ថ្ងៃច័ន្ទ ទី៣០ ខែមិថុនា ឆ្នាំ២០២៥

គូស្នេហ៍ Rihanna និង A$AP Rocky ចូលរួមសម្ពោធភាពយន្តគំនូរជីវចលថ្មី 'Smurfs'

៣០ មិថុនា ២០២៥ | កម្សាន្ដ

 

តារាចម្រៀង Rihanna និងគូស្នេហ៍គឺតារារ៉េប A$AP Rocky ស្ថិតក្នុងចំណោមតារាដែលចូលរួមក្នុងការបញ្ចាំងភាពយន្តថ្មី 'Smurfs' នៅទីក្រុងប្រ៊ុចសែល កាលពីថ្ងៃសៅរ៍ ទី២៨ ខែមិថុនា។

 


តារាចម្រៀង Rihanna និងគូស្នេហ៍គឺតារារ៉េប A$AP Rocky បានបង្ហាញវត្តមានរួមគ្នាដើម្បីចូលរួមពិធីសម្ពោធបញ្ចាំងលើកដំបូងសម្រាប់ភាពយន្តគំនូរជីវចល 'Smurfs' ដែល Rihanna បានចូលរួមបញ្ចូលសំឡេងនិងច្រៀងបទចម្រៀង OST។

 


ភាពយន្តគំនូរជីវចលបែប musical និង Live Action ថ្មីនេះត្រូវបានផលិតដោយផ្អែកលើស៊េរីសៀវភៅត្លុកមានចំណងជើងដូចគ្នា ខណៈសាច់រឿងសង្ខេបគឺនិយាយពីបេសកកម្មរបស់ក្រុមតុក្កតា Smurf ដែលត្រូវធ្វើដំណើរចូលទៅកាន់ពិភពមនុស្សលោកដើម្បីរំដោះសមាជិកសំខាន់ម្នាក់របស់ខ្លួនដែលត្រូវបានតួអង្គអាក្រក់ចាប់យកទៅ។

 


ចូលរួមបញ្ចូលសំឡេងសម្រាប់តួឯកស្រី ឈ្មោះ Smurette តារាចម្រៀង Rihanna បាននិយាយនៅក្នុងពិធីសម្ពោធថា នាងពិតជាស្រលាញ់តួអង្គនេះណាស់ ព្រោះតួឯកស្រីនេះមានភាពជាអ្នកដឹកនាំ គឺជាចៅហ្វាយនាយ ប៉ុន្តែមានភាពទន់ភ្លន់ និងតែងតែលើកទឹកចិត្តអ្នកជុំវិញខ្លួនបានយ៉ាងល្អ។

 


ពិធីសម្ពោធបញ្ចាំងកាលពីថ្ងៃសៅរ៍កន្លងទៅនេះក៏មានការចូលរួមពីសំណាក់តារាសម្ដែងសញ្ជាតិកាណាដា Daniel Levy និងតារាសម្ដែងជនជាតិអង់គ្លេស James Corden ផងដែរ ដែលសុទ្ធតែជាអ្នកបញ្ចូលសំឡេងក្នុងភាពយន្តគំនូរជីវចលមួយនេះ ដែលដឹកនាំដោយផលិតករ Chris Miller។

 


គួររំឭកថាតួអង្គតុក្កតាមនុស្សខៀវ Smurfs ត្រូវបានអ្នកគំនូរជីវចលបែលហ្ស៊ិក Pierre Culliford ដែលបានប្រើនាមប៉ាកាថា Peyo បង្កើតឡើងជាលើកដំបូងក្នុងឆ្នាំ១៩៥៨ ជាតួអង្គរាយរងនៅក្នុងសៀវភៅរឿងវីរបុរសវ័យចំណាស់ Johan និង Peewit ។ភាពយន្ត "Smurfs” គ្រោងនឹងចេញបញ្ចាំងទូទាំងពិភពលោកចាប់ពីថ្ងៃទី ១៨ ខែកក្កដា ៕

 

 


 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025