ថ្ងៃសៅរ៍ ទី១៦ ខែសីហា ឆ្នាំ២០២៥

ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម សម្រេចបាន ៤៧លានដុល្លារ នៅឆមាសទី១ ឆ្នាំនេះ

១៤ សីហា ២០២៥ | សេដ្ឋកិច្ច

 

រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២៥ ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា- អេមីរ៉ាតអារ៉ាប់រួម សម្រេចបានប្រមាណ៤៧ លានដុល្លារអាម៉េរិក ខណៈភាគីទាំងពីរ ក៏បានប្តេជ្ញាជំរុញកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយទ្វេភាគីឱ្យកាន់តែខ្លាំងថែមទៀត។

 

 

យោងតាមសិក្ខាសាលាផ្សព្វផ្សាយលើកទី២ ស្តីពីអត្ថប្រយោជន៍នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានលើកឡើងថា បើគិតក្នុងឆមាសទី១ ឆ្នាំ២០២៥ ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា- អេមីរ៉ាតអារ៉ាប់រួម សម្រេចបានសរុបប្រមាណ៤៧ លានដុល្លារអាម៉េរិក ខណៈកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម (CEPA) គឺជាសមិទ្ធផលប្រវត្តិសាស្រ្ត និងឧត្តមប្រយោជន៍សម្រាប់ជាតិ បន្ទាប់ពីបានចូលជាធរមានកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤។ 

 


ក្នុងឳកាសនោះ លោកជំទាវ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានបន្តថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម បានបន្តពង្រឹងមិត្តភាពដែលមានស្រាប់ជាប្រពៃណីរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម និងលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ តាមរយៈការធ្វើសេរីភាវូបនីយកម្មនៃពាណិជ្ជកម្មជាទំនិញ សេវាកម្ម និងវិនិយោគ ក៏ដូចជាការធានាសង្គតិភាពនៃស្តង់ដារនិងអនុលោមភាព កិច្ចសម្រួលពាណិជ្ជកម្ម និងការលុបបំបាត់របាំងពាណិជ្ជកម្ម សំដៅជំរុញខ្សែច្រវាក់ផ្គត់ផ្គង់ សម្រួលដល់លំហូរពាណិជ្ជកម្ម និងលើកទឹកចិត្តការវិនិយោគ។ ដោយឡែក ក្នុងកម្រិតតំបន់ កិច្ចព្រមព្រៀងនេះអាចជួយឱ្យកម្ពុជាបន្តធ្វើពិពិធកម្មទីផ្សារនាំចេញទំនិញទៅកាន់តំបន់មជ្ឈិមបូព៌ា និងអាហ្រ្វិក ដែលមានអ្នកប្រើប្រាស់ជិត ២ពាន់លាននាក់។

 


លើសពីនេះ លោកជំទាវ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានបង្ហាញពីសុទិដ្ឋិនិយមថា វិស័យឯកជនកម្ពុជានឹងអាចចូលរួមចំណែកយ៉ាងសំខាន់ក្នុងការប្រើប្រាស់ និងទាញយកអត្ថប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិសេដ្ឋកិច្ច ឱ្យមានលក្ខណៈទូលំទូលាយ និងស៊ីជម្រៅ តាមរយៈពាណិជ្ជកម្មទំនិញនិងសេវាកម្ម វិនិយោគ និងធុរកិច្ចទ្វេភាគី ដែលស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការពង្រឹងភាពប្រកួតប្រជែង ព្រមទាំងចូលរួមចំណែកគាំទ្រដល់ដំណើរការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចរបស់កម្ពុជានៅឆ្នាំ២០២៩ ខាងមុខ។

 


គួរជម្រាបថា បើតាមក្រសួងពាណិជ្ជកម្ម បានបង្ហាញថា ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួមក្នុងឆមាសទី១ នៃឆ្នាំ២០២៥នេះ មានសរុបប្រមាណ ៤៧ លានដុល្លាអាម៉េរិក ដោយការនាំចេញមាន ៣៦លានដុល្លារអាម៉េរិក និងនាំចូលមាន ១១លានដុល្លារអាម៉េរិក ដោយក្នុងនោះ កម្ពុជានាំចេញសម្លៀកបំពាក់ ស្បែកជើង កាបូប កៅស៊ូធម្មជាតិ និងទំនិញផ្សេងៗទៀត និងនាំចូលមកវិញនូវរ៉ែប្រើជាគ្រឿងចំហេះ ផលិតផលប្លាស្ទិក ថ្នាំជក់ កៅស៊ូសំយោគ និងទំនិញផ្សេងទៀត៕
 

 

 

 

 អត្ថបទ៖ ថុន សុកេតុមាលា រូបភាព៖ ឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025