ថ្ងៃសៅរ៍ ទី០២ ខែសីហា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី០២ ខែសីហា ឆ្នាំ២០២៥
ជាលើកដំបូងនៃដំណើរទស្សនកិច្ចអមដោយការប្រគំតន្ត្រីនៅកម្ពុជា ក្រុមចម្រៀង K-POP បែបយុវវ័យ Nchive ធ្វើឱ្យអ្នកគាំទ្រ និងប្អូនៗសិស្សានុសិស្សានៅសាលាម្តុំពោធិចិនតុងពេញចិត្តជាខ្លាំង ក្រោយបានជួបសំណេះសំណាលផ្ទាល់ និងមានការសម្តែងយ៉ាងពិសេសមិនអាចបំភ្លេចបាន។
ធ្វើដំណើរមកកាន់ទឹកដីកម្ពុជាជាលើកដំបូងក៏ពិតមែន តែក្រុមចម្រៀងចម្រៀង K-POP បែបយុវវ័យ Nchive (អិនខាយ) ហាក់មានភាពស្និទ្ធស្នាលខ្លាំងជាមួយអ្នកគាំទ្រកម្ពុជាយើង ហើយក្រុមចម្រៀងនេះបានចំណាយពេលចុះទស្សនកិច្ចទៅកាន់សាលាមួយកន្លែងម្តុំពោធិចិនតុង ដើម្បីជួបសំណេះសំណាលជាមួយប្អូនៗសិស្សានុសិស្ស និងផ្តល់ការកម្សាន្តដល់ប្អូនៗថែមទៀតផង។ជាក់ស្តែង កាលពីព្រឹកថ្ងៃទី៣១ ខែកក្កដា ម្សិលមិញនេះ ក្រុមចម្រៀង K-Pop ផ្នែកបុរស Nchive (អិនខាយ) បានបកស្រាយចម្រៀងពីរោះៗជាច្រើនបទរបស់ពួកគេ អមដោយក្បាច់រាំដ៏រស់រវើក ថែមទាំងបានឆ្លើយសួរសំនួរពិសេសជាមួយពិធីការនីទៀតផង។
អ្វីដែលសំខាន់ Nchive (អិនខាយ) បានពញ្ញាក់អារម្មណ៍សិស្សានុសិស្សយ៉ាងខ្លាំង ដោយសមាជិកទាំង ៦រូប បាននាំគ្នាចុះមកច្រៀង និងសម្តែងនៅក្រោមឆាកជាមួយសិស្សានុសិស្ស បង្ហាញការស្និទ្ធស្នាលយ៉ាងខ្លាំង ធ្វើឱ្យគ្រប់គ្នារំភើបចិត្តស្រែកស្ទើរបែកសាលប្រគំតន្រ្តីតែម្តង។ជាងនេះទៅទៀត ក្រុមចម្រៀង K-POP បែបយុវវ័យនេះ ថែមទាំងបានថតរូបលេងកម្សាន្តជាមួយអ្នកគាំទ្រ និងបានរួមគ្នាសម្តែងបទពិសេសមួយ ទុកជាចំណងដៃដល់ប្អូនៗកំពុងសិក្សាថែមទៀតផង។
សូមជម្រាបឱ្យដឹងថា នេះជាដំណើរទស្សនកិច្ចដំបូងរបស់ក្រុមចម្រៀងកូរ៉េបែបយុវវ័យ Nchive (អិនខាយ) សម្រាប់ដំណើរទស្សនកិច្ចអមដោយការប្រគំតន្ត្រីនៅកម្ពុជា។ តាមគម្រោងសមាជិកទាំង ៦រូប របស់ Nchive គឺ Kang San , Ha L , Yuchan , Ju Youn , N និង E-an ចូលរួមព្រឹត្តការណ៍បើកដំណើរការកម្មវិធីជាផ្លូវការ AngkorLife នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ ខាងមុខនេះ នៅផ្សារទំនើបអូឡាំព្យារម៉ល ជាមួយការចុះហត្ថលេខាដល់ហ្វេនៗអ្នកគាំទ្រទៀតផង។
រឹតតែពិសេស ក្នុងដំណើរមកកម្ពុជារយៈពេល ២០ថ្ងៃនេះ Nchive (អិនខាយ) នឹងធ្វើដំណើរទៅលេងប្រាសាទអង្គរវត្ត ហើយក្រុមចម្រៀងបុរសនេះពិតជាស្រលាញ់ប្រទេសកម្ពុជា មកកម្ពុជាត្រឹមប៉ុន្មានថ្ងៃសោះម្នាក់ៗបានហាត់រៀននិយាយភាសាខ្មែរយើង និងបានយកមកនិយាយលេងជាមួយអ្នកគាំទ្រយ៉ាងសប្បាយរីករាយទៀងផង។
មិនទាន់អស់នៅឡើយទេ អំឡុងពេលមកកម្ពុជា ក្រុមចម្រៀង Nchive (អិនខាយ) ក៏នឹងមានការសម្តែងពិសេសនៅក្លឹបកម្សាន្តផងដែរ ដូច្នេះសម្រាប់អ្នកគាំទ្រដែលចង់មានឱកាសជួប idol ដោយផ្ទាល់អាចធ្វើការតាមដានព័ត៌មានលម្អិតលើទំព័រហ្វេសប៊ុកផ្លូវការ Nchive Official និង K’ve Entertainment ដែលជាទទួលបន្ទុករៀបចំកម្មវិធី «NCHIVE Promotion Cambodia Tour» របស់ក្រុម Nchive (អិនខាយ) ផ្ទាល់តែម្តង៕
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច