ថ្ងៃច័ន្ទ ទី៣០ ខែមិថុនា ឆ្នាំ២០២៥

ប្រទេសអ៊ុយក្រែនគ្រោងនឹងដកខ្លួនចេញពីអនុសញ្ញាហាមផលិត និងប្រើគ្រាប់មីនប្រឆាំងនឹងមនុស្ស

៣០ មិថុនា ២០២៥ | ព័ត៌មានអន្តរជាតិ

លោក ហ្សឺឡិនស្គី បាននិយាយក្នុងសារវីដេអូកាលពីយប់ថ្ងៃអាទិត្យថា លោកបានចុះហត្ថលេខាលើក្រឹត្យមួយដើម្បីដកអ៊ុយក្រែនចេញពីអនុសញ្ញាក្រុងអូតាវ៉ាដែលហាមឃាត់ការផលិត និងការប្រើប្រាស់គ្រាប់មីនប្រឆាំងនឹងមនុស្ស។ លោកបាននិយាយថា ការដកខ្លួនចេញពីអនុសញ្ញានេះគឺដោយសាររុស្ស៊ីដែលជាអ្នកឈ្លានពានលើអ៊ុយក្រែនមិនបានចូលរួមក្នុងអនុសញ្ញានេះទេ ធ្វើឱ្យរុស្ស៊ីហាក់មានប្រៀបជាខ្លាំងនៅក្នុងសង្គ្រាមនៅអ៊ុយក្រែន។

 

 

លោក ហ្សឺឡិនស្គី បានទទួលស្គាល់ថា អ៊ុយក្រែនក៏ដឹងអំពីភាពស្មុគស្មាញនៃនីតិវិធីក្នុងការដកខ្លួនចេញពីអនុសញ្ញានេះដែរ ប៉ុន្តែការសម្រេចចិត្តនេះនឹងផ្តល់សញ្ញាដល់ដៃគូនយោបាយរបស់អ៊ុយក្រែននូវអ្វីដែលពួកគេគួរតែផ្តល់អាទិភាព។ សូមរំលឹកថា អនុសញ្ញាក្រុងអូតាវ៉ានេះបានបង្កើតឡើងកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ១៩៩៧ ប៉ុន្តែអ៊ុយក្រែនបានចុះហត្ថលេខាលើអនុសញ្ញានេះនៅក្នុងឆ្នាំ២០០៥។ ការសម្រេចចិត្តរបស់លោក ហ្សឺឡិនស្គី នេះបានធ្វើឡើងក្រោយពីការស្នើសុំរបស់រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន ប៉ុន្តែលោក រ៉ូម៉េន កូស្តេនកូ សមាជិកសភាជាន់ខ្ពស់ម្នាក់បាននិយាយថា សំណើនេះនៅមិនទាន់ទទួលបានការអនុម័តពីសភានៅឡើយទេ។ លោក កូស្តេនកូ បាននិយាយថា នេះគឺជាជំហានមួយដែលការណ៍ពិតនៃសង្រ្គាមនៅអ៊ុយក្រែនបានទាមទារជាយូរមកហើយ ខណៈដែលរុស្ស៊ីដែលមិនមែនជាភាគីនៃអនុសញ្ញានេះកំពុងប្រើគ្រាប់មីនយ៉ាងច្រើនប្រឆាំងនឹងយោធា និងជនស៊ីវិលរបស់អ៊ុយក្រែន។ លោកបានបន្ថែមថា អ៊ុយក្រែនមិនអាចចងខ្លួនភ្ជាប់ទៅនឹងបរិយាកាសមួយដែលសត្រូវគ្មានការរឹតត្បិតបានឡើយ ដូច្នេះហើយសភាត្រូវតែសម្រេចចិត្តស្ដារសិទ្ធិរបស់អ៊ុយក្រែនឡើងវិញដើម្បីការពារដែនដីរបស់ខ្លួន៕

 

ប្រែសម្រួល៖ ប៉ិច ស៊ីនួន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025