ថ្ងៃសៅរ៍ ទី១៦ ខែសីហា ឆ្នាំ២០២៥

ក្រសួងពាណិជ្ជកម្ម កំពុងជំរុញការអភិវឌ្ឍលើផ្នែកកែច្នៃ និងការនាំចេញដំឡូងមីកម្ពុជា

១៤ សីហា ២០២៥ | សេដ្ឋកិច្ច

 

អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ក្រសួងពាណិជ្ជកម្ម កំពុងជំរុញនិងផល់ហិរញ្ញប្បទានដល់សហគ្រាសធុនតូច និងមធ្យម សម្រាប់ការអភិវឌ្ឍលើផ្នែកកែច្នៃ និងការនាំចេញដំឡូងមីកម្ពុជាទៅទីផ្សារក្រៅប្រទេស។  

 

 

ក្នុងកិច្ចពិភាក្សាការងារជាមួយក្រុមការងារនៃធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ម.ក (SME Bank) ដើម្បីរួមគ្នាជំរុញការអភិវឌ្ឍវិស័យដំឡូងមីកម្ពុជា ជាពិសេសផ្តោតលើផែ្នកកែច្នៃ និងការនាំចេញទៅកាន់ទីផ្សារអន្តរជាតិកាន់តែទូលំទូលាយ ឯកឧត្តម អ៊ុំ កុសល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ក្រសួងពាណិជ្ជកម្ម កំពុងជំរុញការអភិវឌ្ឍលើផ្នែកកែច្នៃ និងការនាំចេញដំឡូងមីកម្ពុជា សម្រាប់ជំរុញលទ្ធភាពបន្ថែម ក្នុងការផ្តល់ហិរញ្ញប្បទានសម្រាប់សហគ្រាសធុនតូច និងមធ្យមក្នុងវិស័យដំឡូងមី ក្នុងការជំរុញការអភិវឌ្ឍវិស័យដំឡូងមីកម្ពុជា ជាពិសេស ផែ្នកកែច្នៃ និងការនាំចេញទៅកាន់ទីផ្សារក្រៅប្រទេស។ 

 


ក្នុងកិច្ចប្រជុំនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានបង្ហាញគោលបំណង ស្វែងយល់បន្ថែមពីការអនុវត្តគោលនយោបាយជាតិស្តីពីដំឡូងមី ២០២០-២០២៥ រួមទាំងឱកាស និងបញ្ហាប្រឈមរបស់សហគ្រាសធុនតូច និងមធ្យមសម្រាប់ការនាំចេញ ពិនិត្យ ពិភាក្សា និងពិគ្រោះយោបល់លើការអភិវឌ្ឍគម្រោងហិរញ្ញប្បទានពាណិជ្ជកម្ម (Trade Finance Loan) សម្រាប់ជំរុញលទ្ធភាពបន្ថែមក្នុងការផ្តល់ហិរញ្ញប្បទានសម្រាប់សហគ្រាសធុនតូច និងមធ្យមក្នុងវិស័យដំឡូងមី និងពិភាក្សាការងារសហការផ្សេងៗ ក្នុងការជំរុញការអភិវឌ្ឍវិស័យដំឡូងមីកម្ពុជា ជាពិសេស ផែ្នកកែច្នៃ និងការនាំចេញទៅកាន់ទីផ្សារក្រៅប្រទេស។

 


លើសពីនេះ បើយោងតាមរបាយការណ៍អគ្គនាយកដ្ឋានកសិកម្ម បានបង្ហាញថា ក្នុងរយៈពេល ៧ខែ ឆ្នាំ២០២៥នេះ ការនាំចេញផលិតផលដំណាំកម្ពុជា ទៅក្រៅប្រទេសសម្រេចបានបរិមាណសរុបជាង ៨លានតោន ក្នុងនោះ ផលិតផលដំណាំក្រៅពីស្រូវ-អង្ករមានជាង ៤លានតោន ស្រូវមានជាង ៣លានតោន និងអង្ករមានជាង ៤២ម៉ឺនតោន ទៅកាន់ទិសដៅ ៨១ប្រទេស ដោយមានការកើនឡើងជាង ៣១% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ 

 


ការនាំចេញផលិតផលដំណាំក្នុងរយៈពេល ៧ខែ ឆ្នាំ២០២៥ ទោះបីមានកំណើនឡើងជាង ៣១%  តែផលិតផលដំណាំមួយចំនួនមានការថយចុះ ដែលបណ្តាលមកពីមូលហេតុទី១.ការនាំចេញដំឡូងមីស្រស់ថយចុះ ដោយសារប្រជាកសិករបំប្លែងពីដំឡូងមីស្រស់ទៅក្រៀម និងកែច្នៃ ជាម្សៅ ដើម្បីអាចរក្សាទុកបានយូរ និងមានតម្លៃខ្ពស់។ 

 


សូមជម្រាបថា ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៥នេះ ការនាំចេញដំឡូងមីក្រៀម មានការកើនឡើងជាង ៦០% និងម្សៅដំឡូងមី មានការកើនឡើងជាង ៧៣% បើបៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤៕
 

 

អត្ថបទ៖ ថុន សុកេតុមាលា រូបភាព៖ ឯកសារ  
 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025