ថ្ងៃសុក្រ ទី១៨ ខែកក្កដា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី១៨ ខែកក្កដា ឆ្នាំ២០២៥
តារាចម្រៀងអាមេរិក Bruno Mars បានបង្កភាពភ្ញាក់ផ្អើល ខណៈបង្ហាញវត្តមានជាតារាចម្រៀងកិត្តិយសក្នុងការប្រគំតន្ត្រីទេសចរណ៍របស់ក្រុមនារីកូរ៉េ BLACKPINK នៅទីក្រុង Los Angeles កាលពីពេលថ្មីៗ។
តារាចម្រៀងអាមេរិក Bruno Mars បានចូលរួមសម្ដែងជាមួយ Rose (រ៉ូហ្សេ) ក្រុម BLACKPINK នៅលើឆាកតន្ត្រីទេសចរណ៍ខ្នាតធំរបស់ពួកគេក្នុងទីក្រុង Los Angeles សហរដ្ឋអាមេរិក។តារាចម្រៀងប្រុសវ័យ ៣៩ ឆ្នាំបានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលដោយការឡើងឆាកដើម្បីសម្តែងបទចម្រៀងឆ្លងឆ្លើយរបស់លោកជាមួយ Rose មានចំណងជើងថា “APT” នៅយប់ទី ២ នៃការប្រគំតន្ត្រីទេសចរណ៍ពិភពលោក “Deadline” របស់ BLACKPINK នៅពហុកីឡដ្ឋាន SoFi កាលពីថ្ងៃទី១៣ កក្កដា។
គួររំឭកថា បទ "APT" ធ្លាប់ហក់ឡើងដល់ចំណាត់ថ្នាក់លេខបីនៅលើតារាង Billboard Hot 100 របស់អាមេរិក និងចំណាត់ថ្នាក់លេខពីរនៅលើតារាងផ្លូវការរបស់ចក្រភពអង់គ្លេស។ ខណៈដែលបទនេះល្បីផ្ទុះខ្លាំងរហូតមានអ្នកចូលទស្សនាខ្ទង់ ១៨០០ លានដងនៅលើយូធូប ប៉ុន្តែការសម្ដែងនៅ LA នេះគឺជាលើកដំបូងហើយដែល Bruno Mars និង Rose បានឡើងសម្ដែងបទនេះលើឆាកតន្ត្រីផ្ទាល់រួមគ្នា បន្ទាប់ពីបានសម្ដែងបែបថតទុកសម្រាប់កម្មវិធីពានរង្វាន់ MAMA កាលពីចុងឆ្នាំ២០២៤។
មុនហោះទៅសម្ដែងនៅអាមេរិក BLACKPINK ក៏បានបង្ហាញបទចម្រៀងថ្មីរបស់ពួកគេមានចំណងជើងថា “Jump” នៅចំណតដំបូងនៃដំណើរប្រគំតន្ត្រីទេសចរណ៍ពិភពលោករបស់ពួកគេផងដែរ គឺនៅក្នុងទីក្រុង Goyang ប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃទី ៥ ខែកក្កដា មុនវីដេអូចម្រៀងផ្លូវការត្រូវបានចេញផ្សាយនៅថ្ងៃទី១១ ខែកក្កដា។
ការប្រគំតន្ត្រីទេសចរណ៍ Deadline របស់ BLACKPINK នឹងធ្វើដំណើរទៅកាន់ទីក្រុងចំនួន ១៦ ជុំវិញពិភពលោក ដោយនៅខែកក្កដានេះនឹងមានការសម្ដែងនៅទីក្រុង Chicago, Toronto និង New York មុននឹងបន្តទៅសម្តែងនៅប្រទេសផ្សេងទៀតរួមមានចក្រភពអង់គ្លេស បារាំង សិង្ហបុរី ជប៉ុន ព្រមជាមួយឆាកបិទបញ្ចប់ចុងក្រោយនៅហុងកុងក្នុងខែមករា ឆ្នាំ ២០២៦ ៕
ប្រែសម្រួល៖ វ៉ាន់ថន