ថ្ងៃសុក្រ ទី១៨ ខែកក្កដា ឆ្នាំ២០២៥

បង្ហាញមុខ Harry Potter ជំនាន់ថ្មី ខណៈភាពយន្តភាគចាប់ផ្តើមថតផ្លូវការ

១៦ កក្កដា ២០២៥ | កម្សាន្ដ

 

ការផលិតរឿងភាគទូរទស្សន៍ថ្មី "Harry Potter" បានចាប់ផ្តើមដំណើរការថតផ្លូវការនៅភាគខាងជើងនៃទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ខណៈ HBO បានបញ្ចេញរូបថតក្នុងឯកសណ្ឋានផ្លូវការដំបូងរបស់តារាសម្តែង Dominic McLaughlin។

 


ទូរទស្សន៍អាមេរិក HBO ថ្មីៗនេះបានបញ្ជាក់ពីការចាប់ផ្តើមថតរឿង Harry Potter ដែលអ្នកគាំទ្រជុំវិញពិភពលោកទន្ទឹងរង់ចាំ រួមជាមួយនឹងការបង្ហាញមុខតួឯកប្រុស Dominic McLaughlin ក្នុងឯកសណ្ឋានគ្រូសិល្ប៍វ័យក្មេងប្រចាំសាលា Hogwarts និងវ៉ែនតាមូលស្ទីល Harry Potter ដែលគួរឲ្យស្រលាញ់ខ្លាំង។

 


នៅក្នុងរូបភាពនោះ តារាសម្ដែងវ័យ ១១ ឆ្នាំរូបនេះបានកាន់ផ្ទាំងបញ្ជាក់ពីការថតឈុតឆាកដំបូងរបស់រឿង Harry Potter ជាការបើកឆាកចូលទៅកាន់ពិភពវេទមន្តក្នុងយុគសម័យថ្មីជាផ្លូវការ ក្រោមការផលិតរបស់ Warner Brothers Studios ក្នុងប្រទេសអង់គ្លេស។ 

 


ដូចស៊េរីភាពយន្តសម្តែងដោយ Daniel Radcliffe ដែលរកចំណូលបាន ៧៧០០ លានដុល្លារទូទាំងពិភពលោកពីឆ្នាំ ២០០១ ដល់ឆ្នាំ ២០១១ ដែរ រឿងភាគថ្មីនេះគឺផ្អែកលើសៀវភៅប្រលោមលោកលក់ដាច់បំផុតរបស់អ្នកនិពន្ធ J.K. Rowling ដែលសម្រាប់រឿងថ្មីនេះ អ្នកស្រីក៏មានតួនាទីជាផលិតករប្រតិបត្តិមួយរូបដែរ។

 


បន្ថែមពីលើការបញ្ជាក់ពីការចាប់ផ្តើមថតរឿងរឿង Harry Potter និងការបង្ហាញពីរូបភាពដំបូងរបស់តួសម្តែង HBO ក៏បានប្រកាសសមាជិកអ្នកសម្ដែងបន្ថែមសម្រាប់តួនាទីផ្សេងទៀត រួមមាន Rory Wilmot ជាតួ Neville Longbottom, Amos Kitson ជាតួ Dudley Dursley, Louis Brealey ជាតួ Madam Rolanda Hooch និង Aonton Lesser ជាតួ Garrick Ollivand បន្ទាប់ពីមុននេះពួកគេបានប្រកាសសមាជិកអ្នកសម្ដែងដូចជា John Lithgow ជាតួ Albus Dumbledore និង Paapa Essiedu ជាតួ Severus Snape ។ ់

 


សូមបញ្ជាក់ថា រឿងភាគ Harry Potter ជំនាន់ថ្មីនេះត្រូវបានរំពឹងថានឹងដំណើរការថតរហូតដល់ខែឧសភាឆ្នាំក្រោយ ហើយនឹងបង្ហាញខ្លួនជាលើកដំបូងនៅលើវេទិកា HBO Max ក្នុងឆ្នាំ ២០២៧ ជាមួយនឹងការចាប់ផ្ដើមថតសម្រាប់រដូវកាលទី ២ ភ្លាមៗ ៕

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025