរជាតិធំៗ។ទីភ្នាក់ងារថាមពលអន្តរជាតិ រំពឹងថា ការផ្គត់ផ្គង់ប្រេងពិភពលោក នឹងកើនឡើង ២លាន ៥សែនបារ៉ែលក្នុងមួយថ្ងៃ ក្នុងឆ្នាំ ២០២៥ កើនឡើងពី ២លាន ១សែនបារ៉ែល ដែលបានព្យាករណ៍ពីមុន។
ទីភ្នាក់ងារថាមពលអន្តរជាតិ បានបង្កើនការព្យាករណ៍របស់ខ្លួន សម្រាប់កំណើនការផ្គត់ផ្គង់ប្រេងនៅឆ្នាំនេះ បន្ទាប់ពីការសម្រេចចិត្តដោយក្រុមអ្នកផលិតប្រេង OPEC+ ក្នុងការបង្កើនផលិតកម្ម ហើយទីភ្នាក់ងារនេះ ក៏កាត់បន្ថយការព្យាករណ៍តម្រូវការប្រេង ដោយសារតែតម្រូវការចុះថមថយ នៅតាមបណ្តាប្រទេសសេដ្ឋកិច្ចសំខាន់ៗ។
ទីភ្នាក់ងារខាងលើ បានបន្តថា តម្រូវការប្រេងពិភពលោក នឹងកើនឡើងដល់ ៦៨ម៉ឺនបារ៉ែលក្នុងមួយថ្ងៃ ក្នុងឆ្នាំនេះ ធ្លាក់ចុះពី ៧០ម៉ឺនបារ៉ែលក្នុងមួយថ្ងៃ ដែលត្រូវបានព្យាករណ៍ពីមុន។
ទិន្នន័យចុងក្រោយបំផុតបង្ហាញពី តម្រូវការចុះថមថយ នៅទូទាំងបណ្តាប្រទេសសេដ្ឋកិច្ចសំខាន់ៗ ខណៈទំនុកចិត្តរបស់អ្នកប្រើប្រាស់នៅតែធ្លាក់ចុះ ដូច្នេះការស្ទុះងើបឡើងវិញយ៉ាងខ្លាំងនៃការផ្គត់ផ្គង់ប្រេង ហាក់ដូចជា បង្កើនគម្លាតកាន់តែឆ្ងាយ។
ទោះបីជាផលិតកម្មរបស់ OPEC+ កើនឡើងក៏ដោយ ក៏អ្នកផលិតប្រេងដែលមិនមែនជាអង្គការ OPEC នឹងបន្តដឹកនាំកំណើនការផ្គត់ផ្គង់ប្រេង ទូទំាងពិភពលោកនៅឆ្នាំនេះ និងឆ្នាំក្រោយ។
គួររម្លឹកថា ទីភ្នាក់ងារថាមពលអន្តរជាតិ បានបញ្ជាក់ថា ការកើនឡើងនៃសេដ្ឋកិច្ចសកល រួមជាមួយនឹងការលក់រថយន្តអគ្គិសនី នឹងកាត់បន្ថយកំណើនតម្រូវការប្រេងពិភពលោកដល់ទៅ ៦៥ម៉ឺនបារ៉ែលក្នុងមួយថ្ងៃ សម្រាប់ឆមាសទី ២ ឆ្នាំ២០២៥៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ