ថ្ងៃអង្គារ៍ ទី០១ ខែកក្កដា ឆ្នាំ២០២៥
ថ្ងៃអង្គារ៍ ទី០១ ខែកក្កដា ឆ្នាំ២០២៥
ភាពយន្តភាគល្បីកូរ៉េ “Squid Game” បានរៀបចំក្បួនដង្ហែពិសេសដ៏ធំនៅកណ្ដាលទីក្រុងសេអ៊ូលដើម្បីអបអរការចេញផ្សាយរដូវកាលទី៣ ដែលជារដូវកាលចុងក្រោយ។
តារាសម្ដែងនិងតួអង្គពីរឿងភាគដ៏ល្បីរបស់ Netflix 'Squid Game' បានដើរដង្ហែក្បួនលើដងផ្លូវមួយចំនួនក្នុងទីក្រុងសេអ៊ូលកាលពីចុងសប្ដាហ៍កន្លងទៅ ក្នុងព្រឹត្តិការណ៍ជំនួបពិសេសរវាងអ្នកគាំទ្រជាមួយតារាសម្ដែង និងអ្នកដឹកនាំរឿង ដើម្បីអបអរសាទរការចេញផ្សាយរដូវកាលចុងក្រោយ។
ក្បួនដង្ហែនៅកណ្ដាលទីក្រុងសេអ៊ូលបានចាប់ផ្ដើមដោយមាននិមិត្តរូបគួរឱ្យចងចាំជាច្រើនពីភាពយន្តល្បែងមរណមួយនេះ រាប់ចាប់ពីតុក្កតាពិឃាត Young-hee រហូតដល់កងកម្លាំងឈុតពណ៌ផ្កាឈូក ។
បន្ទាប់ពីក្បួនដង្ហែ អ្នកដឹកនាំរឿងគឺលោក Hwang Dong-hyuk ព្រមទាំងសមាជិកអ្នកសម្ដែងក្នុងរដូវកាលទាំងបី ដូចជាតារាសម្ដែង Lee Jung-jae និង Lee Byung-hun ជាដើម បានចូលរួមក្នុងព្រឹត្តិការណ៍អបអរសាទរមួយនៅមុខសាលាក្រុងសេអ៊ូល។
អ្នកដឹកនាំ Hwang Dong-hyuk បាននិយាយនៅក្នុងព្រឹត្តិការណ៍នោះថា លោកបានបញ្ចូលអ្វីទាំងអស់ដែលខ្ញុំបានសន្សំយូរមកហើយទៅក្នុងរឿងភាគមួយនេះ ដូច្នេះលោកសោកស្តាយបន្តិចដែលទីបំផុតរឿងនេះត្រូវមកដល់ទីបញ្ចប់។ ទោះជាយ៉ាងណា វាក៏ជារឿងធូរស្រាលដែរសម្រាប់លោក ព្រោះទីបំផុតលោកក៏បានទម្លាក់សម្ពាយដ៏ធ្ងន់មួយចេញពីខ្លួនដូចគ្នា។
រយៈពេលត្រឹមមួយថ្ងៃបន្ទាប់ពីចេញផ្សាយ រដូវកាលទី៣ របស់ Squid Game បានទទួលការចូលទស្សនាជាច្រើនរហូតបានជាប់ចំណាត់ថ្នាក់លេខ១នៅ ៩៣ ប្រទេសជុំវិញពិភពលោក។
យ៉ាងណាមិញ ទន្ទឹមនឹងការសរសើរ រដូវកាលចុងក្រោយនេះក៏មានការរិះគន់យ៉ាងច្រើនដែរពីសំណាក់អ្នកវិភាគអន្តរជាតិនានាពាក់ព័ន្ធសាច់រឿងមិនសូវរំភើបដូចរដូវកាលដំបូង និងអាចទស្សន៍ទាយដឹងមុន ខណៈពិន្ទុ Rate នៅលើគេហទំព័រ Rotten Tomatoes ក៏មានចំនួនទាបជាងរដូវកាលទី១ និងទី២ ដែរ ៕
ប្រែសម្រួល៖ វ៉ាន់ថន