ថ្ងៃអង្គារ៍ ទី០៨ ខែកក្កដា ឆ្នាំ២០២៥

អ្នកបុរាណវត្ថុចិន និងអ៊ូសបេគីស្ថាន រកឃើញវត្ថុបុរាណនៅជ្រលងភ្នំមួយនៅប្រទេសអ៊ូសបេគីស្ថាន

០៧ កក្កដា ២០២៥ | កម្សាន្ដ

អ្នកបុរាណវត្ថុចិន និងអ៊ូសបេគីស្ថានបានរកឃើញវត្ថុបុរាណមួយចំនួននៅជ្រលងភ្នំហ្វើហ្កាណា (Fergana) នៅប្រទេសអ៊ូសបេគីស្ថានកាលពីឆ្នាំ២០២៤នៅតាមបណ្ដោយផ្លូវសូត្របុរាណដែលជាការបង្ហាញអំពីទំនាក់ទំនងរវាងអាស៊ីខាងកើត និងអាស៊ីកណ្ដាលកាលពីសម័យដើម។

 

 


កាលពីខែកញ្ញា ឆ្នាំ២០២៤ ក្រុមបុរាណវិទ្យាចិន និងអ៊ូសបេគីស្ថានបានបើកការជីកកកាយនៅទីតាំងបុរាណដ្ឋានម៉េងចាក់តេផា (Mengchaktepa) ក្នុងប្រទេសអ៊ូសបេគីស្ថាននៅអាស៊ីកណ្ដាលដោយបានរកឃើញផ្នូរបុរាណចំនួនប្រាំមួយ និងគ្រឹះអគារបុរាណចំនួនពីរ ហើយកាលពីខែមករាដើមឆ្នាំ២០២៥ ក្រុមអ្នកជំនាញចិនបានត្រលប់ទៅធ្វើការងារនៅទីនោះវិញ និងបានអភិរក្សផ្នូរបុរាណទី២ផងដែរ។

 

 


ក្រៅពីផ្នូរខ្មោចបុរាណចំនួន៦ និងគ្រឹះអគារបុរាណទាំងពីរនេះ ក្រុមអ្នកបុរាណវិទ្យាក៏បានរកឃើញវត្ថុបុរាណផ្សេងៗទៀតរួមទាំងកាក់ទង់ដែងដែលមានចារឹកអក្សរចិនបុរាណ និងកញ្ចក់សំរិទ្ធដែលមានអាយុកាលតាំងពីរាជវង្សហានរបស់ប្រទេសចិននៅចន្លោះឆ្នាំ២០២មុនគ្រឹស្តសករាជ ដល់គ្រឹស្តសករាជឆ្នាំ២២០ផងដែរ។

 

 


លោក ហាន ហ៊ូរួយ (Han Huarui) ជំនួយការអ្នកស្រាវជ្រាវនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិនបាននិយាយថា ពួកគេបានធ្វើការដុះសម្អាតច្រែះនៅលើកាក់ស្ពាន់ និងកញ្ចក់សំរិទ្ធ។

 

 

 

កាក់មួយមានអក្សរចិន«វូស៊ូ» (Wuzhu)។ ពេលនេះពួកគេកំពុងស្រាវជ្រាវរកប្រភពដើមនៃរាជវង្សពិតប្រាកដរបស់កាក់នេះ និងថាតើវាបាននាំចូលទៅក្នុងប្រទេសអ៊ូសបេគីស្ថានតាមរយៈការផ្លាស់ប្តូរវប្បធម៌ឬយ៉ាងណា។ 

 

 


លោក លីវ ដាវ៉េ (Liu Dawei) ជំនួយការអ្នកស្រាវជ្រាវម្នាក់ទៀតនៅបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិនបាននិយាយថា ការស្រាវជ្រាវរបស់ពួកគេបង្ហាញថា តំបន់ម៉េងចាក់តេផាមិនសូវមានប្រពៃណីនៃការតម្បាញសូត្រក្នុងសម័យប្រវត្តិសាស្ត្រទេ ប៉ុន្តែតើពួកគេបានសំពត់សូត្រមកពីណា? នោះជាសំណួរដែលពួកគេកំពុងស្វែងរកចម្លើយរហូតមកដល់ពេលនេះ៕

 

 

ប្រែសម្រួល៖ ប៉ិច ស៊ីនួន

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025