ថ្ងៃព្រហស្បតិ៍ ទី០៣ ខែកក្កដា ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី០៣ ខែកក្កដា ឆ្នាំ២០២៥
ក្រោយមើលឃើញថា វិស័យ K-POP នៅ កម្ពុជា មានភាពរីកចម្រើន ក្រុមរាំស្រីកំពុងល្បីក្នុងស្រទាប់យុវវ័យ 4EVER សម្រុកចេញបទថ្មីអមដោយក្បាច់រាំរស់រវើកគួរឱ្យទាក់ទាញ។
ជាការពិតដែលពីមួយឆ្នាំទៅមួយឆ្នាំវិស័យ K-POP នៅ កម្ពុជា រឹតតែរីកលូតលាស់ខ្លាំងគួរឱ្យកត់សម្គាល់ ខណៈយុវវ័យស្រលាញ់ចូលចិត្តការរាំក៏បើកចិត្តទូលាយខ្លាំងជាងមុនក្នុងការទទួលយកការរាំចង្វាក់ K-POP នេះផងដែរ។
តាមការកត់សម្គាល់ គេឃើញក្រុមរាំថ្មីៗត្រូវបានបង្កើតឡើងរាល់ឆ្នាំ ហើយពួកគេតែងតែក្លាហានក្នុងការចូលរួមប្រកួតប្រជែងកម្មវិធីប្រឡងក្បាច់រាំផ្សេងៗ។ តួយ៉ាង កម្មវិធីប្រឡងរាំផ្សេងៗរបស់ផលិតកម្ម K’ve Entertainment តែងតែមានក្រុមរាំចូលរួមច្រើនកុះកររាល់ឆ្នាំតែម្តង។
ក្រឡេកទៅមើលស្រីស្អាត ៣ដួងក្នុងក្រុមរាំ 4EVER ឯណោះវិញ បានបង្ហាញសុទិដ្ឋិនិយមចំពោះវិស័យ K-POP នៅកម្ពុជា និងបានទទួលថា គ្រប់គ្នាពិតជាស្វែងយល់ដឹងពី K-POP ច្រើនជាងមុន និងមានអ្នកគាំទ្រការរាំចង្វាក់ K-POP ច្រើនជាងមុនប្រាកដមែននាពេលបច្ចុប្បន្ននេះ។
ស្របជាមួយគ្នានោះផងដែរ ដើម្បីតម្រូវទីផ្សារ និងកំដរអារម្មណ៍រីករាយរបស់អ្នកគាំទ្រ ថ្មីៗកន្លងទៅនេះ ក្រុមរាំនារីរូបស្រស់ 4EVER បានបញ្ចេញស្នាដៃចម្រៀងថ្មីមួយចំណងជើង «Silly Love Game» ដោយមានការបកស្រាយចម្រៀងដោយផ្ទាល់ពីសមាជិករូបស្រស់ទាំង ៣ អមដោយក្បាច់រាំដ៏រស់រវើក បង្ហាញចលនាក្បាច់រាំដ៏ទាក់ទាញ។
ក្រៅពីការផលិតចម្រៀងផ្ទាល់ខ្លួន គេឧស្សាហ៍ឃើញក្រុម 4EVER បញ្ចេញក្បាច់រាំ Dance Cover លើបទចម្រៀងល្បីៗផ្សេងទៀត ពិសេសបទ K-POP ល្បីៗទាន់សម័យកាល (On trend) លើបណ្តាញសង្គមផងដែរ ហើយក្រុមរាំបែបយុវវ័យនេះតែងបង្ហាញខ្លួនតាមកម្មវិធីផ្សេងៗជាមួយការតុបតែងខ្លួនបែបទំនើបស៊ីវិល័យទាក់ទាញតាមបែបយុវវ័ Gen Z គួរជាទីទាក់ទាញពីអ្នកជុំវិញខ្លួន៕
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច