ថ្ងៃអង្គារ៍ ទី០៥ ខែសីហា ឆ្នាំ២០២៥

តារាកុងហ្វូស្រី Michelle Yeoh ចូលរួមបញ្ចូលសំឡេង 'Ne Zha II' ភាសាអង់គ្លេស

០៥ សីហា ២០២៥ | កម្សាន្ដ

 

តារាស្រីជើងចាស់ Michelle Yeoh បានចូលរួមជាអ្នកបញ្ចូលសំឡេងភាសាអង់គ្លេសសម្រាប់ភាពយន្តចិន 'Ne Zha II' ដែលគ្រោងចេញបញ្ចាំងនៅអាមេរិកនៅចុងខែនេះ។

 


ម្ចាស់ពានរង្វាន់អូស្ការម៉ាឡេស៊ី គឺតារាស្រី Michelle Yeoh (មីឈែល យ៉ូ) បានបង្ហាញមុខនៅទីក្រុង Los Angeles សហរដ្ឋអាមេរិក កាលពីថ្ងៃទី៤ ខែសីហា ដើម្បីចូលរួមកម្មវិធីសម្ពោធ Version ភាសាអង់គ្លេសរបស់ភាពយន្ត "Ne Zha II" ដែលជាភាពយន្តលេខ១ លើតារាង Box Office ប្រចាំឆ្នាំនេះជាមួយចំណូលសរុបជិត ១៩០០ លានដុល្លារ។ 

 


ស្ទូឌីយោ A24 របស់សហរដ្ឋអាមេរិកបានចាប់ដៃគូជាមួយក្រុមហ៊ុនចិន CMC Pictures ដើម្បីចែកចាយ Version ភាសាអង់គ្លេសនៃគំនូរជីវចលចិនដ៏ជោគជ័យនេះទៅកាន់រោងភាពយន្តនៅសហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី និងនូវែលសេឡង់នៅថ្ងៃទី ២២ ខែសីហា។ 

 


តារាល្បីៗដែលបានចូលរួមបញ្ចូលសំឡេងភាសាអង់គ្លេសសម្រាប់រឿងនេះរួមមានតារាស្រីវ័យក្មេង Crystal Lee ជាអ្នកបញ្ចូលសំឡេងតួអង្គ Ne Zha ខណៈតារាជើងចាស់ Michelle Yeoh បញ្ចូលសំឡេងជាតួម្ដាយ។ 

 


ផ្អែកតាមតារាង Box Office ពិភពលោក ខ្សែភាពយន្ត “Ne Zha II” បានវ៉ាដាច់ខ្សែភាពយន្តទាំងអស់ដែលចេញបញ្ចាំងក្នុងឆ្នាំនេះ រួមទាំងភាពយន្ត "Lilo & Stitch" ដែលជាប់ចំណាត់ថ្នាក់លេខ២ ជាមួយចំណូល ៩០០ លានដុល្លារ។ 

 


ភាពយន្តនេះគឺជាវគ្គបន្តពីភាគមួយដែលចេញក្នុងឆ្នាំ២០១៩ និងត្រូវបាននិពន្ធនិងដឹកនាំដោយលោក Yang Yu ដូចភាគមុនដែរ។ ច្រើនជាង ៩៩% នៃប្រាក់ចំណូលសរុបរបស់ភាពយន្តទេវកថាមួយនេះបានមកពីប្រទេសចិន ផ្ទុយស្រឡះពីខ្សែភាពយន្តហូលីវូដ ដែលជាធម្មតាត្រូវពឹងផ្អែកលើទីផ្សារទូទាំងពិភពលោក ៕ 
 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025