ថ្ងៃសុក្រ ទី២៧ ខែមិថុនា ឆ្នាំ២០២៥

ក្រុមចម្រៀងរ៉េបវ័យក្មេង La Cima Cartel កាន់តែមានទំនុកចិត្តពីទីផ្សារចម្រៀងក្រោយរួមដៃគ្នាជាមួយតារាផ្សេងទៀតបង្កើតរូបភាពបែបថ្មី!

២៦ មិថុនា ២០២៥ | កម្សាន្ដ

 

 សមាជិកក្រុមចម្រៀងរ៉េបល្បីឈ្មោះ La Cima Cartel ថ្មីៗនេះទើបបង្ហើបឱ្យដឹងថា ឆាប់ៗនេះគ្រប់គ្នានឹងបានស្តាប់ស្នាដៃបទចម្រៀងថ្មីជាច្រើន ច្រើនរសជាតិពីសមាជិក La Cima Cartel ក្នុងនោះអាចនឹងមានការ collaborate ជាមួយសិល្បករក្រៅប្រទេសទៀតផង។

 

 

ខាងលើនេះជាការបង្ហើបដោយផ្ទាល់ពី លោក All3rgy (អលជ្ជី) សមាជិកក្រុមចម្រៀងរ៉េបល្បីឈ្មោះ La Cima Cartel ជុំវិញស្នាដៃចម្រៀងថ្មីៗដែលត្រៀមបញ្ចេញលើទីផ្សារនាពេលឆាប់ៗខាងមុខនេះ ដើម្បីបម្រើអារម្មណ៍ប្រិយមិត្តទស្សនិកជន ពិសេសអ្នកគាំទ្រស្មោះស្ម័គ្ររបស់ក្រុម La Cima Cartel។ 

 

 

តាមការបញ្ជាក់របស់សមាជិក លោក All3rgy (អលជ្ជី) ថា La Cima Cartel មិនដែលធ្វើឱ្យអ្នកគាំទ្រខកបំណងចំពោះស្នាដៃថ្មីៗឡើយ ព្រោះសមាជិកម្នាក់ៗបានខិតខំរិះរកគំនិតច្នៃប្រតិដ្ឋថ្មីមកបញ្ជូលក្នុងបទភ្លេង និង រសជាតិចម្រៀងថ្មីប្លែកឱ្យជឿនលឿនស័ក្កសមនឹងរបត់សង្គមយុវវ័យសម័យថ្មីផងដែរ។ 

 

 

រឹតតែពិសេស ថ្មីៗនេះ Plus 855 Music ទើបប្រកាសសិល្បករទោលទាំង ៣រូបទៀតជាសមាជិកពេញសិទ្ធិ រួមមាន៖ មន្ត្រីយ៍ ឯក , ឌីលុច និងកញ្ញា ចាន់ ស្រីខួច ដែលអ្នកទាំង៣ នឹងមករួមដំណើរទៅមុខយ៉ាងវែងឆ្ងាយជាមួយ La Cima Cartel ក្នុងការពង្រីកសក្កានុពលវិស័យចម្រៀងខ្មែរឱ្យរឹតតែមានភាពរីកចម្រើនទៅមុខជាដរាប។

 

 

តាមគម្រោងផែនការដែល លោក ស៊ីវ រិទ្ធី ស្ថាបនិក និងជានាយកគ្រប់គ្រង Plus 855 Music បានចង្អុលបង្ហាញក្នុងពិធីសម្ពោធជាផ្លូវការ Plus 855 ស្នាដៃចម្រៀងថ្មីរបស់ក្រុម La Cima Cartel នឹងចាប់ផ្តើមចេញចម្រៀងរបស់ All3rgy (អលជ្ជី) រួចទើបបន្តទៅសិល្បករបន្តបន្ទាប់តាមខ្សែបន្ទាប់ដែលក្រុមហ៊ុនបានកំណត់ទុក។

 

 

គ្រប់គ្នាបានបង្កើតរសជាតិចម្រៀងថ្មីរៀងៗខ្លួន បញ្ចូលដោយអារម្មណ៍មនោសញ្ចេតនា និងការរៀបរាប់បង្កប់អត្ថន័យអ្វីម៉្យាងសម្រាប់អ្នកស្តាប់ រួមទាំងការព្យាបាលផ្លូវចិត្តផងដែរ។

 

 

ឆ្លៀតឱកាសនេះ លោក All3rgy សូមថ្លែងអំណរគុណដល់អ្នកគាំទ្រទាំងអស់ដែលតែងតែគាំទ្ររាល់ស្នាដៃបទចម្រៀងរបស់ក្រុម La Cima Cartel តាំងពីចំនុចចាប់ផ្តើមរហូតមកទល់ពេលនេះ ហើយឆាប់ៗនេះលោកអ្នកនឹងបានរីករាយសន្តាប់បទចម្រៀងថ្មីៗជាច្រើនបទ ដែលក្នុងនោះអាចនឹងមានការ collaborate ជាមួយសិល្បករក្រៅប្រទេសថែមទៀតផង៕

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025