ថ្ងៃសៅរ៍ ទី១៦ ខែសីហា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី១៦ ខែសីហា ឆ្នាំ២០២៥
ឧស្សាហកម្មរឿងអប់រំចិនខ្លីៗដែលកំពុងមានការរីកចម្រើនខ្លាំង បានពង្រីកគោលដៅវាយលុកទីផ្សារពិភពលោកជាមួយបច្ចេកទេសថតកាន់តែទំនើប និងប្រើរយៈពេលខ្លី។
ទីក្រុង Quzhou (ឈូចូវ) ដែលជាមជ្ឈមណ្ឌលផលិតរឿងភាគខ្លីៗនៅខេត្ត Zhejiang (ជឺជាំង) ភាគខាងកើតប្រទេសចិន កំពុងជំរុញវិស័យរឿងខ្លី និងពន្លឿនការពង្រីកភាពល្បីល្បាញជាសាកលរបស់ខ្លួនតាមរយៈសេវាកម្មឯកទេសផ្តោតលើការថតលឿន មាតិកា Trending និងការនាំចេញរឿងភាគខ្លីរបស់ចិនជាមួយនឹងបច្ចេកវិទ្យាផលិតកម្មកម្រិតខ្ពស់។
ក្នុងនោះក្រុមហ៊ុនទំនាក់ទំនងវប្បធម៌ Quzhou Meigao (ឈូចូវ ម៉ីកាវ) បានផលិតរឿងភាគខ្លីរាប់សិបរឿងក្នុងឆ្នាំកន្លងទៅ ខណៈគ្រប់រឿងសុទ្ធតែបានឈានចូលទៅក្នុងទីផ្សារអន្តរជាតិ។
បង្កើតឡើងក្នុងខែមិថុនាឆ្នាំមុន រោងចក្រផលិតកុន Meigao Short Drama Super Factory មានផ្ទៃក្រឡា ៦៦០០០ ម៉ែត្រការ៉េ និងអាចរៀបចំការថតបានជាង ២០០ ឆាកយ៉ាងល្អិតល្អន់ ដែលអនុញ្ញាតឱ្យការថតរហូតដល់ ៣០ គម្រោងអាចដំណើរការទៅបានក្នុងពេលតែមួយ។
អ្នកនាង Sun Yu (ស៊ុន យូ) ជាផលិតកររឿងខ្លីមួយរូប ដែលផលិតរឿងសម្រាប់ទីផ្សារអាមេរិកខាងជើង បច្ចុប្បន្នកំពុងថតរឿងភាគចំនួនពីរនៅរោងចក្រថតកុននេះ និងបានចែករំលែកថា កន្លងមកអ្នកនាងធ្លាប់ថតភាគច្រើននៅ Los Angeles ប៉ុន្តែនៅចិនគឺតម្លៃទាបជាងច្រើន គិតតែថ្លៃស្ទូឌីយោគឺទាបជាងពាក់កណ្តាលបាត់ទៅហើយ។ ដូច្នេះហើយ កាលវិភាគនៃការថតរឿងខ្លីដែលមានចំនួន ៦០ ភាគអាចកាត់បន្ថយពី ៩ ឬ ១០ ថ្ងៃមកតិចជាងមួយសប្តាហ៍។
ក្នុងនាមជាមជ្ឈមណ្ឌលផលិតដ៏ធំបំផុតរបស់ប្រទេសចិនសម្រាប់រឿងភាគខ្លី រោងចក្រនេះអាចបញ្ចប់ការថតរឿងចំនួន១ភាគក្នុងរយៈពេលត្រឹមតែ ៥ ម៉ោងប៉ុណ្ណោះ។ គំរូសេវាកម្ម One Stop ដ៏ទូលំទូលាយរបស់រោងចក្របានគ្របដណ្តប់តាំងពីដំណាក់កាលអភិវឌ្ឍន៍ស្គ្រីប ដំណាក់កាលថត ដំណាក់កាលកាត់ត និងដំណាក់កាលចែកចាយ។
ក្រៅពីនេះ នៅទីក្រុង Quzhou ដូចគ្នា ក៏មានក្រុមហ៊ុន Versatile AI Virtual Film Base ដែល មានផ្ដល់សេវាកម្មសម្រាប់ការថតបែបឆាកធំ ឬ large-scale set ដូចជាឈុតឆាកគ្រោះមហន្តរាយធម្មជាតិ រហូតដល់ឈុតឆាកសង្រ្គាម បង្កើតឡើងទាំងស្រុងដោយ AI នៅលើអេក្រង់ LED ទំហំធំដល់ ៥០០០ ម៉ែត្រការ៉េ ខណៈប្រតិបត្តិការផ្លាស់ប្ដូរឆាកគឺប្រើរយៈពេលត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ ៕
ប្រែសម្រួល៖ វ៉ាន់ថន