ថ្ងៃសុក្រ ទី២៧ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី២៧ ខែមិថុនា ឆ្នាំ២០២៥
ពិព័រណ៌សៀវភៅ Big Bad Wolf Books បានត្រឡប់មកជាថ្មី សម្រាប់ឆ្នាំ២០២៥នេះ ជាមួយវត្តមានសៀវភៅជាង ១លានក្បាល និងជាង ២ម៉ឺនចំណងជើង។ ពិព័រណ៌នេះធ្វើឡើងនៅក្នុងផ្សារបុរីរុងរឿង ចាប់ពីថ្ងៃទី ២៦មិថុនា ដល់ថ្ងៃទី ៦ ខែកក្កដា ឆ្នាំ២០២៥ ដែលភាគច្រើនជាសៀវភៅភាសារបរទេសសម្រាប់កុមារ និងមានឪពុកម្តាយជាច្រើននាំកូនៗរបស់ខ្លួនមកទិញសៀវភៅនៅក្នុងពិព័រណ៌នេះ ដើម្បីបណ្តុះការអានដល់ពួកគេ។
ពិព័រណ៌សៀវភៅខ្នាតធំ Big Bad Wolf Books បានត្រឡប់មកជាថ្មីជាមួយវត្តមានសៀវភៅជាង ១លានក្បាល និងជាង ២ម៉ឺនចំណងជើង។ ពិព័រណ៌នេះ ធ្វើឡើងនៅក្នុងផ្សារបុរីរុងរឿង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ២៦មិថុនា ដល់ថ្ងៃទី ៦ខែកក្កដា ឆ្នាំ ២០២៥។
ក្នុងឱកាសបើកដំណើរការពិព័រណ៌សៀវភៅនៅព្រឹកថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២៥នេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានលើកឡើងពីសារៈសំខាន់ នៃសៀវភៅ ដែលជាផ្នែកមួយបណ្តុះការអាន។ ឯកឧត្តមក៏គាំទ្រចំពោះការរៀបចំពិព័រណ៌លក់សៀវភៅ Big Bad Wolf Books នេះ ដែលជាផ្នែកមួយលើកកម្ពស់ការសិក្សារៀនសូត្រ និងបណ្តុះទម្លាប់នៃការអាន។ ឯកឧត្តម ក៏អំពាវនាវឱ្យប្រជាជនកម្ពុជា ចូលរួមពិព័រណ៌សៀវភៅនេះឱ្យបានកុះករ និងត្រូវបណ្តុះទម្លាបនៃការអាន ឱ្យក្លាយជាទម្លាប់ពេញមួយជីវីត។
ជាមួយគ្នានេះ លោកស្រី ម៉ារីណា ជាពលរដ្ឋមកពីខណ្ឌសែនសុខមួយរូប បានលើកឡើងថា ការរៀបចំជាពិព័រណ៌ដែលមានសៀវភៅដ៏សម្បូរបែប និងភាគច្រើនជាសៀវភៅកុមារបែបនេះ គឺពិតជាប្រសើរ ដើម្បីឱ្យឪពុកម្តាយយកចិត្តទុកដាក់ បណ្តុះទម្លាប់ឱ្យកូនៗអាន និងស្រឡាញ់សៀវភៅតាំងពីកុមារមក។
សូមបញ្ជាក់ដែរថា ពិព័រណ៌សៀវភៅ Big Bad Wolf Books នេះធ្វើឡើងចាប់ពីថ្ងៃទី ២៦ ខែមិថុនា ដល់ថ្ងៃទី ៦ខែកក្កដា ឆ្នាំ ២០២៥ នៅក្នុងផ្សារបុរីរុងរឿង ស្ថិតនៅក្នុងខណ្ឌជ្រោយចង្វារ។ ពិព័រណ៌នេះ បើកលក់សម្រាប់ថ្ងៃ ចន្ទ ដល់ថ្ងៃព្រហស្បតិ៍ ចាប់ពីម៉ោង ១០ព្រឹក ដល់ម៉ោង ១០យប់ និងសម្រាប់ថ្ងៃសុក្រ ដល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ១០ព្រឹក ដល់ម៉ោង ១២យប់៕
អត្ថបទ៖ អ៊ីសា ហាសាណះ, រូបភាព៖ ហ៊ុន សុជាតា