ថ្ងៃសៅរ៍ ទី១៦ ខែសីហា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី១៦ ខែសីហា ឆ្នាំ២០២៥
តារាចម្រៀងកូរ៉េនិងតារាអន្តរជាតិរួមមាន Psy, Megan Thee Stallion, Spice Girls, និង Kesha ជាដើមនឹងត្រូវចាប់គូសម្រាប់ការប្រឡងប្រជែងក្នុងកម្មវិធីថ្មីរបស់ Apple TV+ នៅចុងខែនេះ។តារាចម្រៀង K-pop និងតារាចម្រៀងប៉ុបលំដាប់ពិភពលោកជាច្រើនរូបនឹងត្រូវសហការគ្នានៅក្នុងកម្មវិធីប្រឡងចម្រៀងឆ្លងវប្បធម៌ថ្មីសន្លាងដែលត្រៀមនឹងចាក់ផ្សាយតាម Apple TV+ ។
កម្មវិធីប្រកួតប្រជែងមានឈ្មោះថា "Kpopped" (ខេផប់) នឹងមានការចាប់គូគ្នារវាងតារាប៉ុបសកលជាមួយតារា K-pop ដោយបេសសកម្មរបស់ពួកគេគឺត្រូវផ្តល់ការសម្តែងដែលមានការរួមបញ្ចូលគ្នារវាងបទចម្រៀងល្បីរបស់ពួកគេរៀងៗខ្លួនក្នុងឆាកតែមួយ។
ការសម្តែងត្រូវបានធ្វើឡើងផ្ទាល់នៅចំពោះមុខទស្សនិកជននៅទីក្រុងសេអ៊ូល ដែលនឹងជាអ្នកបោះឆ្នោតជ្រើសរើសគូដែលឈ្នះក្នុងវគ្គនីមួយៗ។ យោងតាម Apple TV+ កម្មវិធីនេះនឹងមានសរុបចំនួន ៨ ភាគ ដោយនៅចុងបញ្ចប់នៃភាគនីមួយៗនឹងមានការសម្ដែងពិសេសពីសំណាក់ក្រុមចម្រៀងខេប៉ុបមួយក្រុម។
ក្រុម K-pop ដែលនឹងចូលរួមក្នុងកម្មវិធីនេះរួមមានក្រុម Billie, Itzy, Kep1er, JO1, Ateez, StayC, Kiss of Life និង Blackswan ។ ម្ចាស់បទ “Gangnam Style” Psy (សាយ) ក៏នឹងបង្ហាញខ្លួននៅក្នុងកម្មវិធីនេះផងដែរ។
ប៉ែកខាងតារាប៉ុបអន្តរជាតិវិញ នឹងមានការចូលរួមរបស់តារាចម្រៀង Megan Thee Stallion, Patti LaBelle, សមាជិកក្រុម Spice Girls Mel B និង Emma Bunton, Vanilla Ice, Taylor Dayne, Kesha, Eve, J Balvin, និង Kylie Minogue ជាដើម។
តារាសម្ដែងនិងជាតារាកំប្លែងកូរ៉េ Son Soo-jeong នឹងធ្វើជាពិធីករនៃកម្មវិធីនេះ។កម្មវិធី "Kpopped" នឹងចាប់ផ្ដើមចាក់ផ្សាយទូទាំងពិភពលោកនៅថ្ងៃទី ២៩ ខែសីហា តាមរយៈវេទិកា Streaming Apple TV+ ព្រមទាំងវេទិកា Streaming Tving របស់កូរ៉េផងដែរ ៕
ប្រែសម្រួល៖ វ៉ាន់ថន