ថ្ងៃសៅរ៍ ទី២៨ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី២៨ ខែមិថុនា ឆ្នាំ២០២៥
តារាចម្រៀងជួរមុខអាមេរិក Katy Perry និងគូស្នេហ៍គឺតារាសម្ដែងល្បីឈ្មោះ Orlando Bloom ត្រូវបានរាយការណ៍ថាបានចែកផ្លូវគ្នាហើយ បើយោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយជាច្រើនកាលពីថ្ងៃទី២៦ ខែមិថុនា។
គូស្នេហ៍មួយគូនេះចាប់ផ្ដើមទំនាក់ទំនងស្នេហាតាំងពីឆ្នាំ២០១៦ និងបានប្រកាសភ្ជាប់ពាក្យជាមួយគ្នាខែកុម្ភៈ ឆ្នាំ ២០១៩ ព្រមទាំងមានកូនស្រីម្នាក់ជាមួយគ្នាឈ្មោះ Daisy ដែលបច្ចុប្បន្នមានអាយុ ៤ ឆ្នាំ។
សារព័ត៌មាន Reuters បានទាក់ទងស្នើសុំការបញ្ជាក់ព័ត៌មាននេះ ប៉ុន្តែតំណាងរបស់តារាទាំងពីរមិនបានឆ្លើយតបភ្លាមៗនោះទេ ដោយនៅចុងសប្ដាហ៍នេះ Orlando Bloom បានធ្វើដំណើរទៅទីក្រុង Venice ដើម្បីចូលរួមពិធីមង្គលការមហាសេដ្ឋី Jeff Bezos ខណៈ Katy Perry កំពុងតែមមាញឹកជាមួយការប្រគំតន្ត្រីទេសចរណ៍ "The Lifetimes Tour" របស់នាង ក្នុងទីក្រុង Adelaide ប្រទេសអូស្ត្រាលីនៅល្ងាចថ្ងៃទី២៦ ខែមិថុនា។
គូស្នេហ៍មួយគូនេះបានបង្ហាញមុខរួមគ្នាលើកចុងក្រោយកាលពីខែមីនាឆ្នាំនេះ ដោយបានចូលរួមក្នុងពិធីជប់លៀងក្រោយពានរង្វាន់ Oscars Vanity Fair ជាមួយគ្នា។
មុនមកជួបគ្នា អ្នកទាំងពីរសុទ្ធតែធ្លាប់ឆ្លងកាត់ការរៀបការពីមុន ដោយ Katy Perry បានរៀបអាពាហ៍ពិពាហ៍ជាមួយតារាសម្តែង Russell Brand ពីឆ្នាំ ២០២០ ដល់ ២០១២ ខណៈ Orlando Bloom ធ្លាប់មានចំណងអាពាហ៍ពិពាហ៍ជាមួយតារាម៉ូដែល Miranda Kerr ពីឆ្នាំ ២០១០ ដល់ ២០១៣។
កាលពីខែមេសា Katy Perry និងស្ត្រីប្រាំរូបទៀត រួមទាំងភរិយាមហាសេដ្ឋី Jeff Bezos អ្នកស្រី Lauren Sanchez បានធ្វើដំណើរទៅកាន់ទីអវកាសតាមរយៈយានរ៉ុក្កែត Blue Origin និងបានវិលត្រឡប់មកផែនដីវិញដោយជោគជ័យ ដែលក្លាយជាការហោះទៅកាន់ទីអវកាសរបស់អ្នកដំណើរជាស្ត្រីលើកដំបូងក្នុងរយៈពេលជាង ៦០ ឆ្នាំចុងក្រោយ ៕
ប្រែសម្រួល៖ វ៉ាន់ថន