ថ្ងៃច័ន្ទ ទី៣០ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃច័ន្ទ ទី៣០ ខែមិថុនា ឆ្នាំ២០២៥
យោធាអ៊ីស្រាអ៊ែល បានបញ្ជាឱ្យប្រជាជនប៉ាលេស្ទីនជម្លៀសចេញពីតំបន់ជាច្រើននៅភាគខាងជើងហ្គាហ្សានៅថ្ងៃអាទិត្យ(២៩មិថុនា) មុនពេលវាយប្រហារលើក្រុមហាម៉ាស់ ខណៈលោកប្រធានាធិបតីអាមេរិកDonald Trumpបានអំពាវនាវឱ្យបញ្ចប់សង្គ្រាមចំពេលមានកិច្ចខិតខំប្រឹងប្រែងជាថ្មីឱ្យមានបទឈប់បាញ់។
លោកTrumpសរសេរនៅលើបណ្តាញសង្គមអនឡាញTruth Socialនៅថ្ងៃអាទិត្យ យ៉ាងដូច្នេះ "Make the deal in Gaza, get the hostages back," ឬមានន័យថា «បង្កើតកិច្ចព្រមព្រៀងសម្រាប់តំបន់ហ្គាហ្សា,សង្គ្រោះចំណាប់ខ្មាំងត្រលប់មកវិញ»។
ប្រទេសសម្របសម្រួលកិច្ចព្រមព្រៀងបទឈប់បាញ់តំបន់ហ្គាហ្សា មានប្រទេសអេហ្ស៊ីប និងកាតា ក្រោមការគាំទ្ររបស់សហរដ្ឋអាមេរិក បានចាប់ផ្តើមកិច្ចខិតខំប្រឹងប្រែងជាថ្មីដើម្បីទទួលបានកិច្ចព្រមព្រៀងបទឈប់បាញ់ក្នុងបំណងបញ្ចប់សង្គ្រាមដែលមានរយៈពេល២០ខែមកនេះ និងសង្គ្រោះចំណាប់ខ្មាំងមានទាំងអ៊ីស្រាអ៊ែលនិងជនបរទេសដែលក្រុមហាម៉ាស់ឃុំខ្លួន។
យោងសារព័ត៌មានរ៉យទ័រ មន្ត្រីហាម៉ាស់ម្នាក់និយាយថា ក្រុមហាម៉ាស់បានជូនដំណឹងទៅអ្នកសម្របសម្រួលហើយថា ក្រុមហាម៉ាស់ត្រៀមរួចរាល់ជាស្រេចដើម្បីចាប់ផ្តើមកិច្ចពិភាក្សាបទឈប់បាញ់ ប៉ុន្តែបានបញ្ជាក់ជំហរទាមទាររបស់ក្រុមខ្លួនថា កិច្ចព្រមព្រៀងផ្សេងៗ ត្រូវតែបញ្ចប់សង្គ្រាម ហើយអ៊ីស្រាអ៊ែល ត្រូវតែដកចេញពីទឹកដីតំបន់ហ្គាហ្សា។
អ៊ីស្រាអ៊ែល យល់ឃើញថា អ៊ីស្រាអ៊ែលអាចបញ្ចប់សង្គ្រាមទៅបាន លុះត្រាណាតែក្រុមហាម៉ាសត្រូវបញ្ឈប់ប្រើអាវុធ និងរំលាយក្រុមហាម៉ាស់។ ហាម៉ាសបដិសេធទម្លាក់អាវុធ។
ប្រែសម្រួល៖ណាវ័ន្ត